កុមារគឺជាស្រទាប់មនុស្សវ័យក្មេងបំផុត និងជាអ្នកបន្តវេនទៅអនាគតសម្រាប់ដឹកនាំ ប្រទេសជាតិ ឬគេច្រើនប្រើពាក្យថាកុមារគឺជាទំពាំងស្នងឫស្សីជាដើម។
ដើម្បីជាការក្រើនរំលឹកបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ លើកស្ទួយសិទ្ធិកុមារ និងរួមគ្នាការពារកុមារ ក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានប្រារព្ធនូវទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី៦២ នាឆ្នាំ២០១១នេះ។
ប្រធានកម្មវិធីសិទ្ធិកុមារនៃគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ លោក លី សំណាង បានវាយតម្លៃថា ស្ថានភាពកុមារកម្ពុជា រាប់តាំងពីការគោរពសិទ្ធិ និងការទទួលបានសេវាផ្សេងៗរបស់កុមារកាន់តែមានភាពល្អប្រសើរពីឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ លោកថា មានកុមារជាច្រើនកំពុងជួបប្រទះនូវការរំលោភបំពាន និងខ្វះការជួយគាំទ្រពីសង្គមនៅឡើយ។
លោក លី សំណាង មានប្រសាសន៍បន្ថែម ៖ «ការប្រើប្រាស់គ្រឿងញៀន ការរំលោភបំពានសិទ្ធិក្នុងការចូលរួមរបស់កុមារ ក្នុងការធ្វើការសម្រេចចិត្តដែលជាសិទ្ធិមួយនៅក្នុងចំណោមសិទ្ធិផ្សេងៗ ដែលគេចែងក្នុងអនុសញ្ញា ដូចជាការចូលរៀនអ៊ីចឹង ទោះបីថា រដ្ឋាភិបាលគាត់បានខិតខំប្រឹងប្រែង ឬក៏ប្ដេជ្ញាចិត្តជាមួយក្រោមការជ្រោមជ្រែងពីអង្គការសង្គមស៊ីវិល ការចូលរៀននៅតែមានបញ្ហា មានន័យថា ការចូលរៀនរបស់យើងអត់ទាន់ ១០០% ទេ»។
លោក លី សំណាង បានបន្តថា ដើម្បីឲ្យកុមារទទួលបានសិទ្ធិពេញលេញបាន លុះត្រាតែមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលធ្វើការលើវិស័យកុមារ និងក្រុមគ្រួសារ។
លោក ជា ពីដែន នាយកប្រតិបត្តិអង្គការគាំពារកុមារដែលងាយទទួលរងគ្រោះ មានប្រសាសន៍ថា ក្រៅពីស្ថានភាពសង្គម និងភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ អាណាព្យាបាលក៏ជាចំណែកមួយនាំ ឲ្យកុមាររងគ្រោះ និងបាត់បង់ឱកាសទទួលបានចំណេះវិជ្ជា នៅពេលដែលពួកគេភ្លេចខ្លួន ៖ «នៅតាមជនបទ គ្រួសារក្រីក្រនៅមួយចំនួនទៀត គាត់អត់មានមុខរបរ មានបញ្ហាច្រើនទាក់ទងនឹងការអប់រំរបស់កូន ទាក់ទងសុខភាព គាត់អត់មានចំណូល ជួនកាលគាត់ចំណាកស្រុកផ្សេងៗ មកក្រុងអត់បានគិតគូរដល់កូន ធ្វើឲ្យមានបញ្ហាច្រើន ឪពុកម្ដាយគាត់មានអំពើហិង្សា គាត់ផឹកស្រា លេងល្បែង វាយគ្នាអ៊ីចឹង អត់គិតគូរកូន ហ្នឹងជាបញ្ហាមួយ»។
ដោយសារតែមានការព្រួយបារម្ភពីកុមារកម្ពុជា ថានៅតែប្រឈមនូវបញ្ហាមួយចំនួន ដូចជាអំពើជួញដូរ បញ្ហាគ្រឿងញៀន អំពើហិង្សាលើកុមារ ពលកម្មកុមារ ភាពក្រីក្រ គុណភាពអប់រំ ខ្វះអាហារូបត្ថម្ភ និងជំងឺតម្កាត់ផ្សេងៗនោះ ទាំងក្រុមអង្គការមិនមែនរដ្ឋាភិបាល និងក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធនានា ក៏បានសហការគ្នាប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា នេះដែរ។
ឯកសារមួយចំនួនបានសរសេរទាក់ទង និងប្រវត្តិនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា នេះថា គឺដើម្បីរំលឹកឡើងវិញនូវឧក្រិដ្ឋកម្មឃោរឃៅ ព្រៃផ្សៃរបស់ពួកហ្វាស៊ីសហ៊ីត្លែ ដែលបានសម្លាប់ប្រជាជន និងកុមារចំនួន ១៩២នាក់ នៅភូមិលីឌីស៊ែ ប្រទេសឆែក និងដុតកុមារទាំងរស់ចំនួន ២០០នាក់ ក្នុងភូមិអ៊ូរ៉ាឌូ ប្រទេសបារាំង។ សកម្មភាពនេះ បានធ្វើឲ្យមនុស្សជាតិទាំងអស់រួមគ្នា ក្រោកឈរ ប្រឆាំង ថ្កោលទោសចំពោះទង្វើនេះ និងចងចាំជានិច្ច។
