លោក រ៉ុង ឈុន បន្តថា ការចុះពិនិត្យមើលព្រំដែនលេខ ១៣០, ១៣១ ប្រសិនរកឃើញថា បានចូលមកទឹកដីខ្មែរដូចពលរដ្ឋអះអាងមែននោះ រូបលោកនឹងធ្វើរបាយការណ៍សរុបពីការបាត់បង់ទឹកដីនៅតាមខេត្តមួយចំនួនទៀត ដាក់ជូនរដ្ឋាភិបាល រដ្ឋសភា និងព្រះមហាក្សត្រខ្មែរ ដើម្បីផ្អាកសកម្មភាពបោះតម្រុយបង្គោលព្រំដែន រង់ចាំរកដំណោះស្រាយ។
លោក រ៉ុង ឈុន មានប្រសាសន៍បន្ថែម ៖ «យើងឃើញបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម យើងឃើញមានភាពមិនប្រក្រតីច្រើន។ ករណីបោះបានជាង ២០០បង្គោល ភាគច្រើនបានចូលមកក្នុងទឹកដីកម្ពុជាយើង អាហ្នឹងហើយដែលយើងត្រូវដោះស្រាយនៅចំពោះមុខ»។
លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារជាង ៣ខែ កាលពីឆ្នាំ២០០៥ បណ្ដាលមកពីរិះគន់សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លើសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥។ កាលពីដើមខែធ្នូ លោកធ្លាប់បានចុះទៅពិនិត្យមើលព្រំដែនកម្ពុជា-វៀតណាម លេខ១០៩ នៅខេត្តកំពង់ចាម និងបង្គោលតម្រុយព្រំដែនលេខ២៧០ នៅខេត្តតាកែវ ដោយអះអាងថា ការបោះបង្គោលលេខ១០៩ បានចូលដីចម្ការកសិករខ្មែរជាង ២០០ម៉ែត្រ។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានមានប្រសាសន៍ថា សកម្មភាពបោះតម្រុយបង្គោលព្រំដែនប្រទេសទាំងពីរ កម្ពុជា-វៀតណាម កំពុងធ្វើសកម្មភាពរាល់ថ្ងៃ ដោយមិនបង្អង់ឡើយ។ លោកបញ្ចេញប្រតិកម្មដោយសួរទៅមន្ត្រីបក្សប្រឆាំង ឬសង្គមស៊ីវិលថា តើមានជំនាញអ្វីដែលចុះទៅពិនិត្យតម្រុយបង្គោលព្រំដែន ហើយដឹងថា បាត់បង់ទឹកដីនោះ?
លោកមានប្រសាសន៍បន្ថែម ៖ «យើងទៅឈប់បោះបង្គោលដោយខ្លាចថា ប៉ះដីអ្នកនេះដីអ្នកនោះ។ ខ្ញុំសួរថា បោះបង្គោលព្រំដែន បើមិនប៉ះដីខាងយើង ខាងគេក៏ប៉ះ មិនមែនប៉ះអីតែខាងយើង។ គេប៉ះម៉េចគេអនុញ្ញាតឲ្យបោះបាន? ហើយខាងយើងម្ដេចក៏បោះមិនបាន? ខ្ញុំសួរថា ដីហ្នឹងជាដីកម្មសិទ្ធិ ឬដីអី។ ដីនៅតាមព្រំដែនមិនដែលអនុញ្ញាតឲ្យមានកម្មសិទ្ធិនរណាទេ បោះបង្គោលវាតែងតែប៉ះហើយ គឺជៀសមិនរួចទេ។ រឿងចលនាលោក រ៉ុង ឈុន ពួកណាអីទៅធ្វើអីផ្ដេសផ្ដាសប្រឆាំងនឹងចលនាបោះបង្គោល ដើម្បីឲ្យបានចប់នៅឆ្នាំ២០១២ អាហ្នឹងវាទៅមិនរួចទេ អាហ្នឹងយើងអត់ទទួលកើតទេ»។
ការបោះតម្រុយបង្គោលព្រំដែនលេខ១០៩ និង ២៧០ ស្ថិតនៅចំណុចដំរីផុង ក្នុងឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម និងនៅភូមិអញ្ចាញ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ក៏ត្រូវបានមន្ត្រីគណបក្ស សម រង្ស៊ី អះអាងថា បានធ្វើឲ្យភូមិខ្មែរមួយចំនួនបាត់ចូលទឹកដីវៀតណាម កើតពីការបោះបង្គោលព្រំដែននេះ។
មន្ត្រីគណបក្សប្រឆាំងឲ្យដឹងថា បច្ចុប្បន្ននេះគណបក្សកំពុងរៀបចំរបាយការណ៍ដែលបង្ហាញពីការបាត់បង់ទឹកដីបណ្ដាលមកពីការបោះតម្រុយព្រំដែនកម្ពុជា-វៀតណាម ដាក់ថ្វាយព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រមទាំងដាក់ជូនរដ្ឋសភា និងរដ្ឋាភិបាលសប្ដាហ៍ខាងមុខ។
មន្ត្រីគណៈកម្មាធិការព្រំដែនកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា មានគម្រោងបោះបញ្ចប់តម្រុយបង្គោលព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម ដែលមានចំនួន ៣៧៥បង្គោលឲ្យរួចរាល់ជាស្ថាពរនៅត្រឹមឆ្នាំ២០១២៕