គយ​ចល័ត​ក្រុង​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​ចាប់​ទំនិញ​បង្ខំ​ឲ្យ​បង់​ប្រាក់

ជន​ពិការ​ជើង​ឆ្វេង​ម្នាក់​បាន​ចោទ​ក្រុម​គយ​ចល័ត​ក្រុង​ប៉ោយប៉ែត ៥​នាក់​ថា បាន​ចាប់​ទំនិញ​ខោ​អាវ​ដែល​គាត់​ស៊ីឈ្នួល​ដឹក​តាម​រទេះ​ឲ្យ​គេ​បន្តិច​បន្តួច ពី​ផ្សារ​រុងក្លឿ​ថៃ​ឆ្លង​ចូល​ដី​ខ្មែរ យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ទីស្នាក់ការ​គយ រួច​បង្ខំ​ឲ្យ​លោក​បង់​លុយ​ជាង​១​ពាន់​ដុល្លារ។

0:00 / 0:00

លោក ញឹម ចាន់ អាយុ​៤៦​ឆ្នាំ ពិការ​ជើង​ឆ្វេង បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា លោក​បាន​ដឹក​អីវ៉ាន់​ឲ្យ​គេ​មាន​ស្បែក​ជើង ១​កេស សាប៊ូ ១​កេស និង​ខោអាវ ៤​ដុំ ពី​ផ្សារ​រុងក្លឿ​ថៃ បង់​លុយ​ឲ្យ​គយ​ខ្មែរ​នៅ​មាត់​ច្រក ១២​ម៉ឺន​រៀល ថ្លៃ​ខោ​អាវ ៤​ដុំ រួច​ក៏​ដឹក​បន្ត​មក​ដល់​ផ្សារ​រ៉ា គយ​ចល័ត​៥​នាក់​បាន​ចាប់​ឃាត់​ឲ្យ​បង់​លុយ​ទៀត។

លោក ញឹម ចាន់ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​បង់​ពី​ក្នុង​មក​ហើយ បង់​គយ​ប្រាសាទ។ គយ​ប្រាសាទ​វា​គិត ១​ដុំ ៣​ម៉ឺន បួន​បី​ដង វា​១២។ ខ្ញុំ​បង់​ពី​ខាង​ប្រាសាទ​ហើយ​មក​ចាប់​ខ្ញុំ​ទៀត វា​មិន​ដែល​មាន​អ៊ីចឹង! ហើយ​ខ្ញុំ​ថា អា​ប៉ិក​ខុម​ហ្នឹង (រង​ទីស្នាក់ការ​គយ) វា​បញ្ជា​កូន​ចៅ​វា​ឲ្យ​យក​ទៅ​តែម្ដង!»

លោក​បន្ត​ថា ក្រុម​គយ​បាន​ចាប់​ខោ​អាវ ៤​ដុំ ទម្ងន់ ៣១០​គីឡូ​ក្រាម យក​ទៅ​ទុក​នៅ​ទីស្នាក់ការ ហើយ​ថ្លឹង​គីឡូ​បង្ខំ​ឲ្យ​លោក​បង់​លុយ​ក្នុង ១​គីឡូ​ក្រាម ថ្លៃ​៣,៦​ដុល្លារ សរុប​ជា​ទឹក​ប្រាក់​ប្រមាណ ១​ពាន់​ដុល្លារ តែ​លោក​មិន​មាន​លុយ​បង់ គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​ឲ្យ​គេ។

មន្ត្រី​គយ​ចល័ត​ទាំង ៥​នាក់​ដែល​រង​ការ​ចោទ​នោះ​មាន​ឈ្មោះ នង សុខុម, ឆាយ យ៉ាត, អ៊ាង ញ៉ឹម, អ៉ាវ គឹម ផា និង នួន ប៊ុនលី។

លោក ឆាយ យ៉ាត ជា​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ខាង​លើ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្តារ​ជុំវិញ​ករណី​ខាង​លើ​នេះ​ទេ តែ​បញ្ជាក់​ថា ការ​ចាប់​ខោ​អាវ​៤​ដុំ​ខាង​លើ​គឺ​មាន​បទបញ្ជា​ពី​លោក ជួប អេន ប្រធាន​ទីស្នាក់ការ​គយ​ច្រក​ទ្វារ​ប៉ោយប៉ែត ៖ «មេ​ស្នាក់ការ មេ​គាត់​បញ្ជា​មក​ពី​លើ​ទៀត។ ខ្ញុំ​កូន​ចៅ​អត់​ដឹង​ផែនការ!»

លោក ជួប អេន ប្រធាន​ទី​ស្នាក់ការ​គយ​ច្រក​ទ្វារ​ប៉ោយប៉ែត មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​រោទ៍​ពុំ​មាន​អ្នក​ទទួល។

លោក ស៊ុម ចាន់គា មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​មាន​ប្រសាសន៍​រិះគន់​ថា ករណី​ខាង​នេះ​គឺ​ជា​ការ​ចាប់​ជំរិត ពីព្រោះ​ថា ខោ​អាវ​ដែល​ជន​ពិការ​រូប​នោះ​ដឹក​ចូល​មក​ដី​ខ្មែរ​ត្រូវ​បាន​បង់​លុយ​ឲ្យ​គយ​ខ្មែរ​នៅ​មាត់​ច្រក​រួច​ហើយ។

លោក ស៊ុម ចាន់គា បាន​បញ្ជាក់​ថា ៖ «យើង​ឃើញ​ថា គាត់​ជា​ជន​ពិការ​ផង ហើយ​គាត់​បាន​ប្រើប្រាស់​នូវ​កម្លាំង​របស់​គាត់​ដែល​មាន​បន្តិច​បន្តួច​សម្រាប់​ដោះ​ដូរ​យក​លុយ​កាក់​សម្រាប់​ចិញ្ចឹម​ជីវិត។ យើង​ឃើញ​ថា អំពី​បទល្មើស​ដែល​ទាក់ទង​ទៅ​គាត់​ល្មើស​ច្បាប់ គឺ​មិន​មាន​ទេ ដោយសារ​តែ​គាត់​បាន​បង់​ត្រឹមត្រូវ​ទៅ​ដល់​គយ​ច្រក​រួច​អស់​ហើយ»

សមាគម​អាដហុក​បាន​រិះគន់​ថា ក្រុម​គយ​ចល័ត​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​ជា​ច្រើន​ករណី​ក្នុង​ការ​ចាប់​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​លក់​ដូរ​បន្តិច​បន្តួច​ជំរិត​យក​លុយ​ជា​បន្ត​បន្ទាប់ ដែល​ករណី​នេះ​លោក​ទាមទារ​ឲ្យ​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​ត្រូវ​ពិនិត្យ និង​ចាត់​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព៕