មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានប្រកាសនៅថ្ងៃ៧ មករា ២០១៣ ថា អត្រាភាពក្រីក្រកម្ពុជា បានថយចុះរហូតដល់ពេលបច្ចុប្បន្ន ហើយបានព្យាករអត្រានេះ ដោយរំពឹងថា នឹងថយចុះទៀតនៅពេលអនាគត។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា លោក ហេង សំរិន មានប្រសាសន៍នាឧកាសប្រារព្ធខួបលើកទី៣៤ នៃទិវាជ័យជំនះ ៧ មករា ថា អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសបានធ្លាក់ចុះពី ២២,៩ ភាគរយ ក្នុងឆ្នាំ២០០៩ មកនៅត្រឹមរង្វង់ ២០ ភាគរយ នៅឆ្នាំ២០១២ ហើយរំពឹងថា នឹងចុះមកនៅត្រឹមប្រមាណ ១៩ ភាគរយ នៅឆ្នាំ២០១៣ ខាងមុខ។
លោក ហេង សំរិន មានប្រសាសន៍បន្តថា កម្ពុជាត្រូវបានវាយតម្លៃថា ជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១៥ ដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ និងជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលនឹងអាចសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្ស និងជាប្រទេសមានចំណាត់ថ្នាក់ទី១ នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ដោយសារតែរដ្ឋាភិបាលមានគោលនយោបាយកំណែទម្រង់គាំទ្រដល់ការអភិវឌ្ឍ។
ទោះជាយ៉ាងណាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ការប្រើនិយមន័យភាពក្រីក្រមានភាពខុសគ្នា ដោយលោកបញ្ជាក់យោងលើរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា ចំនួនភាពក្រីក្រមានប្រមាណជាង ៥លាននាក់ ដែលមិនអាចរកចំណូលច្រើនជាង ៥ពាន់រៀលក្នុងមួយថ្ងៃ។
ការអះអាងក៏ស្របទៅនឹងរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា ដោយផ្អែកលើនិយមន័យភាពក្រីក្រប្រមាណ ១.២៥ដុល្លារក្នុងមួយថ្ងៃ មានប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៤០% ស្ថិតក្រោមភាពក្រីក្រ ហើយអត្រានេះមានកម្រិតខ្ពស់ជាងប្រទេសនានាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ អាស៊ាន។
លោក សុន ឆ័យ មានប្រសាសន៍បន្ថែមថា ការលើកឡើងរបស់រដ្ឋាភិបាលអំពីអត្រាភាពក្រីក្រនោះ គឺជានយោបាយធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ។
លោក សុន ឆ័យ មានប្រសាសន៍បន្តថា ភាពក្រីក្រនៅកម្ពុជា កាន់តែលំបាកទៅ ដែលបានបង្ខំឲ្យប្រជាពលរដ្ឋក្រីក្រជាច្រើនសែននាក់ធ្វើការចំណាកស្រុកនៅប្រទេសថៃ ដោយខុសច្បាប់។
ទោះជាយ៉ាងណា ការប្រើប្រាស់សន្ទស្សន៍ដើម្បីវាស់អំពីការរីកចម្រើនរបស់ប្រទេសនីមួយៗ គឺគេប្រើចំណូលរបស់មនុស្សម្នាក់ និងការកាត់បន្ថយភាពក្រីក្រ។ ផ្ទុយទៅវិញ ការអះអាងដោយស្ថាប័នអន្តរជាតិជាច្រើន ដូចជាអង្គការសម្រាប់សហប្រតិបត្តិសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ ថាសន្ទស្សន៍នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
ការអភិវឌ្ឍពិតប្រាកដត្រូវបញ្ចូលផ្នែកជាច្រើនទៀត ដូចជាអត្រាមរណមាតា ការសិក្សាអប់រំសុខភាព អនាម័យ ទឹកស្អាត និងលទ្ធភាពទទួលបានគ្រប់គ្រាន់សេវាសាធារណៈ ហើយគោលដៅសំខាន់នៃការអភិវឌ្ឍ គឺរដ្ឋាភិបាលត្រូវធានាឲ្យប្រជាពលរដ្ឋអាចរស់បានដោយសេចក្ដីថ្លៃថ្នូរ ទទួលបានតម្រូវការមូលដ្ឋាន និងមានសេរីភាព។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា រដ្ឋាភិបាលមានការទទួលខុសត្រូវ ធានាឲ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅដោយសមរម្យ និងថ្លៃថ្នូរ។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍគឺមិនត្រឹមតែធានាឲ្យមានកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតអំពីការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប្រសើរជាងមុនផងដែរ ដោយលោកបញ្ជាក់ថា តួលេខកំណើនសេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ គឺចំនួនសម្រាប់អ្នកសេដ្ឋកិច្ចវិភាគប៉ុណ្ណោះ។
របាយការណ៍របស់គម្រោងអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំឆ្នាំ២០១២ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា ការបែងចែកចំណូលពីការអភិវឌ្ឍមិនស្មើភាពគ្នាឡើយរវាងអ្នកមាន និងអ្នកក្រ ដែលស្ថិតនៅក្រោមមធ្យមនៅឡើយ។ ចំពោះគោលនយោបាយគាំទ្រដល់អ្នកក្រតិចជាងគាំទ្រដល់អ្នកមានប្រមាណពីរដង ហើយកម្ពុជា មានប្រជាពលរដ្ឋជិត ២លាននាក់ ប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រពីការកើនឡើងតម្លៃចំណីអាហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
