ខ្យល់​ព្យុះ​សម្លាប់​ប្រជាជន​ភូមា​ជាង ២​ម៉ឺន​នាក់

ចំនួន​អ្នក​ស្លាប់​នៅក្នុង​ប្រទេស​ភូមា​ដោយសារ​គ្រោះថ្នាក់​ខ្យល់ព្យុះ Nargis បាន​កើន​ដល់​ជាង​២​ម៉ឺន ២​ពាន់ ៥​រយ​នាក់​ហើយ ។

0:00 / 0:00

ប៉ុន្តែ ប្រភព​ពី​អង្គការ​សង្រ្គោះ​កុមារ Save the children បាន​និយាយ​ពី​ប្រទេស​ថៃ​មក​ថា ចំនួន​តួលេខ​មនុស្ស​ស្លាប់​នឹង​មាន​ទៅ​ដល់ ៥​ម៉ឺន​នាក់ ។

នៅជាមួយគ្នា​នោះ​ដែរ មន្ត្រី​ក្រុង​រ៉ង់ហ្គូន​បាន​រាយការណ៍​មក​ថា ចំនួន​អ្នក​បាត់​ខ្លួន​ក៏​បាន​កើន​ដល់​ប្រមាណ ៤​ម៉ឺន ១​ពាន់​នាក់​នោះ​ថែមទៀត ។

គេ​ជឿ​ថា ចំនួន​មនុស្ស​ស្លាប់ និង​មាន​ច្រើន​ជាងនេះ​ទៅទៀត​ដោយសារ​តែ​ខ្យល់​ព្យុះ បាន​នាំ​ទឹកជំនន់​ប្រមាណ​ជាង ៣​ម៉ែត្រ​កន្លះ លិច​លង់​ភូមិ​អ្នកស្រុក ហើយ​នៅ​ជាមួយគ្នា​នោះ​ដែរ ចំនួន​អ្នកស្រុក​ដែល​បាន​ស្លាប់​ដោយសារ​តែ​សត្វ​ពស់​ចឹក ក៏​ត្រូវ​គេ​រាយការណ៍​មក​ថែម​ទៀត ។

ប្រភពពី​វិទ្យុ​អាស៊ីសេរី​ភាសា​ភូមា បាន​រាយការណ៍​មក​ថា នៅឯ​ក្នុង​កន្លែង​ឃុំឃាំង​មួយ​ក្នុង​ក្រុង​រ៉ង់ហ្គូន ឆ្មាំ​ល្បាត​គុក បាន​បាញ់​សម្លាប់​អ្នកទោស​ចំនួន ៣៦​នាក់ កាលពី​ថ្ងៃ​សៅរ៍ គ្រា​ដែល​ខ្យល់ព្យុះ​កំពុង​បោកបក់ ដែល​បណ្តាល​ឲ្យ​របើក​ដំបូល​គុក​និង​ធ្វើ​ឲ្យ​អ្នកទោស​ជាច្រើន​រងារ មិន​អាច​ទ្រាំ​បាន ។ អ្នកទោស​បាន​នាំគ្នា​បង្កាត់​ភ្លើង​អាំង​កំដៅ ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​ពន្ធនាគារ​ដែល​មាន​ការចាក់​សោរ​ពី​ខាងក្រៅ ។

អ្នកទោស​ជាច្រើន យ៉ាងហោចណាស់​ក៏​ចំនួន ៣៦​នាក់​ដែរ ដែល​បាន​ព្យាយាម​រត់ឡើង​លើ​ដំបូល ដើម្បី​រត់​ពី​ការឆាបឆេះ ត្រូវ​ក្រុម​ឆ្មាំគុក​បាញ់​សម្លាប់​ចោល​នៅ​ពេលនោះ ។

