ចំណែកឯមនុស្សដែលកំពុងតែឆ្លង ឬកើតជំងឺគ្រុនឈាមនេះបានកើនទ្បើងដល់ចំនួន ៣.៣៣៣នាក់ហើយនៅទូទាំងប្រទេសកម្ពុជាដែលអ្នកជំងឺភាគច្រើនជាកុមារ។
លោក ង៉ាន់ ចន្ថា ជាប្រធាននៃកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា លោកមានការព្រួយបារម្ភចំពោះការកើនឡើងនៃអ្នកជំងឺគ្រុនឈាម ប៉ុន្តែបញ្ហានេះនៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅទ្បើយទេ។
លោក ង៉ាន់ ចន្ថា ថ្លែងដូច្នេះថា ៖ «អាទិត្យទី២៤ មាន ៣.៣៣៣ ស្លាប់ ១០នាក់។ មូសហ្នឹង យើងមិនដឹងថាវាខាំនៅផ្ទះ ឬក៏វានៅសាលារៀន ព្រោះក្មេងស្លាប់ហ្នឹង ខ្លះក្នុងវ័យរៀនសូត្រដែរ»។
ចាប់តាំងពីខែមេសាមក កុមារចំនួន១០នាក់ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាមនោះ មានអាយុក្រោម១០ឆ្នាំ និងលើស១០ឆ្នាំនៅក្នុងខេត្តកំពង់ចាមម្នាក់ កំពង់ឆ្នាំងម្នាក់ កំពង់ស្ពឺម្នាក់ កំពង់ធំ ២នាក់ ក្រចេះ៤នាក់ និងខេត្តសៀមរាបម្នាក់។ ចំណែកឯអ្នកកើតឬឆ្លងជំងឺគ្រុនឈាម ចំនួន៣.៣៣៣នាក់នោះ សុទ្ធតែជាកុមារក្រោមអាយុ ១៥ឆ្នាំ។
ការអប់រំនៅមូលដ្ឋានឲ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីបង្ការកំពុងតែបន្តធ្វើនៅទ្បើយតាមរយៈមន្រ្តីជំនាញចុះទៅអប់រំផ្ទាល់និងការផ្សាយតាមទូរទស្សន៍នានា។
នៅក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនានេះ មានការដង្ហែក្បួនដោយមានអ្នកចូលរួមជាច្រើនរយនាក់នៅតាមដងផ្លូវនានាដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីបង្ការជំងឺគ្រុនឈាមនេះ។
រដូវជំងឺគ្រុនឈាមបានចាប់ផ្តើមកាលពីខែមេសារហូតដល់ខែតុលាខាងមុខនេះ។
លោក ង៉ាន់ ចន្ថា បានបន្តថា ក្រសួងសុខាភិបាលកំពុងតែត្រៀមចែកចាយថ្នាំអាប៊ែតចំនួន ៧០តោនទៀត ជូនប្រជាពលរដ្ឋខែ្មរឆាប់ៗខាងមុខនេះនៅទូទាំង២៤ខេត្តក្រុង បន្ទាប់ពីថ្នាំអាប៊ែត ចំនួន១២០តោន ត្រូវបានចែកចាយជាលើកដំបូងចប់សព្វគ្រប់កាលពីពេលថ្មីៗនេះ។
លោក ណុប សុវណ្ណ អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិតារាជ ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាទីដែលមិនសម្បូរភ្លៀងធ្លាក់ បានថែ្លងអំពីស្ថានភាពជំងឺគ្រុនឈាមនៅក្នុងភូមិឃុំរបស់លោកថា ៖ «ជំងឺគ្រុនឈាមដូចជាមិនសូវមានទេ ជិតខាងភូមិខ្ញុំដែលខ្ញុំដឹង ឥឡូវមិនទាន់មានទឹកភ្លៀងច្រើន ព្រោះរាំងហ្នឹង អត់ទាន់បានទឹកធ្វើស្រែបរិបូរណ៍នៅឡើយ។ អ្នកស្ម័គ្រចិត្តសុខភាពភូមិ ឃើញមានចែកថ្នាំអាប៊ែត ដាក់តាមពាងទឹករបស់ពលរដ្ឋតាមភូមិអ៊ីចឹងដែរ»។
ប្រជាពលរដ្ឋខែ្មរម្នាក់រស់នៅក្នុងឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល បានថែ្លងដែរថា ៖ «ក្រុមគ្រួសារខ្ញុំដូចអត់អីដែររឿងគ្រុនឈាមអីហ្នឹង អ្នកផ្សេងមួយចំនួនមានមួយៗដែរ ក្មេងៗ អត់ស្លាប់ទេគ្រាន់តែឈឺយកទៅពេទ្យ។ បញ្ហាខែវស្សាអ៊ីចឹង វាសម្បូរមូសខ្លា»។
កាលពីឆ្នាំ២០០៨កន្លងទៅ ជំងឺគ្រុនឈាមបានសម្លាប់ប្រជាពលរដ្ឋខែ្មរចំនួន២៣នាក់ ហើយអ្នកកើតជំងឺនេះមានចំនួន ១.៨១១នាក់។ បើប្រៀបធៀបនឹងឆ្នាំ២០០៧កន្លងទៅ ជំងឺគ្រុនឈាមបានសម្លាប់ប្រជាពលរដ្ឋខែ្មរចំនួន២៥០នាក់និងអ្នកកើតជំងឺនេះ មានចំនួន ១២.៨៥៨នាក់ ភាគច្រើនជាកូនកេ្មង៕
