លោក ង៉ាន់ ចន្ថា នាយកនៃកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល ប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងច័ន្ទ ទី២ ខែវិច្ឆិកានេះ ថា ស្ថានការណ៍នៃជំងឺគ្រុនឈាមនោះនៅល្អច្រើនជាងឆ្នាំ២០០៧ និងឆ្នាំ២០០៨កន្លងទៅ។
លោក ង៉ាន់ ចន្ថា បានឲ្យដឹងថា ៖ «ឆ្លង១៨៨៦(នាក់) និងស្លាប់៣៤នាក់។ តួលេខដែលយើងទទួលបានភាគច្រើនគឺក្មេងក្រោមអាយុ១៥ឆ្នាំ ប៉ុន្តែយើងមិនបានដឹងអំពីតួលេខពិតប្រាកដរបស់មនុស្សចាស់ទេ ពីព្រោះយើងអត់ទាន់មានប្រព័ន្ធ គ្រប់គ្រងនៅតាមមន្ទីរពេទ្យសម្រាប់មនុស្សចាស់នៅទ្បើយ»។
ខេត្តដែលមានប្រជាពលរដ្ឋស្លាប់និងកើតជំងឺគ្រុនឈាមនោះច្រើនជាងគេ មានដូចជាខេត្តកំពង់ចាម, រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកណ្តាល, ខេត្តសៀមរាប, ខេត្តតាកែវ, ខេត្តកំពត និងខេត្តក្រចេះ ជាដើម។
មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលដដែលបានបន្ទោសថា ការប្រែប្រួលនៃកម្ដៅផែនដី ការផ្លាស់ទីរបស់ប្រជាពលរដ្ឋ បញ្ហាអនាម័យនិងសំណង់នានា គឺជាមូលហេតុសំខាន់ចំពោះការរីករាលដាលនៃជំងឺនេះ។ រដូវជំងឺគ្រុនឈាមដែលបានចាប់ផ្តើមតាំងពីខែមេសាមកនោះនឹងថយចុះវិញនៅចុងខែតុលានេះតទៅ។
ក្រសួងសុខាភិបាលបានចែកចាយថ្នាំអាប៊េតចំនួនសរុប២១៦តោនហើយដល់ប្រជាពលរដ្ឋទូទាំង២៤ខេត្តក្រុង ដោយមិនយកកម្រៃដើម្បីសម្លាប់ដង្កូវទឹក។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង បានរិះគន់ថា មន្រ្តីជំនាញក្រសួងសុខាភិបាលនៅមូលដ្ឋានបានចុះចែកថ្នាំអាប៊េតនិងសម្ភារៈការពារជំងឺគ្រុនឈាមនោះនៅតែទីប្រជុំជន ៖ «មានកើតច្រើន! ទី១ ដោយសាររដូវនេះជារដូវកាលទឹកវាទ្បើងជន់ ទឹកទន្លេផងនិងទឹកភ្លៀងផង ហើយដល់ពេលអ៊ីចឹងទៅ ប្រជាពលរដ្ឋ ជាពិសេសគាត់អត់មានមុង អត់មានថ្នាំបង្ការ ដូចជាមូសខាំគាត់ គាត់អត់មានថ្នាំមូស អត់មានមុងឬក៏ថ្នាំជ្រលក់មុងសម្រាប់ការពារជំងឺគ្រុនឈាម កុំឲ្យមូសខ្លាមកជិតគាត់ទេ។ ជាពិសេសកុមារ កើតទ្បើងច្រើនណាស់ ហើយគ្រោះថ្នាក់បាត់បង់ជីវិតក៏កើតទ្បើងច្រើនដែរនៅក្នុងខេត្តព្រៃវែងរបស់ខ្ញុំហ្នឹង»។
សុខ សេរី ៖ អាហ្នឹងគឺដោយសារតែភ្នាក់ងារសុខាភិបាលមិនបានទៅដល់តំបន់របស់លោកឬក៏យ៉ាងម៉េច? ពលរដ្ឋ ៖ គេទៅតែប្រជុំជន ដូចនៅទីផ្សារនៅអីអ៊ីចឹងទៅ។ គាត់ចាក់ស្ពតតាមទូរទស្សន៍បន្តិចបន្តួច ហើយប្រជាពលរដ្ឋគាត់មិនសូវជាបានយល់ដឹង ជាពិសេសសេដ្ឋកិច្ចរបស់គាត់ធ្លាក់ចុះ គាត់ក្រីក្រ មានទូរទស្សន៍ឯណាមើល វិទ្យុគ្មានស្តាប់ តែបាយគ្មានហូបផង។
កាលពីឆ្នាំ២០០៨កន្លងទៅ ជំងឺគ្រុនឈាមបានសម្លាប់ប្រជាពលរដ្ឋចំនួន៥៦នាក់ និងមានអ្នកកើតជំងឺនេះចំនួន៧៧៣៤ ប្រៀបធៀបទៅនឹងឆ្នាំ២០០៧កន្លងទៅ ជំងឺគ្រុនឈាមបានសម្លាប់ប្រជាពលរដ្ឋចំនួនច្រើនរហូតដល់៣៩៣នាក់ និងមានអ្នកកើតជំងឺនេះចំនួន៣៨.៣៩០នាក់នៅទូទាំងប្រទេស៕
