លោក មុំ ខាំ មេឃុំថ្មី ស្រុកចិត្របុរី បានផ្ដល់សម្ភាសន៍កាលពីព្រឹកថ្ងៃទី២៦ មីនា ថា ជំងឺរាកក្អួតបានចាប់ផ្ដើមដំបូងនៅភូមិទ្រាប នៅថ្ងៃទី២៥ មីនា ដោយបានសម្លាប់មនុស្សអស់ ២នាក់ បន្ទាប់មកសម្លាប់មនុស្សម្នាក់ទៀតនៅឃុំសណ្ដាយ ហើយក៏បន្តសម្លាប់មនុស្ស ៥នាក់ រួមទាំងកូនក្នុងផ្ទៃផងនៅភូមិ១០៥។
លោក មុំ ខាំ បានឲ្យដឹងថា ៖ «ព័ត៌មានមកថ្មី អ្នកជំងឺកើនឡើងដល់៤៣ ខ្ញុំចុះទៅដល់ទីតាំង ទឹកហ្នឹងតែម្ដង គាត់អត់សូវបានព្យាយាមដាំទឹក។ ៤៣(នាក់)ហ្នឹង គឺយើងដឹកជញ្ជូនបានមកតែ ៣៦ទេ ប៉ុន្តែនៅប៉ុន្មានព្យាបាលនៅទីនោះ។ នៅឆ្នាំ៩៣ មានម្ដងដែរ ស្លាប់ ២នាក់ ៣នាក់ដែរ»។
អ្នកកើតជំងឺរាកក្អួតនេះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៥ មីនា ដែលមកទល់នឹងពេលនេះ លោក អ៊ូ ឃីឡាយ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានបញ្ជាក់ថា ទទួលបានអ្នកជំងឺប្រមាណ ៥០នាក់ហើយ ហើយត្រូវបានសង្គ្រោះឲ្យផុតពិការស្លាប់ទាំងអស់។
លោក អ៊ូ ឃីឡាយ បានបញ្ជាក់ថា ៖ «ឥឡូវក្រុមខាងខ្ញុំកំពុងតែយកវត្ថុវិភាគផ្ញើទៅភ្នំពេញ ហើយយើងមិនទាន់ដឹងថា បណ្ដាលមកពីស្អី! គ្រាន់តែដាក់ជារោគសញ្ញាបណ្ដោះអាសន្ន ជំងឺរាកស្រួចស្រាវ»។
អ្នកជំងឺដែលបានផ្ដល់សម្ភាសន៍ក្នុងមន្ទីរពេទ្យឲ្យដឹងថា ពួកគេពុំធ្លាប់ជួបប្រទះនូវជំងឺបែបនេះទេ ដោយគ្រាន់តែអង្គុយស្ងៀមៗ ក៏ស្រាប់តែបង្កជាលក្ខណៈរាក និងក្អួតទន់ខ្លួនភ្លាមៗតែម្ដង ៖ «ជំងឺរាកក្អួត ចាប់ពីថ្ងៃម្សិល មកថ្ងៃត្រង់ហ្នឹង ហើយនិងព្រឹកមិញទៀបភ្លឺ។ រាកក្អួតឈូៗ អត់មានហូបអីខុសទេ ហើយឡានគេបើកទៅពេទ្យ។ ក្ដៅពេក ហើយហុយដីចូលពេញផ្ទះ ពេញសម្បែងទៀត។ ខ្ញុំ ពុកខ្ញុំ កូនខ្ញុំ ប្អូនខ្ញុំ មានស្លាប់ នៅស្ងៀមៗហ្នឹង ភ្លាមៗ តែយើងហូបទឹកអណ្ដូងអត់បានស្ងោរ អត់បានដាំ តាំងពីដើមមកអត់ដែលមានដាំទេ!»។
អ្នកជំងឺម្នាក់ទៀតបានបន្តថា ៖ «ខ្ញុំឈ្មោះ ធើត ជនជាតិព្នង អត់ដឹងអីទេ ខ្ញុំនេះ! ទើបតែឈឺឆ្នាំនេះទេ។ ដើមហេតុវា មុនដំបូងឈឺក្បាល រួចក្អួត រាក។ ស្លាប់ដែរ ក្នុងថ្ងៃនេះអស់ ៦នាក់ ក្មួយខ្ញុំបង្កើតស្លាប់!»។
មេឃុំថ្មីបានអះអាងថា ការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ ច្រើនខ្វះអនាម័យពីរឿងទឹក ដែលបណ្ដាលឲ្យកើតជំងឺនេះឡើង តែទោះជាបែបនេះក៏ដោយ ក៏លោកវេជ្ជបណ្ឌិត អ៊ូ ឃីឡាយ បញ្ជាក់ថា រោគសញ្ញាត្រូវបានបញ្ជូនទៅវិភាគនៅភ្នំពេញហើយ មិនទាន់ទទួលលទ្ធផលនៅឡើយទេ។
លោកគ្រាន់តែកំណត់រោគសញ្ញានោះបណ្ដោះអាសន្នថា ជាជំងឺរាកក្អួតស្រួចស្រាវ តែបានធូរស្រាលទៅវិញ បន្ទាប់ពីបានដាក់ពង្រាយកម្លាំងមន្ត្រីពេទ្យប្រចាំការនៅភូមិកើតហេតុ ហើយការព្យាបាលជំងឺនេះ ត្រូវបានអង្គការមូលនិធិសមធម៌នៅចាំសម្ភាសចេញប្រាក់ថ្លៃព្យាបាលជូន និងមន្ទីរសង្គមកិច្ចក៏បានត្រៀមផ្ដល់អំណោយជូនជនរងគ្រោះផងដែរ៕
