លោក ជៀម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការទី៥នៃរដ្ឋសភាថ្លែងដូច្នេះថា ៖ «តុលាការមិនទាន់ធ្វើបែបបទនីតិវិធីរបស់តុលាការទៅរដ្ឋសភាផង»។
ជម្លោះរវាងអ្នកនយោបាយកំពូលៗគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសមរង្ស៊ីដែលនាំឲ្យមានការប្តឹងផ្តល់គ្នាទៅកាន់តុលាការរៀងៗខ្លួនស្តីអំពីបទបរិហារកេរ្តិ៍មកដល់ពេលនេះហាក់ដូចស្ងប់ស្ងាត់បន្តិចហើយមិនទាន់មានកម្រើកទៅមុខទៀតឡើយ។
ស្ថានភាពស្ងប់ស្ងាត់នេះបានកើតឡើងនៅក្រោយអង្គការក្រៅរដ្ឋាភិបាលចំនួន៩ដែលមានឈ្មោះល្បីនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីល្ងាចថ្ងៃទី២៩ មេសា ថា ការគំរាមដកអភ័យឯកសិទ្ធិសមាជិកសភាគណបក្សសមរង្ស៊ី គឺលោកស្រី មូរ សុខហួរ នោះ ជាការបំភិតបំភ័យ។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា ការគំរាមកំហែងព្យួរអភ័យឯកសិទ្ធិលោកស្រី មូរ សុខហួរ គឺមិនមានភស្តុតាងណាមួយទាក់ទងទៅនឹងបទល្មើសដែលបានប្រព្រឹត្តដោយលោកស្រីនោះទេ ហើយថានេះជាការបង្កការបំភិតបំភ័យចំពោះតំណារាស្រ្តមកពីគណបក្សជំទាស់។
លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា មានប្រសាសន៍ដូច្នេះ ៖ «ដើម្បីបើកផ្លូវឲ្យតុលាការហ្នឹងស៊ើបអង្កេតអីត្រឹមត្រូវ បើសិនជាដកគួរតែដកទាំងពីរ»។
ទាក់ទងទៅនឹងបណ្តឹងរបស់លោកស្រី មូរ សុខហួរ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញ លោក យ៉េត ចរិយា មិនមានប្រសាសន៍បញ្ជាក់ជុំវិញពាក្យបណ្តឹងលោកស្រី មូរ សុខហួរ និងពាក្យបណ្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាតុលាការចាត់ការយ៉ាងណានោះទេ ដោយលោកប្រាប់ថាលោកជាប់ប្រជុំ។
ចំណែកមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច ក៏បដិសេធមិនធ្វើអត្ថាធិប្បាយបន្តទៀតដែរ។
ជាមួយគ្នានេះមេធាវីរបស់លោកស្រី មូរ សុខហួរ គឺលោក គង់ សំអុន ពិពណ៌នាថា លោកមិនទាន់បានដឹងដំណឹងយ៉ាងណានៅឡើយទេពីតុលាការ បន្ទាប់ពីលោកបានប្តឹងលោកនាយករដ្ឋមន្ត្រីពីបទបរិហារកេរ្តិ៍លោកស្រី មូរ សុខហួរ នោះមក ប៉ុន្តែលោកនៅតែមានជំនឿថា តុលាការនឹងចាត់ការរឿងបណ្តឹងរបស់លោក។
លោក គង់ សំអុន បានបញ្ជាក់ថា ៖ «ប៉ុន្តែបើសិនជាគាត់មានប្រសាសន៍ថា ដោយសារថាគណបក្សប្រជាជនមានសិទ្ធិច្រើន អ៊ីចឹងបានន័យថាទោះបីសម្ដេចធ្វើខុសច្បាប់ក៏អត់មាននរណាត្រូវដាក់ទោសលោកបានដែរ។ អ៊ីចឹងយើងឃើញថា តើការអនុវត្តច្បាប់ហ្នឹងវាយ៉ាងម៉េច?»។
ជុំវិញរឿងរ៉ាវប្តឹងផ្តល់គ្នារបស់អ្នកនយោយបាយកំពូលស្តីអំពីបទបរិហារកេរ្តិ៍កាលពីថ្ងៃទី២៩ មេសាដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅទីសាធារណៈថា លោកត្រៀមខ្លួនជានិច្ចក្នុងការប្រឈមមុខនឹងការដកអភ័យឯកសិទ្ធិ បើសិនមានសំណើពីតុលាការ ប៉ុន្តែជាមួយគ្នានោះដែរលោកមានប្រសាសន៍បង្ហើបជាស្រេចថា ការដកអភ័យឯកសិទ្ធិរបស់លោកនឹងមិនងាយទេ ដោយសារតែតម្រូវឲ្យមានតំណាងរាស្រ្តគាំទ្រដល់២ភាគ៣ឯណោះ រីឯការដកអភ័យឯកសិទ្ធិលោកស្រី មួរសុខហួ នឹងត្រូវធ្វើឡើងយ៉ាងងាយ៕
