ជីវិត​រងគ្រោះ​របស់​អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​និង​ពី​អតីតកាល

តាម​ប្រវត្តិសាស្ត្រ អ្នក​នយោបាយ​ខ្មែរ​តែង​តែ​​ប្រើ​ល្បិចកល​លួច​ធ្វើ​ឃាត​​គ្នា ច្បាំង​ដណ្ដើម​អំណាច​គ្នា​ ពី​របប​មួយ​ទៅ​របប​មួយ។ យុទ្ធសាស្ត្រ​នយោបាយ​បែប​បូរាណ កាប់​សម្លាប់​គ្នា​ដូច្នេះ ធ្វើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ជំនាន់​ក្រោយៗ ធ្វើ​តាម​គ្នា​ជា​បន្តបន្ទាប់​ដោយ​មិន​ដឹង​ខ្លួន។
ដោយ វោហារ ជាតិ
2012-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទោះ​យ៉ាង​ណា អ្នក​នយោបាយ​ខ្លះ​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ចាស់​បូរាណ​នេះ​មិន​ត្រឹមត្រូវ​នឹង​សភាពការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ទេ ខណៈ​ដែល​អ្នក​នយោបាយ​ខ្លះ​អះអាង​ថា យុទ្ធសាស្ត្រ​នេះ​នៅ​តែ​ឆ្លុះ​បញ្ចាំង​ការ​ពិត ចំពោះ​ជីវភាព​អ្នក​នយោបាយ​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន។ ព្រោះ​ថា អ្នក​នយោបាយ​ខ្មែរ​​សព្វថ្ងៃ​នៅ​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ មិន​ថា អ្នក​ចាញ់ ឬ​អ្នក​ឈ្នះ​សុទ្ធតែ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដូចគ្នា។

សង្គ្រាម​ពាក្យ​សំដី​ក្នុង​រឿង​ទំនាស់​គ្នា​របស់​​អ្នក​នយោបាយ​ខ្មែរ​សព្វ​ថ្ងៃ បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ពាក្យ​ចាស់​លោក​បាន​ពោល​ថា បើ​ធ្វើ​នយោបាយ​​ត្រូវ​តែ​​​​ក្លាហាន ហ៊ាន​ស្លាប់ ហ៊ាន​ជាប់​គុក និង​ហ៊ាន​​រត់​ចោល​ស្រុក ដោយសារ​ធ្វើ​នយោបាយ​មិន​ចុះ​សម្រុង​គ្នា។ ពាក្យ​​មួយ​ឃ្លា​នេះ​ហាក់​ឆ្លុះ​បញ្ចាំង​រឿង​ពិត​ក្នុង​ជីវិត​អ្នក​នយោបាយ​ខ្មែរ​សព្វថ្ងៃ​នៅ​ឡើយ។

ជា​អាទិ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែល​ពេល​នេះ​ភៀសខ្លួន​ចោល​ស្រុក​ទៅ​នៅ​ប្រទេស​បារាំង​នោះ បាន​រំលឹក​ថា ពាក្យ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ជីវិត​អ្នក​នយោបាយ​តាំង​ពី​អតីតកាល​មក​ដល់​សព្វថ្ងៃ រួម​ទាំង​ឪពុក​លោក គឺ​លោក សម សារី ដែល​ជា​អ្នក​ធ្វើ​នយោបាយ​ជំនាន់​ទសវត្ស​ឆ្នាំ​១៩៥០ បាន​ភៀសខ្លួន​ចោលស្រុក​ទៅ​បរទេស​ដូចគ្នា។

បញ្ហា​នេះ លោក សម រង្ស៊ី ចោទ​ថា ដោយសារ​តែ​របប​នយោបាយ​ព្រៃផ្សៃ៖ «ពេល​នោះ​ក៏​មាន​ការ​លំបាក​ដែរ គឺ​មិន​ផ្ដាច់ការ​ដូចសព្វថ្ងៃ​នេះ​ទេ។ ប៉ុន្តែ​អ្នក​នយោបាយ​ក៏​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ មាន​អ្នក​ខ្លះ​ក៏​បាត់បង់​ជីវិត​ពេល​នោះ​ដែរ។ ប៉ុន្តែ​គ្មាន​អ្វី​ប្រៀប​ធៀប​ទៅ​បាន​សម័យ​ខ្មែរ​ក្រហម និង​សម័យ​សព្វថ្ងៃ​នេះ​ទេ»។

