យុវជន យុវនារី ដែលមានអាយុប្រមាណពី ១៥ឆ្នាំ ទៅ ២៥ឆ្នាំ បានចាកចេញពីឪពុកម្ដាយ មករស់នៅទីក្រុង ជាពិសេសរាជធានីភ្នំពេញ ចាប់យកការងារជាកម្មកររោងចក្រដេរសំលៀកបំពាក់។
តើមានមូលហេតុអ្វីខ្លះដែលជំរុញឲ្យពួកគេមកធ្វើជាកម្មកររោងចក្រ? តើពួកគេមានជីវភាពរស់នៅយ៉ាងណាខ្លះ?
ជារៀងរាល់ថ្ងៃអាទិត្យ គឺជាថ្ងៃដែលកម្មករកម្មការិនីភាគច្រើនសប្បាយរីករាយ ពីព្រោះពួកគេបានឈប់សម្រាកពីការងារ និងជាថ្ងៃដែលពួកគេមានឱកាសធ្វើម្ហូបនៅឯផ្ទះដោយខ្លួនឯង។
កញ្ញា ជីតា អាយុ ១៩ឆ្នាំ ជាកម្មការិនីរោងចក្រដេរសំលៀកបំពាក់ មានស្រុកកំណើតនៅខេត្តកំពង់ធំ ថ្លែងថា ដោយសារតែជីវភាពក្នុងក្រុមគ្រួសារមានភាពក្រីក្រតោកយ៉ាកពេក និងគ្មានដីធ្លីធ្វើស្រែចម្ការនោះ ទើបនាង និងបងប្អូនបានសម្រេចចិត្តចាកចេញពីផ្ទះមកធ្វើការរោងចក្រ។

កញ្ញា ជីតា៖ «ខ្ញុំមិនអាចឆ្លើយថា ខ្ញុំគ្មានការលំបាកទេ គឺខ្ញុំមានការលំបាកយ៉ាងខ្លាំង ដែលខ្ញុំមកធ្វើការនេះ កន្លែងអ្នកស្នាក់នៅក៏យ៉ាប់។ ខ្ញុំគិតថាកន្លែងស្នាក់នៅក៏យ៉ាប់ ខ្ញុំគិតថាប្រាក់ខែប៉ុណ្ណឹងៗ គឺមិនអាចជួយអ្នកធ្វើការឲ្យក្រុមហ៊ុនអ៊ីចឹងបានទេ ព្រោះថា ប្រាក់ខែវាថោកពេក ណាមួយការស្នាក់នៅក៏យើងជួលគេ អ្វីៗគ្រប់យ៉ាងយើងទិញគេទាំងអស់ ប្រាក់ខែត្រឹម ៦០ (ដុល្លារ) អ៊ីចឹង មិនអាចគ្រប់គ្រាន់ទេ ១ខែបើកមកត្រឹម ៩០ (ដុល្លារ) ១០០(ដុល្លារ)អី ណាមួយយើងលៃលកជាច្រើន ណាមួយបែងទៅគ្រួសារផង»។
កញ្ញា ជីតា ពោលពាក្យយ៉ាងដូច្នេះ មិនខុសពីកម្មករកម្មការិនីដទៃទៀតនោះទេ។ កម្មការិនីដែលមកធ្វើការឲ្យរោងចក្រដេរសំលៀកបំពាក់ភាគច្រើន ឲ្យដឹងថា ដោយសារស្ថានភាពគ្រួសារមានភាពដុនដាប ខ្វះមុខខ្វះក្រោយ និងខ្វះដីធ្លីធ្វើស្រែចម្ការ ហើយដោយសារគ្រោះទឹកជំនន់ជាដើមនោះ បានជំរុញឲ្យពួកគេសម្រេចចិត្តបែកពីឪពុកម្ដាយ និងក្រុមគ្រួសារមកធ្វើការនៅភ្នំពេញ។
