មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក John Johnson បានថ្លែងថា យើងព្រួយបារម្ភដែលរដ្ឋសភាបានដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រទាំងពីររូប ៖ «យើងកំពុងតែឃ្លាំមើលស្ថានការណ៍នេះ។ បច្ចុប្បន្ន វាហាក់ដូចជាប្រព័ន្ធតុលាការកំពុងត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងអ្នកទាំងឡាយដែលហ៊ានរិះគន់រដ្ឋាភិបាល។ សេរីភាពនៃការបញេ្ចញមតិគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះរដ្ឋាភិបាលនិងអ្នកនយោបាយទាំងឡាយត្រូវតែទទួលយកនូវការបញ្ចេញមតិរិះគន់របស់ពលរដ្ឋពីទង្វើរបស់ខ្លួន»។
សូមជម្រាបថា នៅថ្ងៃប្រជុំដកអភ័យឯកសិទ្ធិលោកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលកំពត និងលោក ហូ វ៉ាន់ តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាថ្ងៃច័ន្ទនោះ ក៏មានមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ឃ្លាំមើលផងដែរ។ ប៉ុន្តែមន្ត្រីអង្គទូតទាំងនោះ រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកកាសែតផង មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណរដ្ឋសភាឡើយ។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Frank Mann ថ្លែងថា លោកមានការខកចិត្តដែលសមត្ថកិច្ចរារាំងមិនឲ្យចូលក្នុងរដ្ឋសភាដូចសព្វដង ដោយមិនពន្យល់ហេតុផលអ្វីសោះ។
ចំណែកឯអនុប្រធានបេសកកម្មនៃស្ថានទូតចក្រភពអង់គ្លេស គឺលោកស្រី Elizabeth Evans ថ្លែងដែរថា ៖ «យើងនៅតែបន្តសហការជាមួយរដ្ឋាភិបាលកម្ពុជា និងបន្តឃ្លាំមើលអ្វីដែលបានកើតឡើងនេះ»។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានជាសាធារណៈនៅចំថ្ងៃដែលរដ្ឋសភាដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ដទាំងពីរនោះថា ៖ «បរទេស ឬមនុស្សមួយចំនួនទៀត សូមកុំរញ៉េរញ៉ៃជាមួយច្បាប់ បើរញ៉េរញ៉ៃជាមួយច្បាប់ យើងក៏មានច្បាប់ដើម្បីបន្តនីតិវិធីជាមួយពួករញ៉េរញ៉ៃហ្នឹងដែរ។ ដល់គេយកច្បាប់ទៅប្រើ ថាគេហ្នឹងអ៊ីចេះអ៊ីចុះ អ៊ីចឹងទាល់តែព្រៃឬអី?»។
ថ្មីៗនេះ អ្នកតំណាងរាស្រ្ដបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិលនិងអ្នកកាសែតមួយចំនួនផង បានរងការប្ដឹងដាក់ដោយឡែកពីគ្នា ដោយនាយករដ្ឋមន្រ្តីនិងមន្រ្តីរដ្ឋាភិបាលខ្មែរមួយចំនួនលើបទបរិហារកេរ្តិ៍ ឬបទញុះញង់ដោយសារតែការបញ្ចេញមតិនិងការសរសេររបស់គេនោះ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសមរង្ស៊ីបន្តអំពាវនាវថា ៖ «សូមធ្វើការអំពាវនាវដល់បណ្ដាប្រទេសម្ចាស់ជំនួយ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ សហគមន៍អន្តរជាតិឲ្យជួយតាមដាននិងធ្វើអន្តរាគមន៍តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាពដើម្បីជួយទប់ស្កាត់កុំឲ្យលទ្ធិប្រជាធិបេតយ្យនៅប្រទេសកម្ពុជា ត្រូវបានបញ្ចប់ក្នុងស្ថានភាពបែបនេះ»។
សេចក្តីរាយការណ៍ឲ្យដឹងថា លោកស្រី មូរ សុខហួរ បានចាកចេញផុតពីប្រទេសកម្ពុជាទៅបរទេសហើយកាលពីយប់ថ្ងៃច័ន្ទ គឺនៅប៉ុន្មានម៉ោងបន្ទាប់ពីលោកស្រីរងការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រនោះ។ ចំណែកឯលោក ហូ វ៉ាន់ កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយ៕
