កូន​ស្រី​មេ​ប៉េអឹម​ខែត្រ​សៀមរាប​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ជំរិត

នៅ​ក្នុង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​នេះ​ករណី​ចាប់​ជំរិត​មួយ​បាន​កើត​ឡើង​ពី​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​នៅ​កណ្តាល​ក្រុង​អង្គរ។

0:00 / 0:00

ក្រុម​ជន​ប្រដាប់​អាវុធ​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​ចាប់​កូន​ស្រី​របស់​ឧត្តមសេនីយ៍​ត្រី ម៉ន សាម៉ុន ដែល​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ខេត្ត​សៀមរាប។

នៅ​ថ្ងៃ​នេះ​ក្រុម​សមត្ថកិច្ច​ខេត្ត​បាន​នាំ​គ្នា​ចេញ​ធ្វើ​ប្រតិបត្តិការ​ដើម្បី​តាម​រក​នឹង​រំដោះ​យក​កូន​ស្រី​លោក​ឧត្តមសេនីយ៍​ត្រី ម៉ន សាម៉ុន នោះ​មក​វិញ។

លោក សាវយុត ធ្វើ​សេចក្តី​រាយការណ៍​តាម​រយៈ​ការសាកសួរ​ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ​នេះ៖

សាវយុត ៖ សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១:១០​នាទី​ថ្ងៃ​ត្រង់​នេះ​មាន​ការចាប់​ជំរិត​កូន​ស្រី​របស់​មេ​បញ្ជាការ​ប៉េអឹម​ប្រចាំ​ខេត្ត​សៀមរាប​មួយ​រូប​ដែល​ជន​ល្មើស​មាន​គ្នា​មួយ​ក្រុម​ប្រមាណ​ជា​១០​នាក់ ហើយ​បាន​ចាប់​កូន​ស្រី​យក​ទៅ​ខណៈ​ពេល​ដែល​កូន​ស្រី​របស់​មេ​បញ្ជាការ​ប៉េអឹម​ជាន់​ខ្ពស់​រូប​នោះ​បាន​ត្រឡប់​មក​ពី​សាលា​រៀន​ហើយ​បំណង​បើក​រថយន្ត​ចូល​ផ្ទះ​របស់​ខ្លួន។

ម៉ាយ៉ារិទ្ធិ ៖ តើ​សមត្ថកិច្ច​មាន​បាន​ចាត់​កម្លាំង​ទៅ​ការពារ​ឬ​ក៏​ធ្វើ​វិធានការ​អ្វី​ដែរ​ឬ​ទេ​ដើម្បី​រំដោះ​យក​កូន​ស្រី​នោះ​មក​វិញ?

សាវយុត ៖ ឥឡូវ​នេះ​ខាង​កង​កម្លាំង​ប៉េអឹម​នៅ​ក្នុង​ខេត្ត​ទាំងអស់​បាន​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​តាម​រក​ក្រុម​ជន​សង្ស័យ​ហើយ​ក្នុង​ពេល​បន្ទាប់​ពី​មាន​ការចាប់​ពង្រត់​កូន​ស្រី​យក​ទៅ​នោះ​គឺ​គេ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​ក្នុង​ចំណោម​នោះ​បាន​បើក​រថយន្ត​របស់​ក្មេង​ស្រី​រងគ្រោះ​ហ្នឹង​ទៅ​កាន់​ស្រុក​ពួក​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​សៀមរាប ហើយ​បើ​តាម​កង​កម្លាំង​បាន​និយាយ​ថា គេ​បាន​សាកសួរ​ទៅ​លើ​ជន​សង្ស័យ​ម្នាក់​ដែល​បាន​ចាប់​ខ្លួន​នោះ គឺ​ពួក​ក្រុម​ចាប់​ពង្រត់​នោះ​មាន​គ្នា​ប្រមាណ​ជា​១០​នាក់​ហើយ​មាន​ប្រដាប់​អាវុធ​ផង។

ម៉ាយ៉ារិទ្ធិ ៖ មាន​ការសន្និដ្ឋាន​ជំហាន​ដំបូង​ចង់​ដឹង​ថា តើ​មូលហេតុ​អ្វី​បាន​ជា​មាន​ការចាប់​ជំរិត​នោះ?

សាវយុត ៖ រហូត​មក​ដល់​ម៉ោង​៥:៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​មីនា​នេះ​ហើយ យើង​នៅ​មិន​ទាន់​មាន​ការដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ការចាប់​ពង្រត់​នោះ​ថា​បណ្ដាល​មក​ពី​ការជំរិត​ទារ​ប្រាក់​ឬ​ក៏​បណ្ដាល​មក​ពី​បញ្ហា​អ្វី​នៅ​ឡើយ​ទេ ព្រោះ​ក្រុម​កង​កម្លាំង​ប៉េអឹម​កំពុង​តែ​ប្រតិបត្តិការ​គ្រប់​ទី​កន្លែង​ទាំងអស់ បិទ​ច្រក​ផ្លូវ​ចេញ​ចូល​ទៅ​រហូត​ដល់​ខេត្ត​កំពង់ធំ ហើយ​រហូត​ទៅ​ដល់​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប និង​ផ្លូវ​ទឹក ផ្លូវ​គោក​អី​ជា​ច្រើន ប៉ុន្តែ​មិន​ទាន់​មាន​សញ្ញា​អំពី​មូលហេតុ​នៅ​ឡើយ ទោះ​បី​ជា​ជន​សង្ស័យ​ដែល​បាន​ចាប់​ខ្លួន​ម្នាក់​នោះ​ក៏​មិន​អាច​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នៅ​ឡើយ​ដែរ។

