យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង​ប្រព្រឹត្តទៅ​បាន​ល្អ

ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ សភាពការណ៍​នៃ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅ​ល្អ​ជាង​កាលពី​បោះ​ឆ្នោត​នា​អាណត្តិ​មុនៗ ។

0:00 / 0:00

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា​ការឃោសនា​របស់​គណបក្ស​នីមួយៗ បាន​ប្រព្រឹត្ត​ទៅ​ដូច​តាម​ការគ្រោងទុក ហើយ​ថា​មិន​ទាន់​មាន​ការប៉ះទង្គិច​គ្នា​ណា​មួយ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការឃោសនា​បោះ​ឆ្នោត​នោះ​ឡើយ ។

លោក គល់ បញ្ញា បាន​ឲ្យ​ដឹង​ថា ៖ «យើង​អត់​ទាន់​បាន​ទទួល​របាយការណ៍​ណា​ដែល​ទាក់ទិន​នឹង​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ពី​ការឃោសនា​បោះ​ឆ្នោត​នេះ ។ យើង​ឃើញ​ដំណើរការ​ការឃោសនា​ហ្នឹង​បាន​ប្រព្រឹត្ត​ទៅ​តាម​អ្វី​ដែល​គេ​បាន​គ្រោងទុក ទោះបី​មុន​ការឃោសនា​ហ្នឹង​មាន​ខាង​សាលា​ក្រុង​ចេញ​គោលការណ៍​ណែនាំ​ហាម​ផ្លូវ​មួយចំនួន ។ ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ​យើង​ឃើញ​គណបក្ស​នយោបាយ​គេ​ធ្វើការ​ឃោសនា​ទៅ​តាម​ដង​ផ្លូវ​ធំៗ​បាន»

លោក គល់ បញ្ញា បាន​បន្ថែម​ទៀត​ថា​អ្នក​សង្កេតការណ៍​ទាំង​២១០​នាក់​របស់​អង្គការ​លោក​ទូទាំង​ប្រទេស​នឹង​បន្ត​ការងារ​សង្កេតការណ៍​របស់​ខ្លួន​ដោយ​យកចិត្ត​ទុកដាក់ ដោយសារតែ​នៅ​ប៉ុន្មាន​ខែ​មុន​ការធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ការគំរាម​កំហែង​ខាង​ផ្នែក​នយោបាយ​ទៅ​លើ​សកម្មជន​គណបក្ស​នានា​មាន​ការកើន​ឡើង ។

ចំណែក​ឯ​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក លោក​បណ្ឌិត ហង្ស ពុទ្ធា ក៏​បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​នឹង​លោក គល់ បញ្ញា ដែរ​ថា​សភាពការណ៍​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ដំបូង​នេះ មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ថា​បើ​ទោះបី​ជា​ក្បួន​ដង្ហែ​របស់​គណបក្ស​នយោបាយ​បាន​ជួបគ្នា​ក៏ដោយ ក៏​មិន​មាន​ការប្រើ​ពាក្យ​សម្ដី​វាយ​ប្រហារ​គ្នា​ធ្ងន់ធ្ងរ​ដែល​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ឡើយ ។

លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ៖ «បន្ទាប់ពី​នេះ​ខ្ញុំ​អត់​ទាន់​បាន​ទទួល​របាយការណ៍​ថា​មាន​ការប៉ះទង្គិច ។ ឃើញ​មាន​ការជួប​គ្នា​រវាង​ក្បួន​និង​ក្បួន ប៉ុន្តែ​អត់​មាន​ការប៉ះទង្គិច​គ្នា​ទេ គ្រាន់តែ​ថា​មាន​បញ្ហា​ស្ទះ​ចរាចរណ៍​ប៉ុណ្ណឹង»

ទោះជា​យ៉ាងណា​លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​សម្រួល​ដល់​ការឃោសនា​ដោយ​ការនាំមុខ​ក្បួន​ដង្ហែ ។ លោក​បាន​មាន​ប្រសាសន៍​ថា តាម​ការសង្កេត​ឃើញ​របស់​អង្គការ​លោក មាន​យានយន្ត​របស់​សមត្ថកិច្ច​ដែល​នាំ​មុខ​ក្បួន​ដង្ហែ​ខ្លះ បែរជា​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ក្បួន​ដង្ហែ​តែម្ដង ដែល​មើល​ទៅ​ហាក់បី​ដូច​ជា កំពុងតែ​ចូលរួម​ក្នុង​ក្បួន​ឃោសនា​នោះ​តែម្ដង ។

លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា​អង្គការ​និចហ្វិក​របស់​លោក​បាន​ដាក់​ពង្រាយ​អ្នកសង្កេតការណ៍​ចំនួន​ប្រមាណ​៧.០០០​នាក់​ទូទាំង​ប្រទេស ។

គួរ​ជម្រាប​ថា​គណបក្ស​នយោបាយ​ទាំង​១១​ដែល​ត្រូវ​ចូលរួម​ក្នុង​ការបោះឆ្នោត​សភា​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨​នេះ បាន​ចាប់ផ្ដើម​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ខ្លួន នៅ​ថ្ងៃ​២៦ មិថុនា​នេះ ហើយ​ការឃោសនា​នឹង​ប្រព្រឹត្តទៅ​រហូត​ដល់​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០០៨ ៕