រហូត​មក​ទល់​ល្ងាចថ្ងៃអង្គារ​ម្សិលមិញ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ជាច្រើន ដែល​ខ្វះ​ទឹក​និង​ស្បៀង​កំពុងតែ​ចលាចល​រក​ការជួយ​សង្គ្រោះ នៅគ្រា​ដែល​រដ្ឋាភិបាល​ភូមា​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ជនបរទេស​ណាមួយ ចូល​ទៅ​ជួយ​ពី​ខាងក្រៅ​នោះឡើយ ។

ក្រុមមន្ត្រី​ភូមា​បាន​និយាយ​ថា រាល់​ជំនួយ​ពី​បរទេស​ត្រូវ​តែ​មាន​ការចរចា​ជាមួយ​ពួកគេ​នោះ​សិន ទើប​នឹង​មាន​ការអនុញ្ញាត​ឲ្យ​ពួកគេ​ពីក្រៅ​បាន​ចូល​ទៅ​ជួយ​ប្រជាជន ខ្លួន​ឯង​នោះ ។

ក្រុម​អ្នកត្រៀម​ជួយ​សង្គ្រោះ​ពីក្រៅ​ប្រទេស​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ នៅពេល​ណា​ដែល​មន្ត្រី​ក្រុង​រ៉ង់ហ្គូន អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ទៅ​ភ្លាម​នោះ ។

រហូត​មកទល់​នឹង​ល្ងាច​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ប្រទេស​ភូមា គ្រាន់​តែ​បង្ហាញ​ការចង់​ទទួល​ពួក​ក្រុម​អ្នកជួយ​សង្គ្រោះ ប៉ុន្តែ​នៅមិនទាន់​និយាយ​ដាច់ស្រេច​អំពី​បញ្ហា​ទិដ្ឋាការ​អនុញ្ញាត ចូល​ប្រទេស​នោះ​ឡើយ ។

មន្ត្រី​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោក លោកស្រី Vismita Grupta Smith បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី យ៉ាងនេះ​ថា ៖ «កាលណា ខ្ញុំ​បាន​ទទួល​ការសម្រេច​ចិត្ត​ពី​រដ្ឋាភិបាល​ភ្លាម​យើង​ក៏​នឹង​ចាត់​តាំង​មន្រ្តី​មួយ​រូប ពី​អង្គការ​សុខភាព​ពិភពលោក WHO ឲ្យ​ដឹក​នាំ​កិច្ចការ​ជួយ​សង្រ្គោះ​ទាំងអស់​ហ្នឹង ។ ដោយ​ពិត​ទៅ​យើង​មាន​ការិយាល័យ WHO នៅ​ក្នុង​ប្រទេស​ភូមា​ហើយ ហើយ​យើង​ក៏​មាន​ការិយាល័យ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ផង​ដែរ ក៏​ប៉ុន្តែ​ទំនាក់​ទំនង​ត្រូវ​ផ្ដាច់ ហើយ​ជា​ការ​លំបាក​ក្នុង​ការ​ទាក់ទង»

សំឡេង​នៅឯ​ខាង​ក្នុង​ប្រទេស​នោះ​វិញ បុរស​ម្នាក់​ក្នុង​ក្រុង​រ៉ង់ហ្គូន​បាន​រៀបរាប់​អំពី​ស្ថានភាព​ក្នុង​ក្រុង​រ៉ង់ហ្គូន​យ៉ាងនេះ​ថា ៖ «ដំបូលផ្ទះ បាន​ប៉ើង​ដាច់​ខ្តេចខ្ទីរ ។ សាលារៀន​មួយ​នៅក្បែរ​នេះ បាន​ក្លាយ​ជា​កន្លែង​ជម្រក​មនុស្ស​ដែល​គ្មាន​ផ្ទះ​សម្បែង ។ ផ្លូវ​ថ្នល់​ដាច់​ខូចខាត ហើយ​រថយន្ត​ពិបាក​បើក​ចូល​ណាស់ ព្រោះ​ត្រូវ​វាង​នឹង​គំនរ​បែក​បាក់ ។ពួកយើង​ប្រមាណ​ជាង ៦០០​នាក់ មិន​ត្រូវ​បាន​អាជ្ញាធរ​ជួយ​ផ្តល់​អាហារ​ឲ្យ​នោះ​ទេ មាន​តែ​អ្នក​ស្រុក​ជិតខាង​តែ​ប៉ុណ្ណោះ ដែល​បាន​ប្រមែប្រមូល​អាហារ មក​ជួយ​គ្នា​ទៅវិញ​ទៅមក​នោះ»

