សកម្មភាពដុតនោះបានធ្វើឡើងដោយក្រុមយោធាដែលពុំមានការជូនដំណឹង និងពុំមានលិខិតស្នាមបញ្ជាក់ពីអាជ្ញាធរនិងតុលាការនោះទេ។
យោធិនពិការរងគ្រោះឈ្មោះ ញិន ញ៉ឹប អាយុ ៤២ឆ្នាំ នៅក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពិការដាច់ជើងស្កាំកាលពីឆ្នាំ១៩៩៥ បានមានប្រសាសន៍ពីថ្ងៃសុក្រ ១៩ មីនានេះថា ៖ «ម្សិលមិញហ្នឹង ថ្ងៃទី១៨ វេលាម៉ោង ៣រសៀលស្រាប់តែទាហានមួយក្រុមដើរដុតបំផ្លាញផ្ទះសម្បែងជនពិការតែម្ដង។ ដុតអស់២ខ្នង ហើយកាប់បំផ្លាញ១ខ្នង។ ក្រុមទាហានហ្នឹងមានគ្នា ៨នាក់ប្រដាប់ដោយអាវុធ៧ដើម»។
យោធិនពិការរងគ្រោះម្នាក់ទៀតឈ្មោះ ប៊ុត សុផាត ដែលពិការដាច់ជើងឆ្វេងកាលពីឆ្នាំ១៩៨៦ នៅក្នុងសមរភូមិប្រយុទ្ធនៅភ្នំម៉ាទ្បៃ បានថែ្លងថា ៖ «ផ្ទះខ្ញុំធ្វើអំពីឈើអារ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ រនាបក្ដារ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី។ ទាហានអភិវឌ្ឍន៍អគ្គបញ្ជាការស្ទឹងច្រាល នៅចម្ការចេក មកធ្វើសកម្មភាពកាប់កម្ទេចរលំរាបដល់ដីខូចខាតទាំងស្រុង។ ឥឡូវខ្ញុំមកនៅជាមួយបងប្អូន»។
គ្រួសារយោធិនពិការដែលបាត់បង់ទីជម្រកខាងលើនេះ គឺស្ថិតនៅក្នុងគ្រួសារយោធិនពិការនានាជាច្រើនរយគ្រួសារនៅក្នុងតំបន់ដីអភិវឌ្ឍន៍ទំហំជាង ១៥.០០ហិកតាររបស់សមាគមជនពិការក្នុងខេត្តកំពង់ស្ពឺ។
លោក ទូច សឿលី ប្រធានសមាគមជនពិការខេត្តកំពង់ស្ពឺ និងខេត្តកំពត បានមានប្រសាសន៍ថា លោកនឹងធ្វើពាក្យប្ដឹងទៅអាជ្ញាធរនិងទៅតុលាការ ប្រឆាំងនឹងជនសង្ស័យដែលដុតផ្ទះសម្បែងនោះ។
លោក ទូច សឿលី មានប្រសាសន៍ដូច្នេះ ៖ «ទាហានហ្នឹងទើបបញ្ជូនមកថ្មីមានប្រហែលជា ៧-៨នាក់ គេមកបោះទីតាំងនៅហ្នឹង។ កន្លងមកមានដុត ៣-៤ផ្ទះហូរហែហើយ ប៉ុន្តែករណីម្សិលមិញហ្នឹងជាករណីថ្មី ដែលទើបដើរវ៉ៃ ដើរដុត ហើយពួកខ្ញុំក៏បានទៅទាន់នៅពេលដែលកំពុងធ្វើសកម្មភាពហ្នឹងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ មានបាញ់គំរាមកំហែង មានភ្ជង់។ ដឹកនាំដោយវរសេនីយ៍ ថេង គឹមលី វរសេនីយ៍ ស្រី ស៊ីវិបុល។ បញ្ហានេះខ្ញុំបានរាយការណ៍ជូនសមត្ថកិច្ច ហើយខ្ញុំនិងធ្វើពាក្យបណ្ដឹងទៅខាងតុលាការនិងខាងអាជ្ញាធរ ពិសេសទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកុំឲ្យមានបញ្ហានេះកើតមានជាលើកទី២»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងក្រុមយោធាដែលរងការចោទប្រកាន់ខាងលើនេះ ដើម្បីសុំការពន្យល់បានទេ។
សមាគមយោធិនពិការក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមក្នុងឆ្នាំ២០០០ ដែលមានដីធ្លីសម្រាប់អភិវឌ្ឍន៍ចំនួន ២.០០០ហិកតារ និងខេត្តកំពត ចំនួន ៣០០ហិកតារ។
គម្រោងការអភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ស្ពឺនោះ គឺសាងសង់ស្ពានផ្លូវថ្នល់សាលារៀន មណ្ឌលសុខភាព អណ្ដូងទឹក វត្តអារាម និងមានគ្រួសារយោធិនពិការច្រើនរយគ្រួសាររស់នៅទីនោះ៕
