លោក ឆាំង យុ បានមានប្រសាសន៍ថា ល្ខោននិយាយមានចំណងជើងថា ទម្លាយភាពស្ងប់ស្ងាត់ សំខាន់គឺឲ្យអ្នករងគ្រោះក្នុងរបបខ្មែរក្រហមរំឭកឡើងវិញអំពីទុក្ខលំបាកនៅសម័យនោះ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយនិងពិភពលោកបានដឹង។
លោក ឆាំង យុ បានបញ្ជាក់ថា អ្នករស់រានមានជីវិតនៅក្នុងរបបខ្មែរក្រហម ដែលបានដឹងរឿងនោះមានប្រមាណ ៥លាននាក់ រីឯក្មេងៗជំនាន់ក្រោយប្រមាណ ៩លាននាក់ទៀតមិនបានដឹងអំពីរបបខ្មែរក្រហមនោះទេ ថាតើនៅក្នុងរបបនោះគេធ្វើដូចម្តេចខ្លះ?
លោក ឆាំង យុ បានបញ្ជាក់ថា ៖ «គាត់អាចមើលរំលងអំពីសិទិ្ធសេរីភាពក្នុងការបញ្ចេញយោបល់នៅក្នុងទីសាធារណៈដែលគាត់មករាប់រយរាប់ពាន់នាក់មើលល្ខោន និងជជែកគ្នានិយាយរឿងពីមុនមក ដូចថា និយាយដោយចំហ ហើយទី២ទៀត នៅក្នុងរឿងនេះបង្កប់នូវសីលធម៌និងការផ្សះផ្សាជាតិឲ្យចេះគោរពគ្នា ចេះសុំទោស ចេះអត់ឱន»។
នាយកប្រចាំប្រទេសនៃអង្គការអម្រឹតាសិល្បៈ លោក សួន ប៊ុនរិទ្ធ បានមានប្រសាសន៍ថា តួសម្តែងល្ខោននិយាយនេះ គឺជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកល្ខោននិយាយ។
លោកបានឲ្យដឹងទៀតថា ការសម្តែងរបស់ក្រុមសិល្បៈអម្រឹតានៅខែត្រកំពតនេះទទួលបានការគាំទ្រនិងចូលរួមទស្សនាពីប្រជាពលរដ្ឋរាប់ពាន់នាក់ ក្នុងនោះមានទាំងខ្មែរកម្ពុជាក្រោម និងជនជាតិចាម។
លោក សួន ប៊ុនរិទ្ធ បានមានប្រសាសន៍ថា ៖ «មានអ្នកខ្លះគាត់មិននិយាយប្រាប់គេទេ តែពេលដែលគាត់ឮរឿងហ្នឹងហើយគាត់គិតឡើងវិញ ហើយគាត់ចង់និយាយចែករំលែករឿងហ្នឹងដើម្បីឲ្យអ្នកជំនាន់ក្រោយហ្នឹងស្ដាប់ផង ហើយយើងគិតថា កាលណាគាត់មានរឿងឈឺចាប់លាក់ទុកក្នុងចិត្ត បើសិនជាគាត់និយាយចេញមកក្រៅប្រាប់គេទៅ ធ្វើឲ្យគាត់ហ្នឹងដូចរាងធូរស្បើយក្នុងចិត្តបន្តិចដែរ»។
មេឃុំនរាយ លោក អ៊ុំ ផន បានឲ្យដឹងថា លោកពេញចិត្តចំពោះការសម្តែងល្ខោននិយាយស្តីពីការទម្លាយភាពស្ងប់ស្ងាត់ ព្រោះជាការបង្ហាញអំពីភាពអនុគ្រោះ និងផ្សះផ្សាផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។
លោក អ៊ុំ ផន បានបញ្ជាក់ថា ៖ «នេះជាការផ្ដល់នូវប្រវត្តិសាស្ត្រមួយសម្រាប់យុវវ័យរៀនខាងក្រោយហ្នឹងឲ្យស្គាល់ពីការផ្លាស់ប្ដូរនៃរបប សង្គមមួយៗហ្នឹង»។
លោក ឆាំង យុ បានលើកឡើងទៀតថា នៅថ្ងៃទី៥ ដល់ថ្ងៃទី១២ កុម្ភៈ លោកនឹងទៅរៀបចំការសម្តែងល្ខោននិយាយដូចគ្នានេះជាបន្តនៅទីតាំងមួយចំនួនដែលខ្មែរក្រហមបានសម្លាប់ប្រជាពលរដ្ឋអស់ជាច្រើននាក់ ដូចជានៅគុកក្រាំងតាចាន់ ឃុំមឿងចា និងវត្តត្រពាំងធំ ក្នុងស្រុកត្រាំកក់ ខែត្រតាកែវ៕