រដ្ឋាភិបាល​ភូមា​បាន​ចេញ​សេចក្តីប្រកាស​អាសន្ន​មួយ ឲ្យ​ដឹង​ថា ក្រុង​និង​រដ្ឋ​ចំនួន ៥ រួមមាន ក្រុង​រ៉ង់ហ្គូន អ៊ីរ៉ាវ៉ាឌី ប៉េហ្គូ រដ្ឋការ៉េន និង​រដ្ឋមន គឺជា​កន្លែង​កំពុងតែ​រងគ្រោះ​និង​បានស្ថិត​ក្នុង​សភាព​អាសន្ន ។

សេចក្តីប្រកាស​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការហោះហើរ​តាម​ជើង​យន្តហោះ​ទៅ​តំបន់​ទាំង​៥ ក៏​ត្រូវ​លុបចោល​ផង​ដែរ ។

រូបភាព​ដែល​បង្ហាញ​តាម​ទូរទស្សន៍​នៅឯ​ក្រៅប្រទេស​បាន​បញ្ចាំង​ពី​ភាព​មហន្តរាយ​ដោយ​ខ្យល់​ព្យុះ ដែល​បំផ្លាញ​បណ្តាញ​ចរន្ត​អគ្គិសនី ផ្លូវ​ថ្នល់​ជាតិ​ដាច់​ខូចខាត​ខ្ទេចខ្ទីរ ផ្ទះ​ជា​ច្រើន​បាន​បាក់​សង្កត់​លើគ្នា ដើម​ឈើ​រាប់​សិប​ម៉ឺន​ដើម ត្រូវ​ខ្យល់​គួច​រំលើង​ដួលដេក​សង្កត់​រាយប៉ាយ​នៅតាម​ថ្នល់ កប៉ាល់​និង​ទូក​ជាច្រើន​គ្រឿង បាន​លិចលង់ ។

ក្រុមប្រទេស​អាស៊ាន បាន​ធ្វើ​សេចក្តី​អំពាវនាវ​ជា​បន្ទាន់​មួយ កាលពី​ថ្ងៃ​អង្គារ ដើម្បី​រក​ការជួយ​ពី​សមាជិក​នៃ​ប្រទេស​ទាំង​១០ ក្នុង​តំបន់ ។

ប្រទេស​កម្ពុជា ដែល​ជា​សមាជិក​មួយ​ក្នុង​តំបន់​អាស៊ាន នៅ​មិនទាន់​មាន​ប្រតិកម្មតប​សេចក្តី​អំពាវនាវ​ជាបន្ទាន់​ចំពោះ​ការជួយ​សង្គ្រោះ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ មាន​សេចក្តី​រាយការណ៍​តាមកាសែត​ក្នុង​ស្រុក​កាលពី​ម្សិលមិញ​ថា នៅ​កម្ពុជា កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ចាប់ពី​ថ្ងៃ​អង្គារ ទី​៦ ឧសភា បាន​ប្រមូល​អំណោយ​សប្បុរសជន​ក្នុង​ប្រទេស រួមនឹង​អាហារ ៥០០​តោន​ផងដែរ ដើម្បី​សម្រាប់​ជួយ​ប្រទេស​ភូមា​នោះ ។

កាលពីថ្ងៃ​អង្គារ​នោះទៀត ប្រទេស​ចិន​បាន​សន្យា​ថា នឹង​ផ្តល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​ចំពោះ​ភូមា​ដែរ ក្នុង​ការជួយ​សង្គ្រោះ ។

