ជើង​ហោះហើរ​ហ្វីលីពីន-​សៀមរាប​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មីនា

ប្រទេស​ហ្វីលីពីន (Philippines) គ្រោង​ចាប់​ផ្ដើម​ហោះ​ហើរ​ត្រង់​លើក​ដំបូង​ពី​ទីក្រុង​ម៉ានីល (Manilla) នៃ​ប្រទេស​ហ្វីលីពីន មក​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា នៅ​ពេល​ឆាប់ៗ​នេះ។

0:00 / 0:00

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១២ បាន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​ហ្វីលីពីន ឈ្មោះ ស៊ីប៊ូ ប៉ាស៊ីហ្វិក អ៊ែរ (Cebu Pacific Air) ជា​យន្តហោះ​ខ្នាត​ធំ អ៊ែរ ប៊ឺស ៣១៩ (Air Bus 319) ចាប់​ផ្ដើម​ហោះ​ត្រង់​មក​ខេត្ត​សៀមរាប ចាប់​ពី​ចុង​ខែ​មីនា ខាង​មុខ​នេះ។

កិច្ច​ព្រមព្រៀង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក សុខ អាន ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ហ្វីលីពីន​នៅ​កម្ពុជា គឺ​លោក ណូអេ អាល់បាណូ វង់ (Noe Albano Wong) នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១២។

អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ឯក ថា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត ក្រោយ​ពី​ជំនួប​នោះ​ថា ការ​ហោះ​ហើរ​ត្រង់​នេះ គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​អង្គរវត្ត៖ «ហើយ​យើង​ដឹង​ហើយ​ថា ខេត្ត​សៀមរាប ជា​ទូទៅ​ទេសចរ​ហ្នឹង គឺ​មាន​កំណើន​ក្នុង​មួយ​ឆ្នាំ​ជាង ២៧%។ អ៊ីចឹង​កំណើន​ទេសចរណ៍​នេះ គឺ​វា​ច្រើន​សន្ធឹកសន្ធាប់​ណាស់​សំរាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង»

អភិបាល​ខេត្ត​សៀមរាប លោក ស៊ូ ភីរិន្ទ បាន​មាន​ប្រសាសន៍​ថា លោក​ត្រេកអរ​ចំពោះ​ការ​ចាប់​ផ្តើម​ជើង​ហោះ​ហើរ​ថ្មី​នេះ៖ «ហ្វីលីពីន ជា​ប្រទេស​មួយ​ដ៏​សំខាន់​ណាស់ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​តែ​ច្រើន​ម្យ៉ាង ម្យ៉ាង​ទៀត​បាន​មក​ឃើញ​ស្នាដៃ​ទាំង​ឡាយ មាន​អរិយធម៌​ខ្ពស់ មាន​ប្រាង្គ​ប្រាសាទ​អង្គរវត្ត»

ក្រុមហ៊ុន ស៊ីប៊ូ ប៉ាស៊ីហ្វិក អ៊ែរ របស់​ប្រទេស​ហ្វីលីពីន​នោះ គ្រោង​ហោះ​ហើរ​ដោយ​ត្រង់​មក​ខេត្ត​សៀមរាប ចំនួន ៤​ជើង ក្នុង​១​សប្ដាហ៍ គឺ​នៅ​ថ្ងៃ​អង្គារ ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។

នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​បរទេស​នានា មក​ទស្សនា​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប គឺ​មាន​ចំនួន​ជាង ៣​លាន​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ កន្លង​ទៅ គឺ​មាន​ចំនួន​ជាង ២.៦​លាន​នាក់។

លោក ស៊ូ ភីរិន្ទ បាន​បញ្ជាក់​ថា ការ​កើន​បែប​នេះ គឺ​ដោយសារ​តែ​កម្ពុជា ជា​ពិសេស​នៅ​ខេត្ត​សៀមរាប មាន​សន្តិសុខ​ល្អ និង​សេវា​ល្អ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។