ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ នៅទីក្រុងបាងកក ប្រទេសថៃ បន្តថាបើទោះបីជារដ្ឋាភិបាលយោធាភូមា យល់ព្រមទទួលជំនួយសង្គ្រោះពីប្រទេសនានាក្នុងពិភពលោកក៏ដោយ ក៏គេមានការស្ទាក់ស្ទើរក្នុងការផ្តល់ទិដ្ឋាការដល់ភ្នាក់ងារសង្គ្រោះនៃសហគមន៍អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីអាចចូលមកជួយសង្គ្រោះជាបន្ទាន់ដល់ជនរងគ្រោះ ដែលគេបានប៉ាន់ប្រមាណថាមានពលរដ្ឋភូមាជិត ២លាននាក់ផ្សេងទៀត កំពុងជួបប្រទះនឹងបញ្ហាខ្វះស្បៀងអាហារ ខ្វះទឹកស្អាត ខ្វះថ្នាំពេទ្យ និងបញ្ហាសន្តិសុខរបស់ពួកគេផងដែរ ។
ប្រភពព័ត៌មាន Reuters បានឲ្យដឹងថាប្រជាពលរដ្ឋរាប់ម៉ឺននាក់ បាននិងកំពុងធ្វើដំណើរចេញពីតំបន់ Irrawaddy កាលពីថ្ងៃអាទិត្យ ក្នុងកិច្ចស្វែងរកស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ហើយថាប្រសិនបើភ្នាក់ងារជួយសង្គ្រោះ ពុំអាចទៅជួយទាន់ពេលវេលាទេនោះ ពួកគេពិតជានឹងត្រូវស្លាប់ជាមិនខាន។
ស្តីពីបញ្ហាមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរនៅភូមានេះ មន្ត្រីអ.ស.ប.បានអំពាវនាវរកជំនួយសង្គ្រោះជាបន្ទាន់ដែលមានទឹកប្រាក់សរុប ១៨៧លានដុល្លារអាមេរិក សម្រាប់ផ្តល់ជាស្បៀងអាហារថ្នាំពេទ្យ និងសម្ភារៈនានាសម្រាប់ជាជម្រកដល់ជនរងគ្រោះជិត២លាននាក់ ។
ប៉ុន្មានម៉ោងក្រោយការប្រកាសនេះ អ.ស.ប.ទទួលបានការសន្យាជួយជាទឹកប្រាក់ ៧៧លានដុល្លារ ក្នុងនោះប្រទេសអូស្ត្រាលីជាង ២៣លានដុល្លារអាមេរិក ជប៉ុន ១០លាន អង់គ្លេសជិត ១០លាន ចិនជាង ៤លាន សហរដ្ឋអាមេរិកជាង ៣លាន និងពីប្រទេសជាច្រើនទៀត ៕