ចំណែក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំភូមា ក៏​បាន​ផ្តល់​ជំនួយ ២​សែន​៥​ម៉ឺន​ដុល្លារ​ក្នុង​ការជួយ​សង្គ្រោះ​ជាបន្ទាន់​ចំពោះ​មុខ​នេះ​ផងទៀត ។ សហរដ្ឋ​អាមេរិក​បានថ្លែង​ថា ជំនួយ​ក្នុង​ការជួយ​ជនរងគ្រោះ​ភូមា​នឹង​មាន​ច្រើន​ជាងនេះ​ទៅទៀត បើសិន​ជា​រដ្ឋាភិបាល​ភូមា​អនុញ្ញាត​ឲ្យ​ក្រុង​វ៉ាស្ហ៊ីនតោន បាន​ចូល​ទៅ​ជួយ​ផ្ទាល់ ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហ្សក ប៊ុស្ហ បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ អំពាវនាវ​ដល់​មេដឹកនាំ​ភូមា ដើម្បី​រក​ការអនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​បាន​ចូល​ទៅជួយ​នោះ ។

នៅបន្ទាប់ពី​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​អាមេរិក​នោះ​មក មន្រ្តី​ក្រុង​វ៉ាស្ហ៊ិនតោន បាន​សន្យា​ថា នឹង​ផ្តល់​ជំនួយ ៣​លាន​ដុល្លារ​ថែមទៀត ពី​លើ​ជំនួយ ២​សែន​៥​ម៉ឺន​ដុល្លារ​មុននេះ ដែល​សម្រាប់​ការជួយ​ដល់​ប្រជាជន​ភូមា ។

នៅក្នុង​ការយកចិត្ត​ទុកដាក់​ពី​សកលលោក​នោះ​ទៀត​ដែរ ពី​អង្គការ​សហប្រជាជាតិ លោក​អគ្គលេខាធិការ បាន គីមូន បាន​មាន​ប្រសាសន៍​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ព្រឹត្តិការណ៍​សោកសៅ ដែល​ប្រជាជន​ភូមា​បាន​ជួប​ប្រទះ ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​សន្យា​នឹង​ជួយរក​ជំនួយ​អន្តរជាតិ ដើម្បី​ជួយ​ប្រទេស​ភូមា​តាមសេចក្តី​ចាំបាច់ ។

នៅជាមួយគ្នា​នេះ​ដែរ សហព័ន្ធ​អន្តរជាតិ​នៃ​អង្គការ​កាកបាទ​ក្រហម និង​សមាគម​អឌ្ឍច័ន្ទ​ក្រហម បាន​ឲ្យ​ដឹង​ថា គេ​ក៏​បាន​ផ្តល់​ជំនួយ ២​សែន​ហ្វ្រង់ ដែល​ស្មើ​នឹង ១​សែន​៩​ម៉ឺន​ដុល្លារ​នៅក្នុង​ការជួយ​សង្គ្រោះ​ប្រជាជន​ភូមា​ដែល​រងគ្រោះ​នោះ​ផងដែរ ។

ពីក្រុង​វ៉ាទីកង់ ក្នុង​ប្រទេស​អ៊ីតាលី នោះ​វិញ សម្តេច​សង្ឃ​កាតូលិក Pope Benedict បាន​មាន​បន្ទូល​ក្នុង​ព្រះរាជសារ​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​នឹង​ប្រជាជន​ភូមា ហើយ​ក្នុងសារ​ដដែល ព្រះអង្គ​បាន​សរសេរ​ទៀតថា ព្រះអង្គ​មាន​ជំនឿ​ថា សហគមន៍​អន្តរជាតិ​នឹង​ធ្វើការ​ឆ្លើយតប​ដោយ​ការបង្ហាញ​ភាពសប្បុរស​ក្នុងការជួយ​ជា​ជំនួយ​តាម​សេចក្តី​ត្រូវការ​របស់​ភូមា ៕