នេះជាសំឡេងត្អូញត្អែររបស់អ្នកបោះឆ្នោតនៅសង្កាត់ភ្នំពេញថ្មី ដែលធ្លាប់បោះឆ្នោតរាល់លើក ប៉ុន្តែលើកនេះ ឈ្មោះរបស់គាត់ត្រូវបានបាត់ចេញពីបញ្ជីបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតនោះ។
លោក សុវណ្ណ អាយុជាង ៤០ឆ្នាំ រអ៊ូរបន្តទៀតថា គាត់បានព្យាយាមមើលឈ្មោះ មុនថ្ងៃបោះឆ្នោត ចំនួន ២ថ្ងៃ តាំងពីព្រឹករហូតដល់ល្ងាច ប៉ុន្តែទីបំផុត នៅតែមិនមានឈ្មោះដដែល។ លោក សុវណ្ណ បន្តទៀតថា គាត់បានទៅប្តឹងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី និងសុំឲ្យគេរៀបចំទម្រង់ ១០-១៨ ឲ្យគាត់ ដើម្បីបានបោះឆ្នោតលើកនេះ ប៉ុន្តែ បែរជាគ្មានមន្រ្តីណាម្នាក់ ជួយសម្រួលការងារនេះទាល់តែសោះ។
លោកសម្ដែងការខកចិត្តយ៉ាងដូច្នេះ ៖ «ខ្ញុំគិតថា វាប៉ះពាល់ធ្ងន់ណាស់ ព្រោះសន្លឹកឆ្នោតមួយសន្លឹកដែរ ដែលខ្ញុំព្យាយាមតាំងពីមុនបោះឆ្នោត មកដល់សព្វថ្ងៃហ្នឹង ខ្ញុំខំប្រឹងមើល មើលឡើងឈឺក្បាល ហើយរហូតដល់ថ្ងៃបោះហ្នឹងទៀត។ ថ្ងៃហ្នុងខ្ញុំមើលដល់ពេលព្រលប់ ដល់ពេលនេះ ខ្ញុំគិតថា ចាំមើលដល់ថ្ងៃបោះឆ្នោតហ្នឹងមើល៍ ក្រែងលោគេមានពិធីអី ខ្ញុំជួបគេ ឬមួយអាចសុំគេបានបោះអី ដល់ពេលនេះ គេអត់ជួយសម្រួល។ ខ្ញុំថា ឥឡូវ ធ្វើម៉េចឲ្យតែខ្ញុំបានបោះ គេដេញឲ្យទៅសង្កាត់ ហើយដល់ពេលសង្កាត់គេដេញយើងមកវិញ ប៉ុន្តែខ្ញុំឆ្ងល់ថា ខុសពីខ្ញុំ ម៉េចក៏គេធ្វើឲ្យ ទម្រង់ ១០-១៨ហ្នឹង»។
លោក ស៊ុំ ប៊ុនឡុង និងភរិយា នៅសង្កាត់អូរឫស្សី ៣ ខណ្ឌ៧មករា ក៏មិនបានបោះឆ្នោតកាលពីពេលថ្មីៗនោះដែរ។ ប៊ុនឡុង បាននិយាយថា គេបានបិទឈ្មោះរបស់លោក នៅការិយាល័យបោះឆ្នោត ០១៣១៤ ប៉ុន្តែនៅថ្ងៃបោះឆ្នោត ស្រាប់តែរកឈ្មោះអត់ឃើញ។
លោក ស៊ុំ ប៊ុនឡុង មានប្រសាសន៍ដូច្នេះថា ៖ «ឃើញឈ្មោះខ្ញុំមានទាំងអស់ ដល់អ៊ីចឹងខ្ញុំកក់ក្ដៅហើយថា នៅពេលថ្ងៃបោះឆ្នោត ខ្ញុំបានបោះហើយ ដល់ពេលខ្ញុំទៅបោះ ថ្ងៃគេបោះឆ្នោតហ្នឹង ចូលទៅបោះ គេឲ្យយើងផ្ទៀងឈ្មោះ ទៅផ្ទៀងទាំងប្ដី ទាំងប្រពន្ធ វាអត់មាន ពេលអ៊ីចឹងគេថា ឲ្យមកមើលសង្កាត់ទៅ ក្រែងលោអត់មាន ដល់ពេលខ្ញុំមកដល់សង្កាត់អូរឫស្សី ខ្ញុំក៏សុំគេចូលមើលក្រដាសហ្នឹង ចូលមើលទៅមាន មានឈ្មោះដដែល អ៊ីចឹងខ្ញុំថា ម៉េចមិនព្រមយកឈ្មោះពីសង្កាត់ហ្នឹង ក្រែងសង្កាត់ហ្នឹង គ.ជ.ប. (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) ដាក់ឲ្យ ម៉េចក៏ឈ្មោះខ្ញុំមានហើយ នៅកន្លែងបិទអត់មាន ក្រដាសខុសគ្នា។ ដល់ពេលគេឆែកក្នុងបញ្ជីគេខាងក្នុងទៀត ខ្ញុំអត់អស់ចិត្ត ឲ្យគេជួយឆែកនៅខាងក្នុងគេទៅ អត់មានទៀត អត់មានទៀត គេថា យើងមិនអាចបោះបានទេ»។
