មនុស្ស​២​នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម

មន្រ្តី​ជំនាញ​ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន​២​នាក់​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ និង​មាន​ជិត​៧០០​នាក់​ផ្សេង​ទៀត​កំពុង​តែ​កើត​ជំងឺ​គ្រុន​ឈាម​នេះ​នៅ​តាម​បណ្តា​ខេត្ត​នានា។

លោក ង៉ាន់ ចន្ថា នាយក​នៃ​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា ៖ «ខែ​៤​យើង​នេះ អ្នក​ឈឺ​សរុប​មាន​៦៧៣​នាក់ ស្លាប់​២ មូស​ខាំ។ មូស​ហ្នឹង​មក​ពី​ណា? គឺ​មូស​ហ្នឹង​មក​ពី​បរិស្ថាន​អនាម័យ​យើង​អត់​ស្អាត នៅ​តាម​ផ្ទះ​សម្បែង​យើង​យើង​អត់​បាន​សម្អាត​ឲ្យ​បាន​ល្អ​អី​អ៊ីចឹង ហើយ​បង្ក​ឲ្យ​ទៅ​ជា​សំបុក​មូស​អី​អ៊ីចឹង។ ទូទាំង​ស្រុក​ខ្មែរ​តែ​ម្ដង គឺ​២៤​ខេត្ត​ក្រុង ក្នុង​ចំណោម​៦៧៣​ហ្នឹង ខេត្ត​ដែល​ច្រើន​ជាង​គេ​គឺ​រាជធានី​ភ្នំពេញ។ រាជធានី​ភ្នំពេញ​គឺ​ថា​មាន​រហូត​ដល់​២២៣​នាក់​ឯ​ណោះ អត់​ស្លាប់​ទេ។ ស្លាប់​ហ្នឹង​គឺ​ទី​១​នៅ​ក្នុង​ខេត្ត​កំពង់ចាម ទី​២​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ»

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​កំពុង​តែ​ចាត់​វិធានការ​ចែក​ថ្នាំ​អាប៊េត​ចំនួន​១១០​តោន​ជា​បណ្តើរៗ​ជូន​ប្រជាពលរដ្ឋ​ខែ្មរ​ជា​ច្រើន​ម៉ឺន​គ្រួសារ​ដើម្បី​ទុក​កម្ចាត់​ដង្កូវ​ទឹក​និង​មូស​ដែល​ជា​ប្រភព​នៃ​ការឆ្លង​ជំងឺ​គ្រុន​ឈាម​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​នៅ​កម្ពុជា​ដោយ​មិន​គិត​ថៃ្ល​នៅ​គ្រា​ដែល​រដូវ​គ្រុន​ឈាម​កំពុង​តែ​ចាប់ផ្តើម​ចាប់​ពី​ខែ​មេសា​រហូត​ដល់​ខែ​តុលា​ខាង​មុខ៕