គ្រូបង្រៀនមួយរូបនៃវិទ្យាល័យក្រុងព្រះសីហនុដែលបានទទួលរងការគំរាមតាមទូរស័ព្ទពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ បានសុខចិត្តដកពាក្យបណ្តឹងពីតុលាការក្រុងព្រះសីហនុឈប់ប្តឹងមន្រ្តីនោះហើយ ក្រោយពីមន្រ្តីរូបនោះបានបង្ហាញខ្លួនសុំទោសជាផ្លូវការនិងជាលាយលក្ខណ៍អក្សរចំពោះមុខជនរងគ្រោះដោយមានមន្រ្តីនគរបាលព្រហ្មទណ្ឌធ្វើជាសាក្សីនិងធ្វើកំណត់ហេតុ។
លោក សេក វិសាល ជាគ្រូបង្រៀននៃវិទ្យាល័យក្រុងព្រះសីហនុដែលបានទទួលរងការគំរាមកំហែងតាមទូរស័ព្ទកន្លងមក បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានទទួលយកការសុំទោសនោះហើយ ហើយលោកក៏បានដកពាក្យបណ្តឹងរួចហើយដែរ កាលពីថៃ្ងព្រហស្បតិ៍កន្លងទៅនេះ។
លោក សេក វិសាល បានឲ្យដឹងថា ៖ «ទី១ ខ្ញុំព្រមទទួលយកការសុំទោសហ្នឹង ព្រោះកាលដែលខ្ញុំដាក់ពាក្យបណ្ដឹងនេះគឺអត់ចង់បានអ្វីក្រៅពីការសុំទោសហ្នឹងទេ។ ទី២ ខ្ញុំធូរស្បើយនៃការភ័យព្រួយហ្នឹង ព្រោះគាត់បានធ្វើជាកិច្ចសន្យាទុកនៅការិយាល័យព្រហ្មទណ្ឌ។ ទី៣ គឺខ្ញុំនៅខាងព្រហ្មទណ្ឌបានរៀបចំដកពាក្យបណ្ដឹងហើយ»។
លោក យស់ សេរីវុឌ្ឍ អនុប្រធានមន្ទីកាំសាបសាខាក្រុងព្រះសីហនុ ដែលទទួលរងការប្តឹងពីលោក សេក វិសាល ជាគ្រូបង្រៀនខាងលើ បានមានប្រសាសន៍ថា លោកមានការរីករាយក្នុងការពន្លត់វិវាទក្តីកាំ្ដងគ្នានេះ។
លោក យស់ សេរីវុឌ្ឍ បានមានប្រសាសន៍ថា ៖ «គឺថាចំពោះបុគ្គលនឹងបុគ្គលទេ ដែលថាបានសុំទោសទៅលើការជ្រុលជ្រួសពាក្យសម្ដីលើបុគ្គល សេក វិសាល។ ព្រឹកមិញទៅផ្សះផ្សាគ្នា ខាងប៉ូលិសហៅទៅផ្សះផ្សា»។
លោកស្រី អឿរ វណ្ណា នាយិកានៃវិទ្យាល័យក្រុងព្រះសីហនុ ដែលបានចូលរួមធ្វើជាសាក្សីក្នុងការផ្សះផ្សាគ្នានោះ បានមានប្រសាសន៍ថា ៖ «ខាងខ្ញុំគឺថាអត់ទាមទារអីទេ ហើយនិងធ្វើកិច្ចសន្យាថា កុំឲ្យមានការគុំកួន ហើយយើងរាប់អានគ្នាក្នុងនាមជាខ្មែរដូចគ្នា»។
សូមរំឮកថា រឿងវិវាទរវាងគ្រូបង្រៀន សេក វិសាល និងលោក យស់ សេរីវុឌ្ឍ ជាអនុប្រធានមន្ទីកាំសាបសាខាក្រុងព្រះសីហនុ បានកើតមានទ្បើងរហូតដល់មានការប្តឹង លោក យស់ សេរីវុឌ្ឍនោះ បន្ទាប់ពីលោក សេក វិសាល កាលពីព្រឹកថៃ្ងទី៥ ខែវិច្ឆិកាកន្លងទៅ បានទទួលការគំរាមតាមទូរស័ព្ទភ្លាមៗពីសំណាក់លោក យស់ សេរីវុឌ្ឍ ថា "គ្រូៗប្រយ័ត្នខ្លួនបើសិនណាវាយកូនខ្ញុំ ក្បាលគ្រូឯងក៏បែកដែរ ហើយផ្ទះគ្រូឯងនៅឯណា?"។
ការគំរាមនោះបានធ្វើឡើងក្រោយពី លោក សេក វិសាល ជាគ្រូបង្រៀននៅវិទ្យាល័យក្រុងព្រះសីហនុ បានដាក់ពិន័យដល់សិស្សមួយចំនួនដែលមិនចេះរូបមន្តក្នុងការរំឮកមេរៀនចាស់ ក្នុងនោះមានកូនស្រីពេញវ័យរបស់លោក យល់ សេរីវុឌ្ឍ ផងដែរ។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា ៖ «យើងឃើញថា ចំពោះបុគ្គលអ្នកប្រព្រឹត្តជាអ្នកមានអំណាចមួយ ហើយគាត់សុខចិត្តសុំទោសធ្វើជាលាយលក្ខណ៍អក្សរ ហើយនិងជាសាធារណៈដែលមានអាជ្ញាធរដឹងឮ។ នេះក៏ជាសារមួយដែលបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើងគឺមានច្បាប់»។
លោកបានឲ្យដឹងថា បើផែ្អកតាមច្បាប់ការគំរាមកំហែងប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនជាបទព្រហ្មទណ្ឌកម្រិតស្រាល ប៉ុនែ្តនេះបានធ្វើឡើងដោយស្ម័គ្រចិត្តទាំងសងខាង៕
