មន្ត្រីរូបនេះបានទទូចសុំឲ្យប្រជាពលរដ្ឋនានា ចូលរួមសហការជាមួយមន្ត្រីក្រសួងសុខាភិបាលដោយលុបបំបាត់ជម្រកមូសខ្លា និងជានិច្ចកាលចូលសម្រាន្តក្នុងម៉ុងនៅពេលសម្រាក។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ បានឲ្យដឹងថា នៅក្នុងរយៈពេល ១៤សប្ដាហ៍ ដើមឆ្នាំ២០១២ នេះ ជំងឺគ្រុនឈាមបានសំលាប់កុមារចំនួន ៨នាក់ និងមានកុមារកើតជំងឺគ្រុនឈាមចំនួន ១.០៦៤នាក់។ ប្រៀបធៀបឆ្នាំ២០១១ កន្លងទៅនៅក្នុងរយៈពេលដូចគ្នានេះ ជំងឺគ្រុនឈាមបានសំលាប់កុមារចំនួន ៤នាក់ និងមានកុមារកើតជំងឺនេះចំនួន ៣៣៩នាក់ គឺមានន័យថា ជំងឺគ្រុនឈាមបានកើនជាងឆ្នាំ២០១១ ស្មើនឹងចំនួន ៣០៣%។
ក្រសួងសុខាភិបាលកំពុងតែចាប់ផ្ដើមដំណើរការចែកថ្នាំអាប៊េត (Abet) ជូនប្រជាពលរដ្ឋនៅតាមខេត្តក្រុងនានា ដោយមិនយកកម្រៃទេ ដើម្បីដាក់ក្នុងពាងទឹកសំលាប់ដង្កូវទឹក ដែលកើតជាមូសខ្លាញីខាំនាំឲ្យកុមារកើតជំងឺគ្រុនឈាមនោះ។
ក្រសួងសុខាភិបាលកំពុងតែត្រៀមថ្នាំអាប៊េតចំនួនជាង ១៧០តោន នៅឆ្នាំ២០១២ នេះ គឺកើនជាងឆ្នាំ២០១១ កន្លងទៅនេះ នៅគ្រាដែលស្ថានការណ៍ជំងឺគ្រុនឈាមកំពុងតែរីករាលដាលខ្លាំងនៅដើមឆ្នាំ២០១២។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល លោក ច ម៉េងចួ បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកំពុងតែធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនេះ៖ «យើងបានឆ្លើយតបនឹងសភាពការណ៍នេះតាំងពីដើមទីមក។ យើងបានសហការជាមួយនឹងអង្គការដៃគូជាមួយក្រសួងអង្គភាពពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន គឺថាទី១ គឺថាផ្សព្វផ្សាយជាសាធារណៈសញ្ញាហានិភ័យ ដូចបានជម្រាបខាងលើហ្នឹង តាំងពីពាក់កណ្ដាលខែកុម្ភៈ មក»។
ប្រជាពលរដ្ឋនៅភូមិល្វា ឃុំល្វា ស្រុកកោះសូទិន ខេត្តកំពង់ចាម លោក មាស លី បានមានប្រសាសន៍ថា កុមារចំនួន ៦នាក់ កើតជំងឺគ្រុនឈាមនៅភូមិរបស់លោកនៅពេលនេះ៖ «វាភ្លៀងខុសរដូវកាលទានណា ទៅតាមដំណើរនៃភ្លៀងហ្នឹង។ ឥឡូវនេះទឹកដក់ច្រើនណាស់ សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល សូមលោកប្រយ័ត្នប្រយែង ព្រោះភ្លៀងច្រើន ហើយភ្លៀងទឹកដក់ជុំវិញ...»។
របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងរយៈពេល ១៤សប្ដាហ៍ដើមឆ្នាំ២០១២ នៅខេត្តកណ្តាល មានកុមារកើតជំងឺគ្រុនឈាមចំនួន ២២៥នាក់ ស្លាប់ម្នាក់ ប្រៀបធៀបឆ្នាំ២០១១ មានកុមារកើតជំងឺគ្រុនឈាមចំនួន ៥៤នាក់ និងស្លាប់ម្នាក់។ នៅរាជធានីភ្នំពេញ មានកុមារកើតជំងឺគ្រុនឈាមចំនួន ២០៧នាក់ និងស្លាប់ ២នាក់ ប្រៀបធៀបឆ្នាំ២០១១ កន្លងទៅ មានកុមារកើតជំងឺគ្រុនឈាមចំនួន ១០៤នាក់ និងគ្មានអ្នកស្លាប់ទេ។
ក្រៅពីនេះ នៅដើមឆ្នាំ២០១២ នេះដែរ មានកុមារកើតជំងឺគ្រុនឈាមនៅខេត្តកំពង់ចាម ចំនួន ១៣៧នាក់ នៅខេត្តបន្ទាយមានជ័យ មានកុមារកើតជំងឺគ្រុនឈាមចំនួន ១២៧នាក់ ស្លាប់ ២នាក់ និងខេត្តកំពង់ស្ពឺ មានកុមារកើតជំងឺគ្រុនឈាមចំនួន ១២៥នាក់។
រដូវជំងឺគ្រុនឈាមគឺចាប់ពីខែឧសភា ដល់ខែតុលា។ លោក ច ម៉េងចួ បានមានប្រសាសន៍ថា រោគសញ្ញានៃជំងឺគ្រុនឈាម គឺធ្វើឲ្យកុមារក្ដៅខ្លួនជិត ៤០អង្សាសេ និងមានកន្ទួលក្រហមនៅលើស្បែក គឺត្រូវតែប្រញាប់ប្រញាល់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យ និងហាមប្រើថ្នាំអាស្ពីរីន (Aspirin) ដែលអាចគ្រោះថ្នាក់ដល់ជីវិត។
ក្រសួងសុខាភិបាលត្រូវការថវិកាចំនួនជាង ២លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដើម្បីចំណាយលើយុទ្ធនាការទប់ទល់ការរីករាលដាលជំងឺគ្រុនឈាមនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