លោក ស៊ុំ ប៊ុនឡុង អាជីវករនៅផ្សារអូរឫស្សី គឺជាអ្នកធ្លាប់បោះឆ្នោត តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ។ លោក ប៊ុនឡុង និងប្រពន្ធ បានបង្ហើបថា ចង់បោះឆ្នោតឲ្យក្រុមអ្នកប្រឆាំង ប៉ុន្តែសេចក្តីរង់ចាំអស់រយៈពេល ៥ឆ្នាំ បែរជាត្រូវអសារបង់។
លោកអត្ថាធិប្បាយថា គ.ជ.ប. ធ្វើបែបនេះ បានផ្តល់ភាពអយុត្តិធម៌ ធ្វើឲ្យបាត់សំឡេងដល់ទៅ ២សំឡេងរួចទៅហើយ សម្រាប់គណបក្សមួយដែលលោកចង់បោះឆ្នោតឲ្យ។
លោក ត្រួយ វណ្ណា អ្នករត់ម៉ូតូកង់បី អាយុជាង ៥០ឆ្នាំ នៅឃុំឃ្លាំងសាំង ខណ្ឌឫស្សីកែវ ក៏មិនបានបោះឆ្នោតនៅក្នុងថ្ងៃនោះដែរ ដោយបញ្ហាគឺគាត់មិនមានឈ្មោះនៅក្នុងបញ្ជី ៖ «អ្នកផ្សេង នៅជិតផ្ទះខ្ញុំ ក៏អត់ដែរ ទៅតវ៉ា គេនិយាយតែប៉ុណ្ណឹង តែអត់ អត់ហើយ»។
ពលរដ្ឋរូបនេះ បានចោទប្រកាន់ថា គ.ជ.ប. មានចេតនាក្នុងការបំបាត់ឈ្មោះអ្នកចង់ចូលរួមបោះឆ្នោត ពីព្រោះថា គ.ជ.ប. មិនបានរៀបចំរបៀបបោះឆ្នោតមួយ ដែលងាយស្រួលសម្រាប់អ្នកបោះឆ្នោតគ្រប់រូប ក៏ប៉ុន្តែ បែរជាលើករបៀបបោះឆ្នោត ដែលបង្កនូវឧបសគ្គនិងខាតពេលជាច្រើនសម្រាប់អ្នកបោះឆ្នោត។
លោក ត្រួយ វណ្ណា ថ្លែងបែបនេះថា ៖ «តូចចិត្តដែរ ៥ឆ្នាំ បានតែមួយថ្ងៃ ទៅបោះឆ្នោតដើម្បីរើសតំណាងខ្លួនឯង ឲ្យប្រទេសវាលូតលាស់ឡើង ដល់អត់ឈ្មោះ ក៏តូចចិត្តផង ឆ្អែតចិត្ត យ៉ាងម៉េចគេមិនឲ្យមានឈ្មោះបោះឆ្នោត។ សំណូមពរថា រដ្ឋអំណាចភូមិ ឃុំ អី ជួយប្រជារាស្រ្ដមួយៗហ្នឹង ឲ្យមានឈ្មោះត្រឹមត្រូវទៅ ធ្វើអត្តសញ្ញាណប័ណ្ណឲ្យគ្នាទៅ ដូចជំនាន់អ៊ុនតាក់ មានតែកាតអ៊ុនតាក់មួយ ទៅបោះកន្លែងណាក៏ស្រួល»។
ស្រី្តចំណាស់ម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ នៅសង្កាត់ទន្លេបាសាក់ បានប្រាប់ថា ក្រុមគ្រួសារអ្នកស្រី ៦នាក់ អត់បានបោះឆ្នោតទាំងអស់គ្នា។ អ្នកស្រីសង្ស័យថា បញ្ហាប្រហែលនៅត្រង់អ្នកស្រី ចូលរួមដង្ហែគណបក្ស ៖ «ខ្ញុំអត់បានបោះ បាត់ឈ្មោះហ្នឹង ៦នាក់ ទាំងកូន ទាំងម៉ែ ចៅ ៦នាក់ បោះបានតែម្នាក់ គេបំបិទឈ្មោះចោលអស់ សំបុត្រស្អីមានត្រឹមត្រូវស្រួលបួល ដល់ពេលទៅអ៊ីចឹង មើលក្នុងក្បាលបញ្ជីគេ គេថាអត់មានទេ គេបំបិទឈ្មោះយើងចោល គេឲ្យខ្មោចបោះជំនួស។ ប្រធានក្រុម ប្រធនភូមិទាំងអស់ គេក្ដោបក្ដាប់យើង គេមើលយើង ខ្ញុំទៅដង្ហែគណបក្សភ្លើងទៀន ដង្ហែគណបក្ស សិទ្ធិមនុស្ស ដល់គេឃើញយើងអ៊ីចឹង គេទម្លាក់ឈ្មោះកូនខ្ញុំ ខ្លួនខ្ញុំអីចោលអស់»។
ណារី អាយុ ៣០ឆ្នាំ នៅកោះឧកញ៉ាទ័យ រៀបរាប់ថា នាងមានឈ្មោះក្នុងបញ្ជីសព្វគ្រប់ ប៉ុន្តែនៅតែត្រូវបានបដិសេធមិនឲ្យបោះឆ្នោត ៖ «គេដឹងថា ពុកខ្ញុំ ជាគណបក្សសមរង្ស៊ី អ៊ីចឹងគេអត់ឲ្យខ្ញុំបោះទេ។ ហេតុអី ជីដូនមួយខ្ញុំបង្កើត គេអត់មានអត្តសញ្ញាណប័ណ្ណទេ តែគេមានចុងសន្លឹក តែគេបោះបាន ខ្ញុំឆ្ងល់កន្លែងហ្នឹង។ ស្ដាយ! មួយសន្លឹកមានប្រយោជន៍ណាស់»។
តាមរបាយការណ៍របស់គណៈកម្មាធិការខុមហ្រ្វែល ឲ្យដឹងថា ភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតលើកនេះ មានជាច្រើនករណី មិនខុសពីការបោះឆ្នោត នាឆ្នាំ២០០៣ឡើយ។
ក្រុមអ្នកសង្កេតការណ៍ខុមហ្វ្រែល បានបញ្ជាក់ថា មានការកេងបន្លំសន្លឹកឆ្នោត បំបាត់ឈ្មោះអ្នកបោះឆ្នោត បង្កឧបសគ្គដល់អ្នកបោះឆ្នោត និងមានការប្រើរូបភាពគាបសង្កត់អ្នកបោះឆ្នោត តាមរយៈការប្រើអំណាចមូលដ្ឋាន។
ខុមហ្វ្រែល បានបង្ហាញទៀតថា គេបានរកឃើញមនុស្សជាងមួយពាន់នាក់ នៅតាមបណ្ដាខេត្តក្រុងនានា ដែលត្រូវគេបំបាត់ឈ្មោះចេញពីបញ្ជី បើទោះបីជាអ្នកទាំងនោះបានព្យាយាមតវ៉ាយ៉ាងណាក៏ដោយ។
គណបក្សសមរង្ស៊ីវិញ បានប៉ាន់ប្រមាណថា មានមនុស្សដល់ទៅជាង ១លាននាក់ ត្រូវគេបំបាត់ឈ្មោះ។ គណបក្សនេះបានបន្ថែមទៀតថា មានការលួចធ្វើទម្រង់ ១០-១៨ ដោយខុសច្បាប់ ត្រូវបានគេរកឃើញថា មានចំនួនរាប់រយករណី ផងដែរ។
គណបក្សប្រឆាំង កាលពីពេលថ្មីៗនេះទៀត បានដាក់ពាក្យបណ្ដឹងផ្លូវការលើករណីទាំងអស់នេះ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅតែទាត់ចោលបណ្តឹងទាំងនោះ ដោយអះអាងថា មិនមានភស្តុតាង។
ជាមួយគ្នានោះ គ.ជ.ប. ធ្លាប់បានអះអាងថា គេបានលុបឈ្មោះមនុស្សប្រហែល ៦សែននាក់ចេញពីបញ្ជីបោះឆ្នោត ដោយសារកុំឲ្យមានការប៉ោងបញ្ជីបោះឆ្នោតដែលឈ្មោះទាំងនោះភាគច្រើន គឺជាឈ្មោះខ្មោច ឈ្មោះអ្នកបាត់បង់ជីវិត និងឈ្មោះមនុស្សដែលមានឈ្មោះពីរត្រួតគ្នាជាដើម។
មកដល់ពេលនេះ ក្រុមអ្នកប្រឆាំងនៅតែបន្តប្ដឹងផ្ដល់ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងក្តីសង្ឃឹមតិចតួចបំផុតអំពីការដោះស្រាយ៕
