គណៈ​ប្រតិភូ​ពី​ប្រទេស​សហភាព​អឺរ៉ុប​និង​អាស៊ាន​មក​ដល់​កម្ពុជា

គណៈប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី​មក​ពី​ប្រទេស​សហភាព​អឺរ៉ុប​ចំនួន ២៩​ប្រទេស និង​មក​ពី​ប្រទេស​អាស៊ាន​ចំនួន ៩​ប្រទេស​ទៀត​បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី​២៧ ឧសភា​នេះ ដើម្បី​ចាប់​ផ្តើម​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ឧសភា។

0:00 / 0:00

លោក ហ៊ុល ផានី ប្រធាន​នាយកដ្ឋាន​សារ​ព័ត៌មាន​ក្រសួង​ការ​បរទេស បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ឧសភា​នេះ មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទទួល​ជួប​ជា​បន្ត​បន្ទាប់​ជាមួយ​គណៈប្រតិភូ​បរទេស​មួយ​ចំនួន ហើយ​មាន​ការ​ចូល​គាល់​ព្រះ​មហាក្សត្រ​និង​មាន​ការ​ជប់​លៀង​ស្វាគមន៍​គណៈប្រតិភូ​ផង។

លោក ហ៊ុល ផានី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ក្នុង​កម្មវិធី​ហ្នឹង​វា​មាន​អ៊ីចឹង គឺ​ស្អែក សម្ដេច​គាត់​ចូល​បើក ហើយ​បន្ទាប់​មក​គណៈប្រតិភូ​ហ្នឹង គឺ​នៅ​មាន​ការ​ជួប​គ្នា​ដើម្បី​និយាយ​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​អាស៊ាន និង EU (សហភាព​អឺរ៉ុប) ហ្នឹង​ទៅ ហើយ​ដល់​ពេល​ល្ងាច កិច្ចការ​ហ្នឹង​ក៏​បន្ត​ទៀត។ ហ្នឹង​គឺ​មាន​តែ​ប៉ុណ្ណឹង។ ហើយ​ថ្ងៃ​នេះ គឺ​ចូល​គាត់​ព្រះ​ករុណា ហើយ​ល្ងាច​នេះ​មាន​ជប់​លៀង»

យោង​តាម​ប្រភព​មន្រ្តី​ក្រសួង​ការ​បរទេស កិច្ច​ប្រជុំ​អាស៊ាន​-សហភាព​អឺរ៉ុប​នៅ​កម្ពុជា​នេះ នឹង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​កិច្ច​សហការ​រវាង​អាស៊ាន​ជាមួយ​សហភាព​អឺរ៉ុប​ទៅ​លើ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច ក្នុង​នោះ នឹង​មាន​ការ​ពិភាក្សា​ទាក់ទង​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក បញ្ហា​ស្បៀង បញ្ហា​ប្រឆាំង​ភេរវកម្ម​និង​បរិស្ថាន​ផង​ដែរ។

ឯកសារ​ដែល​ចែក​ផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា គណៈប្រតិភូ​ដែល​មក​ពី​សហគមន៍​អឺរ៉ុប មាន​រដ្ឋមន្រ្តី​ចំនួន​១៣​រូប​និង​មន្រ្តី​ថ្នាក់​ប្រហាក់​ប្រហែល​រដ្ឋមន្រ្តី​មាន​ចំនួន​១៣​រូប។ចំពោះ​គណៈប្រតិភូ​មក​ពី​ប្រទេស​អាស៊ាន​ទាំង​៩ វិញ មាន​រដ្ឋមន្ត្រី​ចំនួន ៧​រូប និង​គណៈ​ប្រតិភូ​ថ្នាក់​ប្រហាក់​ប្រហែល​រដ្ឋមន្រ្តី​មាន​ចំនួន ៣​រូប។

មន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ មាន​អ្នក​កាសែត​ជិត ២០០​នាក់ តាម​ដាន​យក​ព័ត៌មាន​ព្រឹត្តិការណ៍​នេះ ដោយ​ក្នុង​នោះ​មាន​អ្នក​កាសែត​បរទេស​មក​ពី​ក្រៅ​ចំនួន ១៧​នាក់ អ្នក​កាសែត​បរទេស​ដែល​មាន​ទី​ស្នាក់ការ​នៅ​ក្នុង​ប្រទេស​មាន​ចំនួន ៥៨​នាក់ និង​អ្នក​កាសែត​ជាតិ​មាន​ចំនួន ១២២​នាក់។

នៅ​ស្រប​ពេល​មាន​កិច្ច​ប្រជុំ​អាស៊ាន​-សហភាព​អឺរ៉ុប​នៅ​ក្រុង​ភ្នំពេញ​នេះ ក៏​មាន​ការ​តវ៉ា​ដោយ​សកម្មជន​មួយ​ចំនួន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កើត​មាន​នៅ​មុខ​ទី​ស្នាក់ការ​ស្ថានទូត​ប្រទេស​ភូមា​នៅ​កម្ពុជា ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោកស្រី អ៊ុង​សាន ស៊ូជី មេ​ដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់ ហើយ​អាច​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ឃុំ​ច្រើន​ឆ្នាំ​ទៀត​នោះ៕