កាល​ពី​ឆ្នាំ​២០០៨ ​រដ្ឋាភិបាល​បាន​ចោទ​លោក សម រង្ស៊ី ថា មាន​ទោស​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​បទ​ផ្សេង​ទៀត ដោយសារ​លោក​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម។ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​មួយ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អតីត​ប្រធាន​រដ្ឋ​សភា ក៏​ធ្លាប់​មានទោស និង​រត់​ចោល​ស្រុក​ច្រើន​ដង​ដូច​លោក សម រង្ស៊ី ដែរ។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ បើ​ទោះ​ជា​លោក​មិន​បាន​រត់​ចោល​ស្រុក ក៏​ជាប់​គុក​ព្រៃស​ដែរ។ រឿងរ៉ាវ​ទាំង​នេះ រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ថា អ្នក​នយោបាយ​ទាំង​នោះ ប្រព្រឹត្ត​ខុសច្បាប់​ប្រទេស។ តែ​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​ឆ្លើយ​ថា នេះ​ជា​លេស​រឿង​កាច់​កុង​ខាង​នយោបាយ។

លោក ញឹក ប៊ុនឆៃ អតីត​មេទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បច្ចុប្បន្ន​ជា​អគ្គនាយក​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ពន្យល់​ថា ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដូច​ពាក្យ​ចាស់​ដូច្នេះ ទើប​លោក​ព្យាយាម​មិន​ធ្វើ​នយោបាយ តែ​ចៃដន្យ លោក​បាន​ក្លាយ​ជា​អ្នក​នយោបាយ​ដោយមិន​ដឹង​ខ្លួន ដោយសារ​កាលៈទេសៈ​ប្រទេស​ជាតិ​កើត​សង្គ្រាម។

លោក ញឹក ប៊ុនឆៃ៖ «ខ្ញុំ​ជម្រាប​តាម​ត្រង់​ថា ខ្ញុំ​តាំងចិត្ត​ថា ចៀស​ឲ្យ​ផុត​ធ្វើ​នយោបាយ ព្រោះ​មើល​​ទៅ​យើង​ស្ដាប់​ពាក្យ​បូរាណ គេ​តែង​និយាយ​ថា ធ្វើ​នយោបាយ​ច្រើន​ជួប​ប្រទះ​ថា លោត​ទឹក ចង​ក រត់​ចោល​ស្រុក អ៊ីចឹង​ហើយ​ខ្ញុំ​មាន​គំនិត​ចៀស​ឲ្យ​ផុត​អា​រឿង​នយោបាយ​ហ្នឹង។ អត់​ចូល​ចិត្ត​សោះ​ពាក់​អាវ​ធំ ចង​ក្រវាត់​ក។ អត់​ចេះ​ចង​ក្រវាត់​ក​​ផង មក​ដល់​ថ្ងៃ​នេះ ប៉ុន្តែ​ត្រូវ​ចង​ក្រវាត់​ក ពាក់​អាវធំ​រាល់​ថ្ងៃ»

ទោះ​យ៉ាង​ណា លោក ញឹក ប៊ុនឆៃ ដែល​ជា​អតីត​មេ​បក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ពេល​នេះ ​ជា​អគ្គលេខា​បក្ស​​ថ្លែង​ថា  បន្ទាប់​ពី​​លោក​ប៊ិស​បាត់បង់​ជីវិត​ក្នុង​សមរភូមិ​ប្រយុទ្ធ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​បក្ស​ប្រជាជន​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ មក លោក​ចេះ​ធ្វើ​នយោបាយ​​បត់​បែន​តាម​កាលៈទេសៈ កុំ​ឲ្យ​ដូច​ពាក្យ​ចាស់​បាន​ពោល​កន្លង​មក៖ «ដល់​ខ្ញុំ​មាន​ពិសោធន៍​ច្រើន​អ៊ីចឹង! នយោបាយ​យើង​ត្រូវ​ចេះ​បត់បែន ចេះ​ក្ដៅ ចេះ​ត្រជាក់ ដើម្បី​សម្រេច​គោលដៅ​របស់​យើង។ ដូច​ឯកឧត្ដម សម រង្ស៊ី គាត់​រឹង អត់​ទន់ភ្លន់ អត់​បត់បែន ជួន​កាល​វា​រឹង​វា​បាក់​ហើយ»

