តំបន់​ព្រៃ​ការពារ​មួយ​កន្លែង​ថ្មី​ទៀត​នៅ​រតនគិរី​ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ

ព្រៃ​ឈើ​មួយ​កន្លែង​ថ្មី​ទៀត​នៅ​ខេត្ត​រតនគិរី ដែល​មាន​លិខិត​ទទួល​ស្គាល់ និង​ចាត់​ទុក​ជា​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវ​បាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈូស​ឆាយ​អស់​ប្រមាណ ៣០​ហិកតារ​ដើម្បី​យក​ដី។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ ក្រុម​អ្នក​យក​ព័ត៌មាន និង​អ្នក​ថត​វីដេអូ​វិទ្យុ​អាស៊ីសេរី បាន​ទៅ​ដល់​ការដ្ឋាន​កាប់​រាន​ព្រៃ​យក​ដី សង្កេត​ឃើញ​ថា ក្រៅ​ពី​ដើម​ឈើ​ដែល​គេ​ឈូស​រំលំ និង​ឈូស​គរ​ទុក​ជា​គំនរ​នោះ មិន​ឃើញ​មាន​កម្មករ ឬ​គ្រឿងចក្រ​អ្វី​បន្ត​ឈូស​ឆាយ​នៅ​ទី​នោះ​ទៀត​ទេ។

តាម​ការ​ពិនិត្យ​ទីតាំង​នោះ​ឃើញ​ថា រោង​ស្នាក់​នៅ​របស់​ក្រុម​កម្មករ​នៅ​ទី​នោះ ត្រូវ​បាន​រុះរើ​ចេញ​ថ្មី​កាល​ពី​យប់​ថ្ងៃ​២៥ វិច្ឆិកា នេះ បន្សល់​តែ​តួ​ឆ្អឹង​រោង​ស្នាក់នៅ​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​បើ​តាម​មន្ត្រី​អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ដែល​លោក​បាន​ចុះ​ទៅ​ដល់​ការដ្ឋាន​នេះ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​២៥ វិច្ឆិកា មាន​រោង​ប្រក់​សំពត់​កៅស៊ូ​មួយ​ខ្នង មាន​កម្មករ​ស្នាក់​នៅ​ប្រមាណ ៧ ទៅ ១០​នាក់ និង​ឃើញ​មាន​គ្រឿងចក្រ​ប្រភេទ​ប៊ុលឌុលហ្សែ កំពុង​ឈូស​ឆាយ​រំលំ​ដើម​ឈើ​នៅ​ទី​នោះ​មែន។

តាម​មន្ត្រី​មូលដ្ឋាន និង​ក្រុម​សហគមន៍​អ្នក​ការពារ​ព្រៃ​នោះ​ឲ្យ​ដឹង​ថា ព្រៃ​នោះ​នៅ​ចំណុច​អូរចង្វា ភ្នំ​ទ្រូ គឺ​ជា​ព្រៃ​ដែល​មាន​លិខិត​ទទួល​ស្គាល់​ដោយ​ក្រសួង​មន្ទីរ​ជំនាញ និង​មន្ត្រី​មូលដ្ឋាន​បាន​ដាក់​ជា​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

២៦-វិច្ឆិកា-២០១២៖ អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បង្ហាញ​ផែនទី​ព្រៃ​សហគមន៍​នៅ​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បាន​ឈូស​ឆាយ​យក​ដី។
២៦-វិច្ឆិកា-២០១២៖ អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បង្ហាញ​ផែនទី​ព្រៃ​សហគមន៍​នៅ​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បាន​ឈូស​ឆាយ​យក​ដី។ (RFA/Ratha Visal)

មេ​ឃុំ​លំជ័រ គឺ​លោក សេវ ថ្វាន បាន​បញ្ជាក់​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍ បាន​ចូល​មក​ឈូស​ឆាយ​ដី​ព្រៃ​នោះ​តាំង​ពី​សប្ដាហ៍​មុន ដោយ​សំអាង​ថា ដី​តំបន់​នោះ​ក្រុមហ៊ុន​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​ឲ្យ​ឈូស​ឆាយ​ដី​ព្រៃ​ជាង ៦០០​ហិកតារ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត គឺ​លោក វង់ សុខសេរី នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​លិខិត​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ ក៏​ប៉ុន្តែ​លោក​មិន​អធិប្បាយ​អ្វី​ច្រើន​ទេ ដោយ​លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ចុះ​ទៅ​កាន់​ទី​នោះ និង​កំពុង​ផ្ទៀងផ្ទាត់​មើល។

រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​រក​ឃើញ​ថា តើ​អ្នក​ណា​ជា​ប្រធាន​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ នោះ​ទេ ក៏ប៉ុន្តែ​អ្នក​មក​ប្រែ​សំរាប់​ក្រុមហ៊ុន ដែល​គេ​ហៅ​ឈ្មោះ​ថា លោក ម៉ាប់ បាន​បញ្ជាក់​ថា ការ​ឈូស​ឆាយ​នេះ គឺ​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​បាន​ពិនិត្យ​រួច​ហើយ។ លោក​បាន​បដិសេធ​ថា លោក​ពុំ​ដឹង​ជុំវិញ​ការ​​ចោទ​ប្រកាន់​របស់​ក្រុម​សហគមន៍ ថា​ដី​ព្រៃ​នោះ​ជា​ដី​ព្រៃ​ការពារ និង​ការ​ដក​គ្រឿង​ចក្រ និង​ក្រុម​កម្មករ​ចេញ​ភ្លាមៗ​ពី​ការដ្ឋាន​ឈូស​ឆាយ បន្ទាប់​ពី​បែក​រឿង​ឈូស​ឆាយ​ដី​ព្រៃ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក​មេ​ឃុំ និង​តំណាង​សហគមន៍ លោក សេវ យួន បាន​បញ្ជាក់​ច្បាស់​ថា ព្រៃ​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ពិត​ជា​ព្រៃ​សហគមន៍​ការពារ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រឹមត្រូវ ហេតុ​នេះ​ពួក​គាត់​គ្រោង​នឹង​ធ្វើ​ពាក្យ​ប្ដឹង​ករណី​នេះ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន និង​មន្ត្រី​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ​លើ​ការ​បំផ្លាញ​ព្រៃ​ឈើ​នេះ ពីព្រោះ​ឯកសារ​លិខិត​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​របស់​ក្រសួង​កសិកម្ម ដែល​ពួក​គាត់​ទទួល​បាន​ពី​ក្រុមហ៊ុន បាន​ចែង​ថា មុន​ឈូស​ឆាយ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ កាត់​ចេញ​ដី​តំបន់​ប៉ះពាល់​ព្រៃ​ការពារ ដី​ព្រៃ​ស្រោង និង​ដី​ប្រជាពលរដ្ឋ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។