នៅម៉ោងប្រមាណជា ១១ថ្ងៃត្រង់ ក្រោមកម្ដៅថ្ងៃក្ដៅហែង អ្នកលក់ដូរចំណីអាហារជាច្រើននៅខាងមុខរោងចក្រក្នុងតំបន់សួនឧស្សាហកម្មវឌ្ឍនៈ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ បានខ្ចប់បាយម្ហូប ឬដួសដាក់ចានតម្រៀបគ្នាជាជួរនៅលើតុត្រៀមរួចជាស្រេច ដើម្បីរង់ចាំលក់ឲ្យកម្មករ។
ម្ហូបអាហារទាំងនោះ ត្រូវបានគេដាក់លក់ត្រៀបត្រានៅខាងមុខរោងចក្រ និងតាមដងផ្លូវ ដែលមានរថយន្តធំតូចបើកឆ្លងកាត់ ដោយពុំបានគ្របត្រឹមត្រូវប៉ុន្មាននោះឡើយ។
ស្ត្រីអ្នកលក់បាយសម្លម្នាក់ឈ្មោះ ឯម រី បានថ្លែងថា អ្នកស្រីបានដួសដាក់ចាន និងច្រកដាក់ថង់ជាស្រេចដើម្បីរង់ចាំលក់ឲ្យកម្មករឲ្យបានទាន់ពេល។ គាត់បន្តថា កម្មករពុំមានសមត្ថភាពទិញម្ហូបទទួលទានប្រចាំថ្ងៃដែលមានតម្លៃខ្ពស់ ក្រៅពីតម្លៃបាយមួយចាន ៥០០រៀល និងម្ហូបមួយចានតម្លៃ ៥០០រៀលនោះទេ។
លោកស្រី ឯម រី៖ «មួយចាន ៥០០ កម្មករលុយតិចធ្វើម៉េច បន្លែធូរថ្លៃ យើងក៏ដួសឲ្យកម្មករឲ្យច្រើនបន្ដិចអីទៅ វាណាថ្លៃក៏យើងរឹតបន្តិចវិញទៅ ធ្វើម៉េចទឹកប្រាក់គ្នាបានតែប៉ុណ្ណឹង។ តាមសមត្ថភាពការងារគ្នា គ្នាមិនសូវមានអីហូបណា ប៉ុន្តែទោះតម្លៃថោកអ៊ីចឹង ក៏យើងធ្វើឲ្យល្អគ្នាញុំាដែរ កុំគ្នាមានបញ្ហា រោគរាករូសអ៊ីចឹងណា។ អនាម័យយើងលាងបន្លែហ្នឹងឲ្យច្រើនទឹកទៅ ហើយយើងដឹកមកអ៊ីចឹង គ្របឲ្យល្អ កុំឲ្យមានដីហុយអ៊ីចឹងទៅណា»។
កម្មការិនីម្នាក់ឈ្មោះ ម៉ម ចាន់ផន កំពុងអង្គុយហូបបាយនៅក្រោមម្លប់ដើមឈើ ខាងមុខរោងចក្រ សេនចូវ (Shen Zhou) និយាយបណ្ដើរហូបបាយបណ្ដើរថា នាងមានពេល ១ម៉ោងសម្រាប់ទទួលទានអាហារថ្ងៃត្រង់។
នាងបន្តថា ថ្លៃអាហារមួយពេលគាត់ចំណាយប្រាក់ពី ១.០០០រៀល ឬ ១.៥០០រៀល៖ «ទិញបាយ ១.០០០ហូបអ៊ីចឹងទៅ យើងចង់ហូបអីគេស្រូបអាហ្នឹងឲ្យ ថោកសមគួរនឹងហូប ហើយអ្នករោងចក្រហេវ ឆ្ងាញ់។ យើងហូបបាយ ១.០០០អ៊ីចឹងទៅ យើងហូបបង្អែម ៥០០អីទៀតទៅ ហូបបបរចេក ស្វាយមួយអីទៀតអ៊ីចឹងទៅ ទឹកអំពៅអី ៥០០ទៀតអ៊ីចឹងទៅ ជំនួយកុំឲ្យហេវ វាហត់អី ហូបតែបាយប៉ុណ្ណឹងខ្លាចវាអស់កម្លាំងអស់អី»។