បញ្ហា​ប្រឈម​គ្រោះថ្នាក់​របស់​អ្នក​នយោបាយ​ខ្មែរ​នា​ទសវត្ស​នេះ ហាក់​ចម្លង​តាម​ផ្លូវ​ចាស់ ដូច​នៅ​ទសវត្ស​ឆ្នាំ​១៩៥០ និង​ទសវត្ស​ឆ្នាំ​១៩៧០។

តាម​ប្រវត្តិសាស្ត្រ នៅ​ទសវត្ស​ឆ្នាំ​១៩៥០ លោក សម សារី រួម​ទាំង​អ្នក​នយោបាយ​ខ្លះ​ទៀត​បាន​រត់​ចោល​ស្រុក និង​ខ្លះ​ទៀត​ត្រូវ​បាន​គេ​សម្លាប់ ខ្លះ​ជាប់​គុក និង​ខ្លះ​ទៀត​រត់​ចោល​ស្រុក។ នៅ​ឆ្នាំ​១៩៧០ សម្ដេច​ឪ នរោត្តម សីហនុ ដែល​កាល​នោះ ព្រះអង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ​របប​សង្គម​រាស្ត្រ​និយម ត្រូវ​លោក​សេនា​ប្រមុខ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច។ តុលាការ​យោធា លន់ នល់ បាន​កាត់​ទោស​ព្រះអង្គ​ពី​បទ​ក្បត់​ជាតិ ដោយ​ចោទ​ថា ព្រះអង្គ​ឲ្យ​ទ័ព​យៀកកុង ជ្រកកោន​នៅ​លើ​ដីខ្មែរ។ ព្រះអង្គ​បាន​ភៀស​ព្រះ​កាយ​រស់​នៅ​ស្រុក​ចិន។ អ្នក​នយោបាយ​គាំទ្រ​ព្រះអង្គ​ត្រូវ​របប​ថ្មី​សម្លាប់ និង​ចាប់​ដាក់​គុក​ខ្លះ​ទៀត​រត់​ចូល​ព្រៃ​តស៊ូ។

នៅ​ឆ្នាំ​១៩៧៥ កង​ទ័ព​ខ្មែរ​ក្រហម ប៉ុល ពត បាន​វាយ​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ វិញ​ម្ដង។ លោក លន់ នល់ ភៀសខ្លួន​ឡើង​ឧទ្ធម្ភាគចក្រ​រត់​ចោល​ស្រុក​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក។ ពួក​ខ្មែរ​ក្រហម​ដែល​ចោទ​របប​លោក លន់ នល់ ថា ជា​អាយ៉ង​ចក្រពត្តិ​អាមេរិក បាន​តាម​កាប់​សម្លាប់ សង​សឹក​មន្ត្រី​រាជការ និង​ទាហាន លោក លន់ នល់ យ៉ាង​សាហាវ​យង់ឃ្នង។

នៅ​ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម បាន​វាយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម ប៉ុល ពត ម្ដង​វិញ។ ប៉ុល ពត និង​មន្ត្រី​ខ្មែរ​ក្រហម​ឯទៀត បាន​ភៀស​ខ្លួន​ ​រត់​ចូល​ព្រៃ​តស៊ូ​ប្រឆាំង​វៀតណាម និង​របប​ថ្មី​វិញ។ ក្រោយ​មក រដ្ឋាភិបាល​ថ្មី​មួយ​ទៀត ដែល​មាន​លោក ហេង សំរិន ជា​អ្នក​ដឹកនាំ ​ត្រូវ​បាន​បង្កើត​ឡើង។ ភាគី​​ខ្មែរ​តស៊ូ​នៅ​ព្រំដែន​ថៃ បាន​ចោទ​រដ្ឋាភិបាល​លោក ហេង សំរិន​ ថា​ជា​អាយ៉ង​វៀតណាម ហើយ​​សង្គ្រាម​បន្ត​រហូត​ដល់​​​​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។ នៅ​ឆ្នាំ​១៩៩៧ សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ រវាង​កងទ័ព​បក្ស​ហ៊្វុនស៊ិនប៉ិច និង​​បក្ស​ប្រជាជន បណ្ដាល​ឲ្យ​​មេទ័ព និង​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ស្លាប់​ជា​ច្រើន ខ្លះ​ទៀត​​រត់​ចោល​ស្រុក​ម្ដង​ទៀត។