រីឯប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រជាជន និងកុមារ ក៏បានទទួលរងនូវអំពើឧក្រិដ្ឋកម្មនៅរបបប្រល័យពូជសាសន៍ផងដែរ។
ប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងបានប្រារព្ធទិវានេះ ចាប់ពីថ្ងៃ១ មិថុនា ឆ្នាំ១៩៤៩ គិតមកដល់ពេលនេះមានចំនួន ៦២លើកមកហើយ។ នៅឆ្នាំ២០១១ នេះ រដ្ឋាភិបាលបានសម្រេចយកថ្ងៃប្រារព្ធទិវានេះ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំវិញ បន្ទាប់ពីមិនអនុញ្ញាតឲ្យបានឈប់សម្រាកតាំងពីឆ្នាំ២០០៧ មក និងដោយមានសំណើសុំពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនោះ។
ទាក់ទងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច និងមន្ត្រីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីធ្វើសេចក្ដីរាយការណ៍ពីការតាមដានការអនុវត្តសិទ្ធិកុមារនៅកម្ពុជា ទៅកាន់គណៈកម្មការអង្គការសហប្រជាជាតិស្ដីពីកុមារ។
នាយកប្រតិបត្តិអង្គការគាំពារកុមារដែលងាយទទួលរងគ្រោះ លោក ជា ពីដែន បានបញ្ជាក់ទៀតថា ថ្ងៃ១ មិថុនា ពុំមែនគ្រាន់តែជាថ្ងៃឈប់សម្រាក ឬជាថ្ងៃជួបប្រជុំគ្នានោះទេ ក៏ប៉ុន្តែគឺជាថ្ងៃបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវរិះរកយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ក្នុងការទប់ស្កាត់ការរំលោភបំពានលើកុមារ ៖ «ទាក់ទងស្ថានភាពកុមារ យើងឃើញថា ប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលយើងចាប់អារម្មណ៍ថាប្រសើរ គឺមានព័ត៌មានគ្រប់គ្រាន់ក្នុងការជួយក្មេង ក្នុងការធ្វើអន្តរាគមន៍ផ្សេងៗ»។
ជំរឿនទូទៅនៅប្រជារាស្ត្ររបស់ប្រទេសកម្ពុជា ឆ្នាំ២០០៨ ដែលជាការស្រាវជ្រាវចុងក្រោយ បានបង្ហាញថា អត្រាកុមារកម្ពុជាមានចំនួន ៤១% នៃប្រជាជនសរុបប្រហែល ១៤លាននាក់។
ចំណែកឯកុមារជាទណ្ឌិត និងជាពិរុទ្ធជននៅតាមពន្ធនាគារវិញ ក៏មានការយកចិត្តទុកដាក់ពីមន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួនផងដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក ហ៊ម ស៊ុនរិទ្ធ បានថ្លែងថា ពន្ធនាគារពុំមែនជាទីកន្លែងសម្រាប់កុមារ និងអនីតិជនទេ ពីព្រោះប្រព័ន្ធនេះក្នុងពេលបច្ចុប្បន្នពុំទាន់អាចផ្ដល់តម្រូវការជាមូលដ្ឋានដល់កុមារឡើយ។
លោកបន្តថា ៖ «ការអប់រំនេះជាការសំខាន់ណាស់សម្រាប់មណ្ឌលអប់រំកែប្រែ ជាពិសេសគឺរឿងការបង្កើតវិជ្ជាជីវៈសម្រាប់ពួកគេដែលអាចប្រកបមុខរបរនៅពេលពួកគេចេញទៅវិញ ហ្នឹងជាចំណុចគន្លឹះ។ យើងកំពុងតែធ្វើ ប៉ុន្តែមិនទាន់បានសព្វគ្រប់នៅក្នុងកម្មវិធីពន្ធនាគារក្នុងប្រទេសទេ»។
ស្ថិតិរបស់រដ្ឋាភិបាលគិតមកដល់ខែមេសា ឆ្នាំ២០១១ បង្ហាញថា មានអ្នកទោសជាអនីតិជនប្រមាណជា ៧៣០នាក់ ដែលបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារចំនួន ២៥ របស់ប្រទេសកម្ពុជា។
នៅថ្ងៃទី១ មិថុនា ទិវាកុមារអន្តរជាតិនេះ អង្គការលីកាដូ ក៏បានចែកចាយម្ហូបអាហារ និងសម្ភារៈដល់កុមារ រួមទាំងស្ត្រីមានផ្ទៃពោះនៅតាមពន្ធនាគារចំនួន ១៤ ក្នុងប្រទេសកម្ពុជាទៀតផង៕