ក្នុងពេលផ្ដល់សម្ភាសន៍នេះ ចាន់ផន ជាមួយមិត្តរួមការងារកំពុងអង្គុយទទួលទានបាយ និងម្ហូបឆាជ្រក់ស្ពៃ ជាមួយសាច់ជ្រូកបីជាន់ និងលៀសហាល។
កម្មករកម្មការិនីខ្លះបានឈប់សម្រាកទទួលទានអាហារនៅម៉ោង ១២ថ្ងៃត្រង់។ ម្នាក់ៗបានដើរសំដៅយ៉ាងប្រញាប់ប្រញាល់ទៅអាហារដ្ឋាន។
យុវជនឈ្មោះ ឃុន តុលា អាយុ ២៤ឆ្នាំ ដែលមានរាងកាយស្គមស្ដើង ជាកម្មករផ្នែកអ៊ុត នៅរោងចក្រគ្រេនតិច កំពុងទទួលទានអាហារ ថ្លែងថា ពួកគេបានដឹងថា អាហារដែលពួកគេទទួលទានសព្វថ្ងៃនេះ ហាក់ពុំមានអនាម័យប៉ុន្មាននោះទេ ដោយសារអាហារមានតម្លៃថោក អ្នកលក់មិនសូវយកចិត្តទុកដាក់។
យុវជនរូបនេះឲ្យដឹងថា រូបគេនិងមិត្តភក្ដិមានការត្បិតត្បៀតណាស់នៅពេលចាយវាយម្ដងៗ។ បើធ្វើការថែមម៉ោងច្រើន ក្នុងមួយខែ គាត់អាចមានលទ្ធភាពផ្ញើប្រាក់ទៅឲ្យអ្នកផ្ទះប្រមាណ ៥០ ទៅ ៦០ដុល្លារ បន្ទាប់ពីចំណាយថ្លៃហូបចុកជាកត្តាចម្បង និងចំណាយផ្សេងៗជាច្រើនទៀត ហើយពួកគេពុំដែលមានប្រាក់សម្រាប់ត្រៀមថ្លៃព្យាបាលសុខភាពនោះឡើយ។
យុវជន ឃុន តុលា៖ «យើងទិញសម្លគេ ៥០០ បាយ ១.០០០ទៅ យើងហូបអត់ឆ្អែត យើងថែមទៀតទៅ ពេលថ្ងៃអ៊ីចឹង បើហូបតែបាយអស់ ១.៥០០រៀល ចំណីអីទៀត យើងអស់ ៣.០០០ ៤.០០០ ក្នុងមួយថ្ងៃ ទាំងព្រឹកទាំងល្ងាចចូលជិត ៥-៦ពាន់»។
ខែ សុណង៖ ប្អូនយល់យ៉ាងម៉េចដែរចំពោះចំណីអាហារ ១ពាន់ ២ពាន់ហ្នឹង? តុលា៖ មានយល់ម៉េចទេបងអើយ! ចេះតែហូបឲ្យរស់ៗទៅ បើតាមហូបយកមានសុខភាពអី ប្រហែលជាហូបអត់កើតទេម្ហូបនេះនុះ ចេះតែហូបឲ្យឆ្អែតៗ ហូបឲ្យបាន១ថ្ងៃៗទៅ។ ខែ សុណង៖ ចុះបើយើងចង់ទិញអាឆ្ងាញ់ល្អជាងនេះម៉េច? តុលា៖ យើងចង់ទិញអាល្អជាងនេះវាថ្លៃ ប្រាក់ខែយើង បើចង់ទិញអាឆ្ងាញ់ហូបអត់គ្រាន់ ចាយអត់គ្រាន់ទេ។
ពាក់ព័ន្ធទៅនឹងការហូបចុករបស់កម្មករកម្មការិនីនេះ សួរថាតើមានផលប៉ះពាល់ដែរ ឬទេចំពោះសុខភាព និងការលូតលាស់រាងកាយ និងប្រាជ្ញាស្មារតីរបស់កម្មករនោះ?
