រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​នឹង​ទៅ​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិក

2009-09-16

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិក​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ កញ្ញា ២០០៩។

លោក ទៀ បាញ់ ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា គ្រោង​ដឹកនាំ​គណៈប្រតិភូ​មន្រ្តី​យោធា​ជាន់​ខ្ពស់​ចំនួន​៥​រូប​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​ជិត​១​សប្តាហ៍ ចាប់​ពី​ថៃ្ង​ទី​១៨ រហូត​ដល់​ថៃ្ង​ទី​២២ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ទៅ​បើក​ការ​ចរចា​ទ្វេ​ភាគី​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត ផ្តោត​លើ​ការ​ធ្វើ​កិច្ច​អន្តរាគមន៍​ផែ្នក​យោធា​មនុស្សធម៌​ក្នុង​ការ​សង្រ្គោះ​នៅ​គ្រា​ដែល​មាន​គ្រោះ​មហន្តរាយ​និង​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់​និង​នៅ​ក្នុង​លំហ​សមុទ្រ។

លោក​ឧត្តមសេនីយ៍​ឯក ឈុំ សុជាតិ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​និង​ជា​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «សំខាន់​គឺ​បញ្ហា​ពិនិត្យ​លើ​លទ្ធភាព​នៃ​ការ​ជួយ​សង្រ្គោះ គ្រោះ​មហន្តរាយ ដោះមីន បញ្ហា​សង្រ្គោះ​មនុស្ស​ធម៌ ពិនិត្យ​លើ​បញ្ហា​សន្តិសុខ​តំបន់ សន្តិសុខ​ដែន​សមុទ្រ ប្រឆាំង​ភេរវកម្ម»

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គណៈប្រតិភូ​ជាន់​ខ្ពស់​មាន​ចំនួន​៥​រូប​នោះ គឺ​មាន​មន្រ្តី​យោធា​ជាន់​ខ្ពស់​ចំនួន​៣​រូប និង ២​រូប​ទៀត គឺ​លោក ទៀ បាញ់ ជា​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ជា​មន្រ្តី​ជាន់​ខ្ពស់​ផង​ដែរ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជា។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ទៅ​បំពេញ​ទស្សន​កិច្ច​នេះ គឺ​តាម​ការ​អញ្ជើញ​របស់​លោក Robert Gate ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ សហរដ្ឋ​អាមេរិក ហើយ​ជា​ការ​បំពេញ​ទស្សន​កិច្ច​នេះ​គឺ​ជា​លើក​ទី​២​ហើយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក ក្នុង​ការ​ទាក់ទង​ខាង​វិស័យ​យោធា​រវាង​កម្ពុជា​និង​អាមេរិក​នោះ។

មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថៃ្ង​ពុធ ទី​១៦ ខែ​កញ្ញា ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​មន្រ្តី​ការទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជុំវិញ​ដំណើរ​ទស្សន​កិច្ច​ខាង​មុខ​នេះ។ ប៉ុន្តែ​លោកស្រី Carol Rodley ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ថៃ្ង​ទី​៨ ខែ​កញ្ញា​ថ្មីៗ​នេះ នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក កាន់​តែ​ល្អ​ប្រសើរ​ទ្បើង​ថែម​ទៀត។

ដំណើរ​ទស្សន​កិច្ច​ជិត​មួយ​សប្តាហ៍​របស់​គណៈប្រតិភូ​ជាន់​ខ្ពស់​យោធា​កម្ពុជា​ខាង​មុខ​ឆាប់ៗ​នេះ នឹង​ធ្វើ​ទ្បើង​នៅ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​គម្រោង​បញ្ជូន​លោក ហោ ណាំហុង ផង​ដែរ ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ទៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ជាង​មួយ​សប្តាហ៍ នៅ​ថៃ្ង​ទី​២២ ខែ​កញ្ញា ដើម្បី​បើក​ការ​ចរចា​ទេ្វ​ភាគី​ជាមួយ​នឹង​លោកស្រី Hillary Clinton ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ផ្តោត​លើ​ការ​រឹត​ចំណង​ទាក់ទង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។

សូម​ជម្រាប​ថា កាល​ពី​ថៃ្ង​ទី​៤ ខែ​កញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ប្រគល់ ឬ​ផ្តល់​សម្ភារៈ​យោធា​ជា​ច្រើន​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ ៦​លាន​៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​នោះ មាន​ដូច​ជា​មួក​ទាហាន​ចំនួន​១៦.០០០ ថង់​ស្ពាយ​ឬ​សាក់​កាដូ​ចំនួន​៤.០០០ និង​ឯកសណ្ឋាន​ការពារ ចំនួន​៦.០០០ និង​សម្ភារៈ​ផ្សេងៗ​ទៀត ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​កម្ពុជា៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​-​អាមេរិក​នៅ​សិង្ហបុរី

ហោ ណាំហុង នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​អ៊ីតាលី

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចរចា​ជាមួយ​រុស្ស៊ី​ស្ដីពី​បញ្ហា​បំណុល

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ជា​ថ្មី​ទៀត​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា

នាយក​រដ្ឋមន្ត្រី​ជប៉ុន​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​កម្ពុជា​និង​ថៃ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​គ្រោង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ជប៉ុន

កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង

កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​យក​ពលករ​ខ្មែរ​៣.៥០០​នាក់​បន្ថែម​ទៀត