បុរសឈ្មោះ លី សាំ អាយុ៣០ឆ្នាំ នៅភូមិកំពង់អួរ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃ២៤ កុម្ភៈ ថា កូនគាត់មានអាយុ៥ឆ្នាំ កំពុងមានជំងឺរាកនិងក្អួតយ៉ាងធ្ងន់ធ្ងរដែលមិនទាន់ដឹងថា តើអាចឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិតដែរឬយ៉ាងណាទេនោះ។
លោក លី សាំ ឲ្យដឹងដូច្នេះ ៖ «ក្មេងក្ដៅ ក្អួត មិនដឹងយ៉ាងម៉េចទេ ផឹកទឹកមិនបានសោះ ក្អួតមកសុទ្ធតែទឹក។ ទឹកផឹកអត់បានទេ ដាក់ទៅមកវិញទាំងអស់ភ្លាម ហើយចេះតែស្រែករហូត...»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះមានអ្នកភូមិប្រមាណ២០នាក់ចាប់ផ្តើមមានជំងឺដូចគ្នានិងជាបន្តបន្ទាប់។ ដំបូងចាប់ផ្តើមក្តៅខ្លួនរួចបន្ទាប់មកគឺរាកនិងក្អួតយ៉ាងខ្លាំង។ អ្នកភូមិបានឲ្យដឹងថា មានស្រ្តីវ័យចំណាស់ម្នាក់ដែលជាអ្នកភូមិជិតខាងមកសួរសុខទុក្ខកូនចៅនៅភូមិកំពង់អួរ ហើយចាប់មានជំងឺរាកក្អួតខ្លាំង គេដឹកគាត់ត្រឡប់ទៅភូមិវិញគាត់ក៏បានទទួលមរណភាព ៖ «អ្នកស្លាប់ហ្នឹងនៅភូមិស្នោ រាកដែរ គាត់មកធ្វើស្រែនៅហ្នឹង គាត់រាកខ្លាំងទៅយកគាត់ទៅផ្ទះ។ គាត់មិនដឹងទៅព្យាបាលឯណាទេ គ្រាន់តែថា ទៅមន្ទីរពេទ្យដែរប៉ុន្តែស្លាប់»។
មេភូមិកំពង់អួរ គឺលោក ឱក សំអឿន មានប្រសាសន៍ថា ពិតជាមានជំងឺរាករូសដ៏កាចសាហាវកំពុងរាតត្បាតក្នុងភូមិកំពង់អួរមែន។ លោកបញ្ជាក់ថា ជំងឺនេះចាប់ផ្តើមកើតមានកាលពីចុងខែមករា តែកើតមានបន្តិចបន្តួច។ ទើបតែប៉ុន្មានថ្ងៃនេះស្រាប់តែកើតមានកាន់តែច្រើនឡើងៗនិងខ្លះមានសភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
លោក ឱក សំអឿន មានប្រសាសន៍ដូច្នេះ ៖ «មិនទាន់មានគ្រោះថ្នាក់ទេពីបញ្ហាហ្នឹង គ្រាន់តែវាធ្ងន់ធ្ងរដោយការព្យាបាលមិនចង់កើតចំនួន៣នាក់»។
លោកមេភូមិបានអំពាវនាវសុំឲ្យថ្នាក់លើចាត់មន្ត្រីជំនាញផ្នែកសុខាភិបាលចុះមកជួយប្រជាពលរដ្ឋភូមិកំពង់អួរជាបន្ទាន់ ចៀសវាងការមានគ្រោះថ្នាក់ដល់ជីវិតជាយថាហេតុ ព្រោះភូមិនេះមានទីតាំងឆ្ងាយដាច់ស្រយាលនិងគ្មានមណ្ឌលសុខភាពទៀតផង។
ប្រធានស្រុកប្រតិបត្តិបរិបូណ៌ គឺលោកវេជ្ជបណ្ឌិត ឈុន ប៊ុនថា មានប្រសាសន៍ថា លោកបានដឹងពីបញ្ហាជំងឺនៅភូមិកំពង់អួរហើយ ហើយលោកកំពុងចាត់វិធានការឲ្យគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំពន្លៃ ចុះទៅពិនិត្យស្ថានភាពនៃជំងឺរបស់អ្នកស្រុកថា តើវាកើតឡើងបណ្តាលមកពីអ្វី?
កាលពីពេលថ្មីៗកន្លងទៅ ជំងឺនេះក៏ធ្លាប់រាតត្បាតនៅភូមិដាច់ស្រយាលមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ដូចជានៅភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង និងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរីជាដើម តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕
