ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក កៅ ផល មានប្រសាសន៍នៅថ្ងៃអង្គារ ទី២ ខែកុម្ភៈ ថា រហូតមកដល់ពេលនេះ មន្ទីរពិសោធន៍មិនទាន់ចេញលទ្ធផលវិភាគដែលរកមេរោគមកបញ្ជាក់ឲ្យច្បាស់លាស់ ជុំវិញការផ្ទុះជំងឺប្រភេទថ្មីបណ្តាលឲ្យងាប់សត្វទាជាង១ម៉ឺនក្បាល កាលពីថ្ងៃទី១ កម្ភៈ នៅស្រុកកោះអណ្តែត ខេត្តតាកែវ បាននៅឡើយទេ។ លោកបន្តថា អំឡុងពេលនេះមន្រ្តីជំនាញពីនាយកដ្ឋានបានចុះទៅស៊ើបអង្កេតនិងបាញ់ថ្នាំការពារការឆ្លងនៅទីនោះហើយ។
លោក កៅ ផល បានបញ្ជាក់ដូច្នេះ ៖ «មិនទាន់ឃើញនៅឡើយទេពីបញ្ហាហ្នឹង យើងនៅរង់ចាំ។ បើលឿនល្ងាចនេះ បើយឺតព្រឹកស្អែក»។
ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ លោក ញឹម ស្រ៊ន មានប្រសាសន៍ថា សត្វទា៣១.០៧០ក្បាលក្នុងឃុំព្រៃខ្លានិងឃុំរមិញ បានឆ្លងជំងឺដែលមិនទាន់ដឹងច្បាស់ថា ជាជំងឺអ្វីនៅឡើយទេ។ លោកថា ក្នុងនោះសត្វទាងាប់១៦.៤៤២ក្បាល។ ក្នុងស្រុកកោះអណ្តែតបច្ចុប្បន្ន សត្វមាន់ក៏មានងាប់ដែរ ប៉ុន្តែតួលេខមាន់ងាប់មិនទាន់បានស្រង់នៅឡើយ។ គេឃើញមានសត្វមាន់ទាចល័តពីព្រំដែនវៀតណាម និងពីស្រុកគិរីវង់ ទៅកាន់កន្លែងកំពុងផ្ទុះជំងឺនោះ ដែលគេសន្និដ្ឋានជាដំបូងថា ជាហេតុនាំឲ្យឆ្លងជំងឺងាប់សត្វទានៅស្រុកកោះអណ្តែតនោះ។ លោកថា មន្រ្តីពីក្រសួងកសិកម្មបានវះសត្វទាងាប់ពិនិត្យឃើញថ្លើមរបស់វារលួយ។
លោក ញឹម ស្រ៊ន បានឲ្យដឹងពីលក្ខណៈងាប់នៃសត្វទានោះថា ៖ «រោគសញ្ញានៃការងាប់នោះគឺភ្នែកវាស កវារមួល ផ្ងាពោះឡើងលើហើយងាប់តែម្ដង។ គេវះមើលទៅឃើញថ្លើមវារលួយ ហើយងាប់ហ្នឹងពេលយប់វាច្រើនជាងពេលថ្ងៃ»។
តាំងពីបុរាណមកគេតែងបានឮថា ការងាប់របស់សត្វស្លាបមាន ទា មាន់ជាដើម គេនិយមហៅថា ជំងឺដង្កោរែក បណ្តាលមកពីការផ្លាស់ប្តូរធាតុអាកាស ប៉ុន្តែបច្ចុប្បន្នគេហៅថា ជំងឺផ្តាសាយថ្មី។ គេមិនទាន់ដឹងថា ជាជំងឺផ្តាសាយបក្សី ឬជំងឺអ្វីនៅឡើយ ដែលធ្វើឲ្យទាងាប់នៅកោះអណ្តែតនោះ។
ថ្វីត្បិតតែជំងឺកំពុងបង្កឲ្យមានទាច្រើនពាន់ក្បាល និងមាន់កំពុងងាប់នៅស្រុកកោះអណ្តែត មិនទាន់រកមេរោគឃើញ បើតាមអនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ឲ្យដឹងថា ជំងឺផ្តាសាយបក្សី H5N1បានឆ្លងមកក្នុងប្រទេសកម្ពុជាដំបូងបំផុតកាលពីដើមឆ្នាំ២០០៤ ឆ្លងទៅសត្វមាន់ ទា ដោយការចល័តសត្វពីប្រទេសជិតខាង។
នៅឆ្នាំ២០០៥ ជំងឺផ្តាសាយបក្សី H5N1បានឆ្លងទៅមនុស្សចំនួន៩ករណី។ ជំងឺនោះបានកើតនៅខេត្តកំពត ៤ករណី បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់។ នៅខេត្តកំពង់ស្ពឺ ១ករណី ស្លាប់កុមារីម្នាក់ ខេត្តព្រៃវែង ១ករណី ស្លាប់កុមារាម្នាក់ នៅកំពង់ចាម ២ករណី ស្លាប់កុមារីម្នាក់ សង្រ្គោះបានម្នាក់ និងនៅខេត្តកណ្តាល ១ករណី សង្រ្គោះបានទាន់ពេល។ សរុបអ្នកស្លាប់មាន៧នាក់ក្នុងចំណោម៩ករណី ដែលជំងឺផ្តាសាយបក្សី H5N1បានចម្លងទៅមនុស្សក្នុងប្រទេសកម្ពុជា៕
