មនុស្ស​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​នៅ​ភូមា​កើន​ឡើង​ជិត​១០​ម៉ឺន​នាក់

ភ្នាក់ងារ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា យ៉ាងហោច​ណាស់​ក៏​មាន​ប្រជាពលរដ្ឋ​ភូមា ប្រមាណ​ពី​ជាង ៦​ម៉ឺន​៣​ពាន់ ទៅ ១០​ម៉ឺន​នាក់​បាន​ស្លាប់ និង​២២​ម៉ឺន​នាក់​ទៀត​បាន​បាត់​ខ្លួន​ក្នុង​ឧប្បត្តិហេតុ​ខ្យល់ព្យុះ​សង្ឃរា នៅ​ក្នុង​ប្រទេស​ភូមា កាលពី​ថ្ងៃទី​២ ខែ​ឧសភា​កន្លង​មក​នេះ ។

ការិយាល័យ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បន្ត​ថា​បើ​ទោះបី​ជា​រដ្ឋាភិបាល​យោធា​ភូមា យល់ព្រម​ទទួល​ជំនួយ​សង្គ្រោះ​ពី​ប្រទេស​នានា​ក្នុង​ពិភពលោក​ក៏ដោយ ក៏​គេ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់ទិដ្ឋាការ​ដល់​ភ្នាក់ងារ​សង្គ្រោះ​នៃ​សហគមន៍​អន្តរជាតិ និង​អង្គការ​ក្រៅរដ្ឋាភិបាល​នានា ដើម្បី​អាច​ចូលមក​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ដល់​ជនរងគ្រោះ ដែល​គេ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​ភូមា​ជិត ២​លាន​នាក់​ផ្សេង​ទៀត កំពុង​ជួបប្រទះ​នឹង​បញ្ហា​ខ្វះ​ស្បៀង​អាហារ ខ្វះ​ទឹកស្អាត ខ្វះ​ថ្នាំពេទ្យ និង​បញ្ហា​សន្តិសុខ​របស់​ពួកគេ​ផងដែរ ។

ប្រភព​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​និង​កំពុង​ធ្វើ​ដំណើរ​ចេញពី​តំបន់ Irrawaddy កាលពី​ថ្ងៃ​អាទិត្យ ក្នុង​កិច្ច​ស្វែងរក​ស្បៀង​អាហារ ទឹកស្អាត និង​ថ្នាំពេទ្យ ហើយ​ថា​ប្រសិនបើ​ភ្នាក់ងារ​ជួយ​សង្គ្រោះ ពុំ​អាច​ទៅ​ជួយ​ទាន់​ពេលវេលា​ទេ​នោះ ពួកគេ​ពិត​ជា​នឹង​ត្រូវ​ស្លាប់​ជា​មិនខាន។

ស្តីពី​បញ្ហា​មហន្តរាយ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​នៅ​ភូមា​នេះ មន្ត្រី​អ.ស.ប.​បាន​អំពាវនាវ​រក​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់​ដែល​មាន​ទឹក​ប្រាក់​សរុប ១៨៧​លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្តល់​ជា​ស្បៀង​អាហារ​ថ្នាំពេទ្យ និង​សម្ភារៈ​នានា​សម្រាប់​ជា​ជម្រក​ដល់​ជនរងគ្រោះ​ជិត​២​លាន​នាក់ ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​នេះ អ.ស.ប.​ទទួល​បាន​ការ​សន្យា​ជួយ​ជា​ទឹកប្រាក់ ៧៧​លាន​ដុល្លារ ក្នុង​នោះ​ប្រទេស​អូស្ត្រាលី​ជាង ២៣​លាន​ដុល្លារ​អាមេរិក ជប៉ុន ១០​លាន អង់គ្លេស​ជិត ១០​លាន ចិន​ជាង ៤​លាន សហរដ្ឋ​អាមេរិក​ជាង ៣​លាន និង​ពី​ប្រទេស​ជាច្រើន​ទៀត ៕