ដំណើរ​នយោបាយ​ក្រឡាប់​ចាក់ ផ្លាស់ប្ដូរ​ញឹកញាប់​ដូច្នេះ ធ្វើ​ឲ្យ​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាង​ច្រើន និង​ខ្លោចផ្សា​គ្រប់​ជំនាន់។

អ្នក​វិភាគ​នយោបាយ​បាន​ប្រដូច​ការ​ផ្លាស់ប្ដូរ​នយោបាយ និង​ដណ្ដើម​អំណាច​គ្នា​របស់​អ្នក​នយោបាយ​ខ្មែរ​កន្លង​មក​ទៅ​នឹង​កង់​រទេះ​ធ្វើ​ពី​ឈើ​ត្រាច​ឈើ​ធ្នង់។ មាន​ន័យ​ថា កង់​ត្រាច​ធ្វើ​ពី​ឈើ​អន់ ក៏​ដូច​កង់​ធ្វើ​ពី​ឈើ​ធ្នង់​ដែល​ជា​ឈើ​រឹង​ល្អ​ក៏ដោយ ក៏​អាច​​វិល​កិន​អាចម៍​គោ​ម្ដង​ម្នាក់​ដូចតែ​គ្នា។ មាន​ន័យ​ថា អ្នក​នយោបាយ​ឈ្នះ​និង​ចាញ់ សុទ្ធ​ជា​អ្នក​រង​គ្រោះ​ទាំង​អស់​គ្នា។

អ្នក​វិភាគ​នយោបាយ​ខ្លះ​ថ្លែង​ថា បើ​ទោះ​បី​ប្រទេស​កម្ពុជា បាន​បោះ​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ នៅ​ឆ្នាំ​១៩៩៣ ដើម្បី​បញ្ឈប់​ហិង្សា​ដាក់​អ្នក​នយោបាយ​ក៏ដោយ ក៏​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ប្រឈម​គ្រោះថ្នាក់​ដដែល មិន​ថា មន្ត្រី​បក្ស​ប្រឆាំង ឬ​មន្ត្រី​បក្ស​កាន់​អំណាច​ទេ ម្នាក់ៗ​សុទ្ធ​តែ​ព្រួយ​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន​ដូចគ្នា ដោយសារ​តែ​នយោបាយ​កុង​កាច់​គ្នា​មិន​អនុលោម​តាម​លទ្ធិប្រជាធិបតេយ្យ។

ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រលយ​ប្រាប់​ពី​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​លោក​ដែរ ក្នុង​ពេល​លោក​រៀប​ចំ​ចេញ​ដំណើរ​បេសកកម្ម​ទៅ​តាម​បណ្ដា​ខេត្ត​ភាគ​ខាង​ជើង៖ «និយាយ​អ៊ីចឹង​ស្រុក​ខ្មែរ​និយាយ​អ៊ីចឹង​បាន។ បើ​អ្នក​ណា​គេ​តាម​បាញ់​តាម​អី​ជា​រឿង​របស់​គេ។ ខ្ញុំ​ចេញ​ម៉ោង​ប៉ុន្មាន​រឿង​របស់​គេ​ទេ ស្រុក​ឥឡូវ​នោះ...»

លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ជម្លោះ​អ្នក​នយោបាយ​ខ្មែរ​ដែល​ចេះ​តែ​មាន​ពី​ដើម​មក​ទល់​សព្វ​ថ្ងៃ គឺ​ដោយសារ​ការ​កាន់​អំណាច​នៃ​របប​នីមួយៗ​​​ប្រើ​កម្លាំង​អាវុធ ដូច​ជា​ធ្វើ​រដ្ឋប្រហារ ធ្វើ​បដិវត្តន៍ ​ការ​​លោភ​លន់ កាន់​អំណាច​ត​ពូជ​ជាដើម មិន​តាម​រយៈ​ការ​បោះ​ឆ្នោត​​បែប​​លទ្ធិប្រជាធិបតេយ្យ៖ «ពី​ព្រោះ​ស្រុក​ខ្មែរ​មួយ​ដែល​អ្នក​ឈ្នះ​ស្វាគមន៍​ចាញ់ ហើយ​អ្នក​ចាញ់​ត្រូវ​ទទួល​ស្គាល់​ច្បាស់​ថា ចាញ់​ទេ ហើយ​អំណាច​កើត​ចេញ​ពី​រដ្ឋ​ប្រហារ កើត​ចេញ​អំពី​បដិវត្តន៍។ យើង​មាន​តែ​ពីរ​ដង​គត់ គឺ​ឆ្នាំ​១៩៥៥ ហើយ​នៅ​​ឆ្នាំ​១៩៩៣។ ក្រៅ​ពី​ហ្នឹង​មក​គឺ​ផ្ដួល​គ្នា​រហូត អ៊ីចឹង! អ្នក​នយោបាយ​តែ​ចាញ់​រត់​ចូល​ព្រៃ រត់​ចោល​ស្រុក​ដូច លន់ នល់ ឡើង​យន្តហោះ​អត់​ទាន់ ប៉ុល ពត រត់​ចូល​ព្រៃ​អត់​ទាន់។ អ៊ីចឹង! អា​ហ្នឹង​ដោយសារ​អី? អំណាច​មិន​មែន​កើត​ចេញ​ពី ប្រជាធិបតេយ្យ»

លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ឆ្លើយ​ថា អ្នក​នយោបាយ​សព្វថ្ងៃ​មាន​សេរី​ភាព​ពេញលេញ​ធ្វើ​នយោបាយ​ មិន​ថា​បក្ស​ណា​នោះ​ទេ។ លោក​ថា រឿង​អ្នក​នយោបាយ​នានា​ដែល​រត់​ចោលស្រុក និង​មាន​ទោស​នោះ គឺ​មិន​មែន​ហេតុផល​នយោបាយ​ទេ គឺ​ដោយសារ​អ្នក​នយោបាយ​ទាំង​នោះ ដូច​ជា​លោក សម រង្ស៊ី ​សម្ដេច​ក្រុម​ព្រះ​ជាដើម ប្រព្រឹត្ត​ខុស​ច្បាប់។ តែ​បញ្ហា​​ទាំង​​អស់ ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុគ្រោះ​ព្រម​សម្រុះ​សម្រួល​ឡើង​វិញ​ជា​ច្រើន​ដង ​តាម​​​គោលនយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។

លោក សុក ទូច បាន​រំលឹក​ថា អ្នក​នយោបាយ​ប្រទេស​ប្រជាធិបតេយ្យ មិន​កាប់​សម្លាប់​គ្នា​ទេ ដែល​អ្នក​នយោបាយ​ស្រុក​ខ្មែរ​គួរ​ត្រាប់​តាម។ នៅ​ពេល​ដែល​សួរ​ថា តើ​ពេល​ណា​ទើប​អ្នក​នយោបាយ​ខ្មែរ​រួច​ផុត​ពី​ការ​សម្លាប់ ឈប់​ជាប់​គុក ឈប់​រត់​ចោល​ស្រុក​បន្ត​ទៀត? លោក សុខ ទូច ឆ្លើយ​ថា ដរាប​ណា​អ្នក​នយោបាយ​ទាំង​អស់ រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ផង យល់​ច្បាស់ និង​គោរព​លទ្ធិប្រជាធិបតេយ្យ​បាន​ត្រឹម​ត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

davin

ពី usa

Nhek bunchay said his a flexible politic but he is the one a bad politic ,hid politic for the money not for the people.

Sep 28, 2012 10:15 PM

អ្នក​អាន​អនាមិក

Need to re-define POLITIC to fit new era.
POLITIC is not about to kill the opposition to get to power,it is the ART OF IMPROVING LIFE. The winner must respect the looser-everyone abide by law(not Hun Sen or Phay Siphan laws).

Sep 28, 2012 10:13 AM

អ្នក​អាន​អនាមិក

I strongly support Mr Kao Ramy and Mr Sok Touch.

Sep 28, 2012 09:40 AM

អ្នក​អាន​អនាមិក

ទំលាក់កំហុសមកប្រទេសខ្ញុំល្ហូត ត្រង់ជួយសង្រោះពីខ្ញែរក្រហមមិនចាំ តិចឈប់ជូយឡូវ។ មេដឹកណាំអ្នក អោយតែមានបញ្ហាទំលាក់កំហុសមកតែគេ

Sep 28, 2012 08:34 AM

អ្នក​អាន​អនាមិក

អ្នកដឹកនាំល្ងឺខ្លួនឯងមិនអាចបន្ទោស ចិន និង វៀតណាមទេ។

Sep 28, 2012 08:24 AM

មើល​មតិ​ទាំង​អស់.