ជំងឺ​រាករូស​រាត​ត្បាត​នៅ​ខេត្ត​កំពង់ស្ពឺ

ប្រជាពលរដ្ឋ​រស់​នៅ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រហែល​៤០​នាក់ បាន​ស្វែង​រក​ការ​ព្យាបាល​នៅ​មន្ទីពេទ្យ​និង​ជា​ច្រើន​នាក់​ទៀត​បាន​ទិញ​ថ្មាំ​លេប​ដោយ​ខ្លួន​ឯង ក្រោយ​ពី​ជំងឺ​រាករូស​ចម្លែក​ម្យ៉ាង​កំពុង​រាត​ត្បាត​ក្នុង​មូលដ្ឋាន​របស់​គាត់។

0:00 / 0:00

ពលរដ្ឋ​ឈ្មោះ ម៉ាន់ សត្យា រស់​នៅ​ភូមិ​ព្រៃកោះ ឃុំ​វ័រស ស្រុក​សំរោងទង បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្នុង​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ ជំងឺ​រាករូស​ចម្លែក​បាន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់។ លោក​បន្ត​ថា ជំងឺ​រាករូស​នេះ​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​នោះ​ទេ​នៅ​មូលដ្ឋាន​នេះ។ ប្រជាពលរដ្ឋ​រូប​នេះ បាន​អំពាវនាវ​ដល់​មន្ត្រី​ក្រសួង មន្ទីរ​សុខាភិបាល​ចុះ​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក ម៉ាន់ សត្យា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «រាក​ហើយ​ក្អួត​ខ្លាំង​តែម្ដង មក​ខ្លាំងៗ​មែន​ទែន។ ដំបូង​អត់​សូវ​ចាប់​អារម្មណ៍ រាករូស​ធម្មតា រាក​ឡើង​អស់​ជាតិ​ទឹក​ពេក​ទៅ​ឡើង​ក្រញង់​ដៃ​ជើង រមួល​ក្រពើ ខ្លះ​ប្រកាច់​ទៀត ព្រោះ​រាក​ខ្លាំង​ពេក»

មេ​ឃុំ​វ័រស​និង​មេ​ភូមិ​ព្រៃកោះ បាន​ទទួល​ស្គាល់​ថា នៅ​មូលដ្ឋាន​របស់​លោក​ពិត​ជា​កើត​មាន​ជំងឺ​រាករូស​ចម្លែក​​​នេះ​ពិត​មែន។ លោក​បាន​ស្នើ​ដល់​មន្ត្រី​ពី​គ្រប់​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ក្នុង​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ចុះ​ស៊ើប​អង្កេត​ពី​ប្រភេទ​ជំងឺ​​នេះ ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ធ្ងន់ធ្ងរ​កើត​ឡើង​ទៅ​ថ្ងៃ​ខាង​មុខ។

មេ​ភូមិ​ព្រៃកោះ លោក ឡោះ ឡឹង មាន​ប្រសាសន៍​ថា ជំងឺ​រាករូស​កំពុង​បន្ត​ឆ្លង​ពី​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​ម្នាក់​ទៀត​នៅ​ឡើយ។ លោក​សំណូមពរ​មន្ត្រី​ជំនាញ​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍។

លោក ឡោះ ឡឹង មាន​ប្រសាសន៍​ថា ៖ «ឈឺ​បី​បួន​ថ្ងៃ​នឹង​ថ្ងៃ​ហ្នឹង​ហើយ ហើយ​ការ​ព្យាបាល​យើង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ក្លីនិក​ឯកជន​ជា​បន្តបន្ទាប់​ហើយ​ការ​រាលដាល​ចេះ​តែ​បន្ត​បន្ទាប់»

ពាក់​ព័ន្ធ​ជំងឺ​រាករូស​ឆ្លង​ចម្លែក​នេះ មន្ត្រី​ក្រសួង​មន្ទីរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា កំពុង​ចាត់​ចែង​មន្ត្រី​ជំនាញ​ចុះ​ទៅ​កាន់​មូលដ្ឋាន​ដែល​កើត​មាន​ជំងឺ​រាករូស​នេះ​រួច​ហើយ។

លោក អោ វ៉ាន់ថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​នេះ មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ទទួល​អ្នក​ជំងឺ​ប្រភេទ​រាករូស​នេះ​បាន​ជិត​៤០​នាក់​រួច​ហើយ។ លោក​បន្ត​ថា ជំងឺ​រាករូស​នេះ មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​សុខាភិបាល​និង​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ និង​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ក្នុង​មូលដ្ឋាន។ ទោះ​យ៉ាង​នេះ​ក្តី​ជំងឺ​រាករូស​នេះ មន្ត្រី​ជំនាញ​ពុំ​ទាន់​រក​ឃើញ​ពី​មូលហេតុ​នៅ​ឡើយ។

លោក អោ វ៉ាន់ថេន មាន​ប្រសាសន៍​ដូច្នេះ ៖ «គាត់​រាក​ក្អូត ស្រដៀង​គ្នា​នឹង​ពុល​ចំណី​ពុល​អី​ហ្នឹង​ដែរ ប៉ុន្តែ​យើង​កំពុង​ឲ្យ​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​ហើយ ពីរ​បី​ថ្ងៃ​នេះ​កំពុង​ចុះ​ស្រាវជ្រាវ លទ្ធផល​មិន​ទាន់​ទទួល​បាន​ថា​យ៉ាង​ម៉េច។ មិន​មែន​ទ្រង់ទ្រាយ​ជា​អាសន្ន​រោគ​ទេ ព្រោះ​អាសន្ន​រោគ​វា​មាន​ទ្រង់ទ្រាយ​រាត​ត្បាត​ធំ»

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​ចម្លែក​នេះ​បាន​កើត​មាន​ទៅ​លើ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​ច្បារមន ស្រុក​​សំរោងទង និង​ស្រុក​ឧត្តុង្គ ខេត​កំពងស្ពឺ។ ជំងឺ​រាករូស​ចម្លែក​នេះ មន្ត្រី​សុខា​ភិបាល​ខេត្ត​កំពង់ស្ពឺ បញ្ជាក់​ថា មិន​ទាន់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​នេះ​ក្តី​ជំងឺ​រាករូស​នេះ​មន្ត្រី​ជំនាញ​សុខាភិបាល​កំពុង​ធ្វើការ​តាម​ដាន​ជា​ប្រចាំ​ដោយ​មិន​ធ្វេស​ប្រហែស​ឡើយ៕