ក្រុមអង្គការសង្គមស៊ីវិលដដែលនេះបានហៅការឃុំខ្លួន លោក នី សាន់ ជាតំណាងប្រជាពលរដ្ឋនៅភូមិកំពង់យោល ស្រុកបូរីជលសានោះ គឺជាការគំរាមកំហែងនិងមិនសមហេតុផល។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា ភាគីដើមបណ្តឹងបានតម្រូវឲ្យលោក នី សាន់ ឬក្រុមគ្រួសារសុំទោសខ្លួន ហើយឈប់ជ្រៀតជ្រែតអំពីការទាមទារបោះឆ្នោតមេដឹកនាំថ្មីទៀតជាថ្នូរនឹងការដោះលែងមកវិញនោះ ជាការខុសនឹងនីតិវិធីព្រហ្មទណ្ឌ។
លោក អំ សំអាត បានឲ្យដឹងថា ៖ «បទល្មើសតូចតាចមិនគួរឃុំទេ ហើយពាក់ព័ន្ធនឹងរឿងនេះគឺខាងសហគមន៍អ៊ិស្លាមគ្នាគាត់គឺគាត់អាចនិយាយគ្នាបាន»។
មន្ត្រីស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត បានថ្កោលទោសចំពោះការតម្រូវឲ្យលោក នី សាន់ សុំទោសនេះដែរថា ជារឿងមួយគាបសង្កត់និងគំរាមកំហែងដល់អ្នកភូមិដទៃទៀតដើម្បីឲ្យមានការភ័យខ្លាច ហើយបញ្ហាជម្លោះនេះជារឿងតូចតាច តុលាការមិនគួរឃុំខ្លួន លោក នី សាន់ ទេ គួរតែទុកឲ្យមេដឹកនាំសាសនាធ្វើការសម្របសម្រួលវិញប្រសើរជាង។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា ៖ «ពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌមិនអាចទៅសុំទោសហើយដោះលែងមកវិញនោះទេ។ រឿងក្ដីព្រហ្មទណ្ឌ កាលណាប្ដឹងទៅតុលាការហើយ ចាំបាច់ត្រូវតែតុលាការពិនិត្យមើលថាតើរឿងហ្នឹងវាពិតប្រាកដដែរទេ។ រឿងនេះមិនបាច់ទៅដល់តុលាការផង គេអាចជជែកគ្នានៅក្នុងលក្ខខណ្ឌក្រៅប្រព័ន្ធតុលាការបាន ប៉ុន្តែផ្ទុយទៅវិញយើងឃើញថា តុលាការចាត់វិធានការទៅលើករណីនេះហាក់បីដូចជាមានភាពលម្អៀងទៅលើភាគីម្ខាង»។
លោក សាន សារី ដែលជាកូនប្រុសរបស់លោក នី សាន់ បានឲ្យដឹងថា កាលពីថ្ងៃទី៥ តុលា ភួឈួយហាកឹមទី១ ឈ្មោះ សុខ សេន និងបក្ខពួក៣ទៀត ឲ្យឪពុករបស់លោកឬក្រុមគ្រួសារសុំទោស លោក រីម ម៉ាត់ ដែលជាដើមបណ្តឹងនិងជាមេដឹកនាំភូមិផងនោះ គេនឹងដោះលែងវិញ។
លោក សាន សារី បានបញ្ជាក់ថា ៖ «គេថា ឲ្យតែសុំទោសគេមួយម៉ាត់ទៅ គេទៅជួបមេគេ ឲ្យមេគេដកពាក្យបណ្ដឹងវិញ។ រីម ម៉ាត់ អ្នកប្ដឹងទេ ប៉ុន្តែត្រូវសុំលោក ឡា ឡៃ ដែរ បានគេអាចដោះបាន ព្រោះ ឡា ឡៃ ហ្នឹងចាប់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង លោក សុខ សេន បានទេ ភ្លាមៗនេះដើម្បីសុំការបំភ្លឺអំពីបញ្ហាចោទប្រកាន់ខាងលើនៅថ្ងៃទី៦ តុលា។
លោក នី សាន់ ត្រូវបានតុលាការចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារកាលពីថ្ងៃទី៣០ កញ្ញា បន្ទាប់ពីការសាកសួរដោយគ្មានមេធាវី ក្រោមបទចោទប្រកាន់ថា ផ្សាយព័ត៌មានមិនពិតនិងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។
នៅក្នុងទំនាស់មួយជាមួយ លោក រីម ម៉ាត់ មេដឹកនាំសាសនាក្នុងភូមិ ដែលប្រជាពលរដ្ឋក្នុងភូមិកំពង់យោលមួយចំនួនបានប្តឹង បានចោទប្រកាន់លោក រីម ម៉ាត់ ថា ដឹកនាំមិនល្អនិងប្រព្រឹត្តអំពើពុករលួយចាប់តាំងពីឆ្នាំ២០០៨មក ហើយពួកគេទាមទារឲ្យមានការបោះឆ្នោតរើសមេដឹកនាំសាជាថ្មី។
បណ្តាអ្នកភូមិកំពង់យោលជាច្រើនបានឲ្យដឹងថា ពួកគេមិនឲ្យលោក នី សាន់ សុំទោសលោក រីម ម៉ាត់ ជាថ្នូរនឹងការដោះលែងនោះទេ ព្រោះថា លោក នី សាន់ មិនបានធ្វើអ្វីខុសឆ្គងនោះទេ៕
