ជំងឺ​គ្រុនឈាម​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន

ដោយសារ​ការ​រស់​នៅ​ខ្វះ​អនាម័យ និង​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​មួយ​ចំនួន បាន​ធ្វើ​ឲ្យ​សន្ទុះ​នៃ​ការ​កើត​ជំងឺ​គ្រុនឈាម បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ដើម​ឆ្នាំ​២០១១​នេះ។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ព្រមាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា ជំងឺ​គ្រុនឈាម​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ពេល​នេះ ដោយសារ​តែ​អ្នក​ស្លាប់ និង​អ្នក​កើត​ជំងឺ​គ្រុនឈាម បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ដើម​ឆ្នាំ​២០១១ គ្រា​ដែល​រដូវ​ទឹក​ភ្លៀង​ធ្លាក់​បាន​ចាប់​ផ្តើម។

ប្រភព​ពី​មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា កុមារ​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​នៅ​សប្ដាហ៍​ទី​២០ ឆ្នាំ​២០១១ គឺ​មាន​ចំនួន ៨​នាក់ និង​មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម​ចំនួន ៨៤៥​នាក់ ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នេះ​នៅ​ឆ្នាំ​២០១០ កន្លង​ទៅ កុមារ​បាន​ស្លាប់​ចំនួន ៤​នាក់ និង​មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម​ចំនួន​ជាង ៧៣១​នាក់។ ជំងឺ​គ្រុនឈាម​កើត​ឡើង​ដោយសារ​មូស​ខ្លា​ញី​ខាំ។

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា លោក ង៉ាន់ ចន្ថា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រសួង​សុខាភិបាល​កំពុង​តែ​បង្កើន​ការ​តាមដាន និង​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ ៖ «បាន​ន័យ​ថា យើង​រាល់​ថ្ងៃ​នេះ​នៅ​ក្នុង​ស្ថានភាព​មួយ​នៃ​ការ​ប្រកាស​អាសន្ន។ បុគ្គលិក​យើង​នៅ​ថ្នាក់​កណ្ដាល និង​ថ្នាក់​ខេត្ត គឺ​ថា យើង​ពង្រឹង​ប្រព័ន្ធ​តាមដាន គឺ​យើង​ក្ដាប់​ឲ្យ​ជាប់​នូវ​រាល់​ការវិវត្តន៍ រាល់​ការ​ប្រែប្រួល​នៃ​ជំងឺ​គ្រុនឈាម​នៅ​គ្រប់​តំបន់​ទាំង​អស់»

ខេត្ត​ដែល​មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម​ច្រើន​ជាង​គេ គឺ​ខេត្ត​កំពង់ធំ ខេត្ត​កណ្ដាល ខេត្ត​ព្រៃវែង ខេត្ត​តាកែវ ទីក្រុង​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត ដោយសារ​ខ្វះ​អនាម័យ និង​ជា​ទី​ប្រជុំ​ជន។

លោក ង៉ាន់ ចន្ថា បាន​បញ្ជាក់​ថា ជំងឺ​គ្រុនឈាម​តែងតែ​ផ្ទុះ​ឡើង​ខ្លាំង​បែប​នេះ​នៅ​រៀងរាល់ ៣​ឆ្នាំ ឬ ៥​ឆ្នាំ​ម្តង គឺ​នៅ​ឆ្នាំ​១៩៩៥ ឆ្នាំ​១៩៩៨ ឆ្នាំ​២០០៣ ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១១​នេះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ល្វា ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម លោក មាស លី បាន​ថ្លែង​ថា នៅ​ឃុំ​របស់​លោក​មាន​កុមារ​ចំនួន ២​នាក់ កំពុង​តែ​កើត​ជំងឺ​គ្រុនឈាម ៖ «មូស​ខ្លា​កើត​ច្រើន អ៊ីចឹង​វា​នៅ​ជុំវិញ​នៃ​ភូមិ​ផង​របង​ជាមួយ មាន​ផ្ទះសម្បែង បើ​មិន​ស្អាតបាត​ដោយ​ការ​អនាម័យ​ហ្នឹង មិន​អាច​ការពារ​ជំងឺ​គ្រុនឈាម​បាន​ទេ»

ក្រសួង​សុខាភិបាល​កម្ពុជា កំពុង​តែ​បន្ត​យុទ្ធនាការ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នៅ​មូលដ្ឋាន​ឲ្យ​យល់​ដឹង​អំពី​វិធី​បង្ការ​ជំងឺ​គ្រុនឈាម និង​កំពុង​តែ​បន្ត​ចែក​ថ្នាំ​អាបេត សម្លាប់​ដង្កូវ​ទឹក​ដែល​មាន​ចំនួន​សរុប ១២៥​តោន។

កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​ចំនួន ២៨​នាក់ និង​មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម​ចំនួន ១២.៥០០​នាក់ ប្រៀបធៀប​ឆ្នាំ​២០០៩ កន្លង​ទៅ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​ចំនួន ៣៨​នាក់ និង​មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម​ចំនួន ១១.៦៩៩​នាក់៕