កម្ពុជា​ដាក់​កំណត់​ទូត​តវ៉ា​រឿង​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំ​ដែន​ពី​សំណាក់​ទាហាន​ការពារ​ព្រំដែន​ថៃ នៅ​​​តែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់។ ទាក់ទិន​នឹង​ករណី​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​កំណត់​ទូត​ទៅ​កាន់​ក្រសួង​ការបរទេស​ថៃ ជា​ថ្មី​ម្ដង​ទៀត តាម​រយៈ​ឯកអគ្គ​រាជ​ទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ក្នុ​ង​គោល​បំណង​បញ្ឈប់​ការ​បាញ់​ប្រហារ​ទាំង​នេះ។

0:00 / 0:00

កម្ពុជា​កំពុង​ស្វែង​រក​កិច្ច​ចរចា​រក​ដំណោះ​ស្រាយ​ជាមួយ​ប្រទេស​ថៃ ដើម្បី​បញ្ឈប់​សកម្មភាព​ទាហាន​ថៃ បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ស្រប​ពេល​គ្នា​នេះ កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​មួយ​ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ពាក់ព័ន្ធ​ករណី​ទាហាន​ថៃ នៅ​តែ​បន្ត​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ។

លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​ជាមួយ​ឯក​អគ្គរាជ​ទូត​ថៃ នៅ​ក្រសួង​ការបរទេស​កម្ពុជា។ លោក​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ការ​បាត់​បង់​ជីវិត​ពលរដ្ឋ​ខ្មែរ​ដោយសារ​ការ​បាញ់​ប្រហារ​ពី​សំណាក់​​ទាហាន​ថៃ នោះ​ឡើយ។ លោក​ទទួល​ស្គាល់​ថា ជា​និច្ចជាកាល​ការ​ដាក់​កំណត់​ទូត​ទៅ​កាន់​ភាគី​ថៃ គឺ​ពុំ​ទទួល​បាន​ដំណោះ​ស្រាយ​ទេ។

របាយការណ៍​ពី​ក្រសួង​ការបរទេស​កម្ពុជា បាន​បង្ហាញ​ថា នៅ​ដើម​ឆ្នាំ​២០១២ ពលរដ្ឋ​ខ្មែរ​ចំនួន ៧​នាក់ និង​ក្នុង​ឆ្នាំ​២០១១ មាន ១២​នាក់ ត្រូវ​ថៃ​បាញ់​សម្លាប់​នៅ​តាម​ព្រំដែន នៅ​ពេល​ពួក​គេ​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ថៃ។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​កម្មវិធី​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)។ លោក​សាទរ​ចំពោះ​ការ​ប្រើ​ប្រាស់​វិស័យ​កាទូត​ក្នុង​ការ​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា តែ​រដ្ឋាភិបាល​ក៏​គួរ​រិះ​រក​វិធី​ផ្សេង​ដែល​អាច​អោយ​ភាគី​ថៃ យល់​ព្រម​ទទួល​យក​ការ​សន្យា​ទៅ​ដោះ​ស្រាយ។

រដ្ឋលេខា​ធិការ​ក្រសួង​ការ​បរទេស លោក ឡុង វិសាលោ ក្នុង​ជំនួប​ជាមួយ​​ឯក​អគ្គរាជ​ទូត​ថៃ ក៏​បាន​ពិភាក្សា​ទៅ​លើ​គម្រោង​បង្កើត​អោយ​មាន​យន្តការ​មួយ​ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន ដើម្បី​បញ្ជៀស​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ។ បើ​ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​សង្គម​​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​តែ​បារម្ភ​ថា ការ​ស្វែង​រក​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ខ្មែរ​ពេល​នេះ នឹង​ពុំ​អាច​មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​រដ្ឋាភិបាល​ធ្លាប់​បាន​បរាជ័យ​ជា​ច្រើន​លើក​មក​ហើយ​​​ក្នុង​ការងារ​នេះ តាម​របៀប​ឆ្លើយ​ឆ្លង​គ្នា​កំណត់​ទូត​កន្លង​មក៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។