ក្រុមប្រជាពលរដ្ឋចំនួន ៣ភូមិ នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បាននាំគ្នាព្រួយបារម្ភពីគម្រោងអភិវឌ្ឍន៍មួយនៅចំណុចតំបន់ដែលពួកគាត់ធ្លាប់ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ក្រុមហ៊ុន ច័ន្ទ គ្រុប ដែលមានផែនការយកតំបន់នោះធ្វើជាកន្លែងចិញ្ចឹមបង្គា ចិញ្ចឹមត្រី និងអភិវឌ្ឍព្រៃកោងកាង។
តំណាងសហគមន៍ជ្រោយស្វាយ អ្នកស្រី នង លឹមហ៊ាង បានឲ្យដឹងនៅ ថ្ងៃនៅទី៨ កក្កដា ថា ប្រសិនជាក្រុមហ៊ុន ច័ន្ទ គ្រុប ធ្វើការអភិវឌ្ឍន៍តំបន់ប្រើប្រាស់ច្រើនយ៉ាង ដងពែង ដែលមានទំហំ ៦៣ហិកតារនេះមែន អ្នកភូមិចំនួន ៣ភូមិ គឺភូមិជ្រោយស្វាយខាងលិច ភូមិជ្រោយស្វាយខាងកើត និងភូមិភ្នំស្រឡៅ ប្រហែល ៥០០គ្រួសារ ដែលធ្លាប់ទៅរកផលពីតំបន់នោះ នឹងបាត់បង់មុខរបរហើយប្រឈមមុខនឹងភាពក្រីក្រជាក់ជាមិនខាន។
អ្នកស្រី បន្តថា បច្ចុប្បន្នក្រុមហ៊ុននេះបានមកបោះបង្គោលព្រំដីតំបន់នោះហើយ ៖ «ប៉ះពាល់កន្លែងព្រៃលិចទឹកដែលគាត់ប្រកបមុខរបរដូចជា គាត់ទៅរើសខ្យង គាត់ទៅលូកក្ដាម គាត់ដាក់ក្ដាមថ្មក្ដាមអីអ៊ីចឹងណាស់។ គេហៅតំបន់ស៊ីត្រួតគ្នាជាមួយបរិស្ថាន។ ប្រជាពលរដ្ឋគាត់ប្រកបមុខរបរតែពីរហ្នុងទេ។ ក្រុមហ៊ុន ច័ន្ទ គ្រុប មានការទទួលស្គាល់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គេបម្រុងឈូសឆាយធ្វើស្រែបង្គា ធ្វើកន្លែងចិញ្ចឹមត្រី ចិញ្ចឹមក្ដាម ហើយនិងអភិវឌ្ឍន៍ព្រៃកោងកាង ប្រជាពលរដ្ឋគេទើបតែដឹងនៅខែ ៥ (កក្កដា)ហ្នឹង»។
អ្នកភូមិជ្រោយស្វាយខាងកើត គឺលោក ហាវ ឡាញ់ បានថ្លែងថា ពួកគាត់តែងតែចូលទៅប្រកបរបរផ្សេងៗ ពីតំបន់នោះជិត ២០ឆ្នាំមកហើយ ពួកគាត់មានក្ដីកង្វល់ថា ប្រសិនជាមានការអភិវឌ្ឍន៍ពួកគាត់នឹងមិនអាចចូលទៅតំបន់នោះបានទៀតទេ ៖ «ខ្ញុំថា ប្រសិនជាអភិវឌ្ឍទៅ ប្រជាពលរដ្ឋខ្ញុំក៏ពិបាករកស៊ីដែរហ្នឹង គាត់ពឹងអី? ដីស្រែក៏អត់ ហើយនេសាទសមុទ្ទគាត់ក៏អត់មានធនធានទិញទូក ម៉ាស៊ីនទៀត ទិញអង្ករគីឡូ។ គាត់អត់ចង់ឲ្យអភិវឌ្ឍន៍ទេ ព្រោះថា គេថា អភិវឌ្ឍន៍មានការងារធ្វើដែរ ប៉ុន្តែបើយើងគិតទៅ អាការងារធ្វើនេះ កម្លាំងពលកម្មមានអាយុថា ១៨ឆ្នាំ មានកម្លាំងមាំមួនទើបអាចធ្វើពលកម្មជាមួយក្រុមហ៊ុនបាន ប្រជាជនមេម៉ាយក្រីក្រដែលអត់មានកម្លាំងខ្លាំងអីក៏មិនអាចធ្វើឲ្យក្រុមហ៊ុនបានទេ ប្រជាពលរដ្ឋក្រីក្រច្រើនតែម្ដងបាន»។
ទាក់ទងទៅនឹងការព្រួយបារម្ភរបស់អ្នកភូមិនេះ មេឃុំជ្រោយស្វាយ លោក ហាយ ស៊ីន មានប្រសាសន៍ថា ក្រុមហ៊ុននេះពុំទាន់អភិវឌ្ឍន៍អ្វីនោះទេ គេទើបតែមកសិក្សាតំបន់នេះប៉ុណ្ណោះ។ លោកបានថ្លែងផ្ទុយគ្នាពីមន្ត្រីសហគមន៍ជ្រោយស្វាយថា បច្ចុប្បន្នមានពលរដ្ឋប្រហែល ៣០០គ្រួសារប៉ុណ្ណោះ ដែលតែងតែទៅទទួលផលពីតំបន់នោះ។
លោក ហាយ ស៊ីន បន្ថែមថា ៖ «គេអត់ឈូសឆាយទេ គេអភិរក្សឲ្យតើ! គេអត់កាប់ទេ គាត់ចេះតែបារម្ភអ៊ីចឹងឯង គេមិនទាន់មានគោលការណ៍អត់ឲ្យប្រជាជនទៅធ្វើទេ វិនិយោគតំបន់ហ្នឹងគេឲ្យប្រជាជនមានការងារធ្វើ គេមិនមែនហាមឃាត់ប្រជាជនអីទៅចាប់អីនៅហ្នឹងទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន ច័ន្ទ គ្រុប បាននៅឡើយ នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្ត លោក ជៃ ពេជរតនា និងលោក ម៉េង តិច នាយកគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង សុទ្ធតែបានបដិសេធមិនផ្ដល់សម្ភាសន៍ឡើយ។ ពួកគាត់បានអះអាងថា គោលការណ៍ពីក្រសួងបរិស្ថានមិនអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននោះទេ។
យ៉ាងនេះក្ដីក្រុមប្រជាពលរដ្ឋបានរំពឹងទុកថា អាជ្ញាធរឃុំនឹងរៀបចំពេលវេលាមួយតាមការសន្យាជាមួយអ្នកភូមិ សម្រាប់ឲ្យពួកគាត់បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនដើម្បីថ្លែងប្រាប់ពីក្ដីកង្វល់ និងសំណូមពររបស់ពួកគាត់ប្រាប់ក្រុមហ៊ុនមុននឹងធ្វើការអភិវឌ្ឍន៍នៅតំបន់នោះ៕