សូម​បញ្ជាក់​ថា ក្មេង​ស្រី​ដែល​ជា​កូន​មេ​បញ្ជាការ​ប៉េអឹម​ប្រចាំ​ខេត្ត​សៀមរាប​នោះ ឈ្មោះ ម៉ន ស្រីយ៉ា អាយុ​១៦​ឆ្នាំ ដែល​កំពុង​តែ​រៀន​នៅ​ក្នុង​វិទ្យាល័យ​អង្គរ​ក្នុង​ទីរួម​ខេត្ត​សៀមរាប។ ការចាប់​ខ្លួន​នេះ​គឺ​បើ​តាម​សាក្សី​បាន​ប្រាប់​ចុង​ក្រោយ​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​ថា គេ​បាន​ឃើញ​ក្រុម​ជន​ចាប់​ជំរិត​នោះ​បាន​មក​ខ្វែល​ផ្ទះ​មេ​បញ្ជាការ​នោះ​ប្រហែល​ជា​ពីរ​បី​ថ្ងៃ​មក​ហើយ គេ​ឃើញ​មាន​ជន​ខ្លះ​បាន​ស្លៀក​ពាក់​ជា​ឯកសណ្ឋាន​ប៉ូលិស ហើយ​បាន​ចាំ​ឃ្លាំមើល​នៅ​ទី​នោះ ប្លែក​មុខ​ប្រមាណ​ជា​បី​ថ្ងៃ​ទើប​មាន​ព្រឹត្តិការណ៍​ហ្នឹង​កើត​ឡើង។

ម៉ាយ៉ារិទ្ធិ ៖ តើ​ក្រុម​ជន​ទាំង​ដប់​ហ្នឹង​ជា​ក្រុម​នៅ​អង្គភាព​ណា​មួយ​ដែរ​ឬ​ទេ មាន​ការសន្និដ្ឋាន​ពី​អាជ្ញាធរ​ជំហាន​ដំបូង​នោះ?

សាវយុត ៖ រហូត​មក​ដល់​ពេល​នេះ​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​ពី​កង​សមត្ថកិច្ច​មិន​ទាន់​បាន​អ្នក​ណា​បង្ហើប​ឲ្យ​ច្បាស់​នៅ​ឡើយ។ គេ​គ្រាន់តែ​បាន​ប្រាប់​ថា ជន​នោះ​បាន​ប្រើប្រាស់​រថយន្ត​ពីរ​គ្រឿង គឺ​ម៉ាក​កាមរី​ស៊េរី​៩៥ ពណ៌​ខ្មៅ ហើយ​និង​ម៉ាក​កាមរី​ឆ្លាម​ស៊េរី​ទំនើប ពណ៌​ខ្មៅ​ដែរ ធ្វើ​សកម្មភាព​ចាប់​ពង្រត់​កូន​ក្មេង​នោះ​ដាក់​ឡាន​ហ្នឹង​ចល័ត​យក​ទៅ ហើយ​ទុក​ឡាន​ជន​រងគ្រោះ​ហ្នឹង​ចោល ហើយ​ឲ្យ​ជន​មួយ​ទៀត​បើក​ឡាន​ជន​រងគ្រោះ ប៉ុន្តែ​ជន​ម្នាក់​ដែល​បាន​បើក​ឡាន​ជន​រងគ្រោះ​បាន​ចាប់​បាន ហើយ​មិន​ទាន់​បាន​ដឹង​ថា​តើ​នៅ​ក្នុង​ចំណោម​ជន​នោះ​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​តួនាទី​អ្វី​ខ្លះ គឺ​មិន​ទាន់​បាន​ចម្លើយ​នៅ​ឡើយ ហើយ​គ្រាន់តែ​សមត្ថកិច្ច​ខ្លះ​និយាយ​ថា ជន​ដែល​ចាប់​ជំរិត​នោះ​គឺ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​គេ​ដោយ​មាន​ក្រុម​អ្នក​ធ្វើ​សកម្មភាព មាន​ក្រុម​ប្ដូរ​ឡាន​សម្រាប់​គេច​ពង្វៀង​មនុស្ស​យក​ទៅ ហើយ​មួយ​ក្រុម​ទៀត​បាន​បើក​ឡាន​ពង្វៀង​ដាន​ទៅ​ច្រក​ផ្សេង ព្រមទាំង​ទុក​ម៉ូតូ​ម៉ាក​វេវ​ពណ៌​ខ្មៅ​មួយ​គ្រឿង ផ្លាក​លេខ ណ៣៨ ១៦ភព១ ចោល​នៅ​កន្លែង​កើត​ហេតុ​ទៀត។ ដូច្នេះ​គេ​គិត​ថា​ក្រុម​ដែល​ធ្វើ​សកម្មភាព​ចាប់​ជំរិត​នេះ​គឺ​មាន​យុទ្ធសាស្ត្រ​ហើយ​និង​មាន​ការហ្វឹកហាត់​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ។

ម៉ាយ៉ារិទ្ធិ ៖ ដូច្នេះ​ក្មេង​ស្រី​ដែល​ត្រូវ​បាន​ចាប់​ជំរិត​នោះ​មិន​ទាន់​បាន​រំដោះ​មក​វិញ​ទេ?

សាវយុត ៖ រហូត​មក​ដល់​ម៉ោង​៥:៣០​នាទី​ល្ងាច​នេះ គឺ​មិន​ទាន់​មាន​សញ្ញា​ថា​តើ​ក្មេង​ស្រី​នោះ​ទៅ​ដល់​កន្លែង​ណា ហើយ​សមត្ថកិច្ច​កំពុង​តែ​តាម​រក​មិន​ទាន់​បាន​យក​ត្រឡប់​មក​វិញ​នៅ​ឡើយ​ទេ