កម្ពុជា​ត្រៀម​វិធានការ​ចំពោះ​គ្រោះ​រាំង​ស្ងួត​និង​ទឹក​ជំនន់

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ប្រទេស​កម្ពុជា បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ត្រៀម​ចាត់​វិធានការ​ចាំបាច់​នានា ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ដំណាំ​ស្រូវ​ដែល​ខូចខាត​ដោយ​សារ​គ្រោះ​រាំង​ស្ងួត និង​ទឹក​ជំនន់ នៅ​ឆ្នាំ​២០១២ នេះ។
ដោយ សុខ សេរី
2012-08-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កិច្ច​ប្រជុំ ស្ដីពី​គ្រោះ​រាំង​ស្ងួត និង​ទឹក​ជំនន់ ៣០៥
កិច្ច​ប្រជុំ ស្ដីពី​គ្រោះ​រាំង​ស្ងួត និង​ទឹក​ជំនន់ នា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

គេ​ឃើញ​មាន​មន្ត្រី​តំណាង​មក​ពី​កាកបាទ​ក្រហម​កម្ពុជា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រម​ទាំង​មន្ត្រី​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ចូល​រួម​ដែរ។

អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក ញឹម វណ្ណដា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា បាន​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹក​ជំនន់ ដែល​កំពុង​តែ​គំរាម​កំហែង​ប្រជាពលរដ្ឋ​ជាច្រើន​ខេត្ត នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ កម្លាំង និង​សម្ភារៈ​សង្គ្រោះ ត្រូវ​បាន​រៀបចំ​រួច​ហើយ សម្រាប់​ដោះស្រាយ​នៅ​គ្រា​ចាំបាច់។

របាយការណ៍​របស់​មន្ត្រី​ជំនាញ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ស្រុក​ចំនួន​៧០ និង​ឃុំ​ចំនួន​៣២០ នៅ​ខេត្ត​ចំនួន​៣ កំពុង​តែ​រងគ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ជាង​គេ។ ដំណាំ​ស្រូវ​ចំនួន​ជាង​១សែន​៣ម៉ឺន​ហិកតារ រង​ការ​ប៉ះពាល់។

រដ្ឋាភិបាល​នឹង​ត្រៀម​ស្បៀង​អាហារ​ចំនួន​១សែន​៦ម៉ឺន​តោន សម្រាប់​សង្គ្រោះ​បន្ទាន់​នៅ​ឆ្នាំ​២០១២ នេះ។ មន្ត្រី​ជំនាញ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប៉ាន់ស្មាន​ថា គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​២០១២ គឺ​ប្រហាក់​ប្រហែល​នឹង​គ្រោះ​រាំង​ស្ងួត​កាល​ពី​ឆ្នាំ​២០០១ កន្លង​ទៅ​នេះ។

រាំង​ស្ងួត កសិករ ៣០៥
កសិករ​ស្ទូង​ស្រូវ​ក្នុង​ស្រែ​គ្មាន​ទឹក នៅ​ខេត្ត​កំពង់ស្ពឺ។ RFA/Sok Serey

អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ចំនួន​ពីរ​នៅ​ពេល​តែ​មួយ៖ «រឿង​ទី១ យើង​ត្រៀម​ទឹក​ជំនន់ វា​មិន​ទាន់​មាន​បញ្ហា ប៉ុន្តែ​ការ​ប្រជុំ​ថ្ងៃ​នេះ​គិត​ថា​វា​នឹង​អាច​ប្រែប្រួល​នៅ​ពេល​ខាង​មុខ​នេះ។ អាកាសធាតុ​ជួន​កាល​វា​អាច​មាន​ទឹក​ជំនន់​ដែរ តែ​រយៈពេល​មិន​យូរ​ទេ ព្រោះ​ពី​មុន​ទឹក​ជំនន់​នៅ​ខែ៧ ខែ៨ ខែ៩ ខែ១០ តែ​ឥឡូវ​នេះ ខែ៩ ឥឡូវ​ហ្នឹង អ៊ីចឹង ខែ៨ ខែ៩ ខែ១០ មាន​បញ្ហា។ ប្រឈម​មុខ​មួយ​ទៀត គឺ​រាំង​ស្ងួត ទោះ​បី​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ភ្លៀង​ធ្លាក់​ជា​ហូរហែ​មែន ប៉ុន្តែ​វា​បាន​សម្រាប់​តែ​ស្រូវ​ដែល​បាន​បង្កបង្កើន​ផល​ហើយ ប៉ុន្តែ​ស្រូវ​ងាប់​ហើយ វា​ងាប់​ហើយ។ ឯ​ដី​ដែល​មិន​ទាន់​បង្កបង្កើន​ផល​បាន​នោះ យើង​ក៏​មិន​ទាន់​បាន​ដាស់ មិន​ទាន់​បាន​ភ្ជួរ មិន​ទាន់​បាន​ដក​ស្ទូង​ដែរ នេះ​ជា​បញ្ហា​ប្រឈម​មុខ»

ទាក់​ទង​នឹង​ការ​ដោះស្រាយ​គ្រោះ​មហន្តរាយ​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា លោក ឌឹកក្លាស ប៊្រូដឺរីក (Douglas Broderick) បាន​មាន​ប្រសាសន៍​ថា យើង​ត្រៀម​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​មហន្តរាយ​ជាមួយ​គ្នា។

កង​កម្លាំង​អន្តរាគមន៍​ដែល​ត្រៀម​ខ្លួន​ដើម្បី​សង្គ្រោះ​បន្ទាន់​ខាង​មុខ​នេះ មាន​ដូច​ជា កងទ័ព​ជើង​គោក​ចំនួន​៣.៥០០​នាក់ កងទ័ព​ជើង​ទឹក​ចំនួន​១.០២៧​នាក់ កង​រាជ​អាវុធហត្ថ​ចំនួន​៥.២៧០​នាក់ និង​កង​វិស្វកម្ម ដើម្បី​ជួសជុល​ផ្លូវ​ថ្នល់ និង​ស្ពាន និង​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ។

គ្រោះ​ទឹក​ជំនន់ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ប៉ះពាល់​ដល់​ខេត្ត-ក្រុង​ចំនួន​១៨ និង​ប្រជាពលរដ្ឋ​ចំនួន​ជិត​២លាន​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ​ចំនួន​២៥០​នាក់ បាន​ស្លាប់ ភាគ​ច្រើន​ជា​កុមារ។ ការ​ខូចខាត​សរុប គឺ​មាន​តម្លៃ​៥០០​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ជំនាន់ខ្មែរក្រហមមានប្រឡាយខ្វាត់ខ្វែង (សុំធីបចោលពីរឿង
អង្ការ) ជំនាន់នេះមានសុទ្ធតែម៉ាស៊ីនជ្នីកធំតូច ទឹកស្រុកខ្មែរ
សោទ យកទៅណាអស់កន្លែងខ្លះ ម៉េចមិនទាញពីអាកន្លែង
មានហូរហៀហ្នុងមកប្រើ ពិបាកណាស់ហ្អេ?? បើគ្មានសម្ថភាព
អោយគេជួយគិតគូរផងទៅ ស្អីអញៗ មិនសួរខ្លួនវិញ ស្អីអញហ្នឹង?

Aug 31, 2012 01:29 AM

ហែន ស៊ុន

ពី ក្រសាំងទួល

តើអស់លោកបាននិយាយគ្នារួចហើយមែនទេថាត្រូវចែក
គ្នាដូចម្ដេចនៅពេលបានជំនួយពីអន្ដរជាតិ?។

Aug 29, 2012 04:46 PM