ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបំពេញបន្ថែមនូវចំណុចខ្វះខាតទាក់ទងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលកម្ពុជាមិនទាន់បានអនុវត្តឲ្យស្របតាមបទដ្ឋានអន្តរជាតិនៅឡើយ។ ទោះយ៉ាងនេះក្តី លោកស្រី ខារ៉ល រ៉ដលី (Carol Rodley) បានទទួលស្គាល់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមានចំណុចខ្លះរដ្ឋាភិបាលអនុវត្តបានមួយចំនួនដែរ។
លោកស្រី ខារ៉ល រ៉ដលី មានប្រសាសន៍ថា ៖ "យើងសូមសរសើរនូវវិស័យណាដែលរីកចម្រើន ទាក់ទងវិស័យសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយយើងក៏មានការសោកស្តាយនូវវិស័យមួយចំនួនទៀត ដែលវិស័យសិទ្ធិមនុស្សមានការដើរថយក្រោយ ឬក៏ប្រជាធិបតេយ្យមានការដើរថយក្រោយ"។
ប្រទេសកម្ពុជាត្រូវបានក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីបក្សប្រឆាំងធ្វើការរិះគន់ពីការរំលោភសិទ្ធិទាក់ទងនឹងការបណ្តេញចេញដោយបង្ខំ ការរឹបអូសយកដីធ្លី ការគំរាមកំហែងនិងបំភិតបំភ័យអ្នកការពារសិទ្ធិមនុស្ស ចាប់ខ្លួនអ្នកតវ៉ា ឬសកម្មជនសហគមន៍ចំពោះការតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិផ្សេងៗ និងការបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងកាត់ទោសតំណាងរាស្ត្រគណបក្សប្រឆាំង និងប្រព័ន្ធតុលាការមិនឯករាជ្យ។
លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ត្រូវបានសារព័ត៌មានដកស្រង់សម្តីមកចុះផ្សាយថា ប្រទេសកម្ពុជាមិនមែនជាឋាននរក ហើយកម្ពុជាក៏មិនទាន់ក្លាយជាឋានសួគ៌មួយនៃសិទ្ធិមនុស្សនោះដែរ។ លោកបញ្ជាក់ថា វិស័យសិទ្ធិមនុស្សនៅកម្ពុជារដ្ឋាភិបាលកំពុងធ្វើការដោះស្រាយ និងពង្រឹងនូវចំណុចខ្វះខាតឲ្យមានភាពប្រសើរឡើងទៅថ្ងៃខាងមុខ។
ទោះជាបែបណាក៏ដោយ លោកស្រី ខារ៉ល រ៉ដលី មិនបានបញ្ជាក់ឲ្យបានច្បាស់ថា ចំណុចខ្វះខាតអ្វីខ្លះទាក់ទងទៅនឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលរដ្ឋាភិបាលត្រូវធ្វើការកែតម្រូវនិងកែលម្អនោះទេ ដោយគ្រាន់តែបញ្ជាក់ខ្លីតាមរយៈអ្នកបកប្រែភាសាថា ត្រូវកែលម្អចំណុចមួយចំនួននៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលបានដើរថយក្រោយប៉ុណ្ណោះ។
លោកស្រីឯកអគ្គរដ្ឋទូត ខារ៉ល រ៉ដលី បន្ថែមថា ៖ "មានវិស័យខ្លះដំណើរការទៅបានល្អ និងវិស័យខ្លះបានដើរថយក្រោយ"។
លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានលោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈក្នុងការពង្រឹងវិស័យសិទ្ធិមនុស្សនេះដែរ។ ក៏ប៉ុន្តែស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបច្ចុប្បន្នមិនទាន់អនុវត្តស្របតាមតម្រូវការបទដ្ឋានអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងបានទទួលយកដើម្បីអនុវត្តតាម ពិសេសទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។ លោក ស៊ូប៊ែឌី មានប្រសាសន៍ដូច្នេះ ធ្វើឡើងក្នុងបេសកម្មស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សលើកទី២ នៅកម្ពុជាដែលត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមករា៕