ប្រធានសមាគមគ្រឹះស្ថានសេវាសុខាភិបាលឯកជនកម្ពុជា និងជាម្ចាស់គ្លីនិក វេជ្ជបុត្រ លោកវេជ្ជបណ្ឌិត សេង ហាក់ស្រ៊ុន មានប្រសាសន៍ថា ការហូបចុករបស់កម្មករដែលមិនគ្រប់គ្រាន់ដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ នឹងបង្កឲ្យសុខភាពរបស់ពួកគេកាន់តែមានភាពទ្រុឌទ្រោម បាត់បង់សមត្ថភាពពលកម្ម ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃខួរក្បាល និងបញ្ញាញាណជាដើម។
វេជ្ជបណ្ឌិត សេង ហាក់ស្រ៊ុន៖ «ពាក់ព័ន្ធសុខភាពនេះ វាប៉ះពាល់ហើយ ដាច់ខាតត្រូវតែប៉ះពាល់ គាត់ហូបអាហារមិនចម្រុះ ស្អីតែមួយមុខ ស្អីតែមួយមុខណា ហើយជាប្រចាំៗ ដល់តែវាមានកង្វះ មូលហេតុនៃការដួលសន្លប់អ៊ីចឹងទៅ ក៏ដោយសារមូលហេតុអស់នេះដែរ ជាពិសេសជាតិស្ករ ប្រូតេអ៊ីន ហើយនិងអាស៊ីត មីណេរ៉ាល់ខ្លះ ដូចជាពួកអាហារបំប៉នជាដើម ជួនកាលមកដល់មន្ទីរពេទ្យខ្ញុំនេះ រកអីអត់ឃើញ»។
បើទោះបីជាស្ថានភាពរបស់កម្មករកម្មការិនីធ្វើការរោងចក្រដេរសំលៀកបំពាក់ បានត្អូញត្អែរពីការលំបាកយ៉ាងនេះក្ដី មន្ត្រីសមាគមរោងចក្រកាត់ដេរ បានអះអាងថា សមាគមបានជំរុញឲ្យភាគីរោងចក្រអោយផ្ដល់ការអប់រំពីបំណិនជីវិតដល់កម្មករ អនាម័យបរិស្ថានក្នុងរោងចក្រ ព្រមទាំងគោរពច្បាប់ការងារ។
លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងការពារថា ភាគីរោងចក្រ គឺមានការទទួលខុសត្រូវកម្មករត្រឹមតែក្នុងរោងចក្រប៉ុណ្ណោះ។ រីឯជីវិតរស់នៅរបស់កម្មករនៅក្រៅរោងចក្រគឺជារឿងផ្ទាល់ខ្លួនរបស់កម្មករ។
ខែ សុណង៖ ខាងសមាគមយើងមានដែលបារម្ភថា អ្នកបញ្ជាទិញគេនឹងមកឃើញស្ថានភាពកម្មករយើងអ៊ីចឹង គេនឹងដកសេចក្ដីទុកចិត្តទៅលើទំនិញយើង ឬក៏យ៉ាងម៉េចដែរ? ជាតិ ខេមរា៖ នៅក្នុងនេះអារម្មណ៍របស់អ្នកបញ្ជាទិញខ្ញុំមិនដឹងទេ ខ្ញុំមិនដែលជួបជាមួយអ្នកបញ្ជាទំនិញទេ។ ខ្ញុំដឹងថា អ្នកបញ្ជាទំនិញធ្វើម៉េច គេដឹងតែធ្វើម៉េចទំនិញឲ្យគ្រប់ទាន់ពេលឲ្យគេ បើមិនទាន់ ទំនិញនោះត្រូវការផាក បើមិនផាកទេ ទំនិញនោះត្រូវចុះថ្លៃ អាហ្នឹងជាលក្ខខណ្ឌ ហើយតម្លៃដែលលក់ឲ្យគេហ៊ានធូរថ្លៃជាងគេ។
ប៉ុន្តែមន្ត្រីអ្នកច្បាប់ផ្នែកការងារបានអោយដឹងថា ភាគីសមាគមរោងចក្រកាត់ដេរក៏មានការទទួលខុសត្រូវខ្លះៗ ដែរ ចំពោះជីវភាពរបស់កម្មករនៅក្រៅរោងចក្រ។
នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា វិស័យវាយនភណ្ឌសំលៀកបំពាក់ ដែលបាននាំចេញទៅក្រៅប្រទេស គិតជាទឹកប្រាក់ ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១១ មានចំនួនជាង ៣.៦០០លានដុល្លារ។ រីឯការនាំចេញនៅឆ្នាំ២០១០ មានចំនួនជាង ២.៧០០លានដុល្លារ គឺបានកើនឡើងជិត ៣៧% បើប្រៀបធៀបទៅឆ្នាំ២០១០៕