អធិករណ៍​នៅ​វត្ត​វារិន្ទ ក្នុង​សង្កាត់​ព្រែកលៀប នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ

នៅឯ​វត្ត​វារិន្ទ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​នេះ​វិញ អ្នកស្រុក​ប្រមាណ ២០០​នាក់​ដែល​ជា​ពុទ្ធ​បរស័ទ​ចំណុះ​ជើង​វត្ត បាន​នាំ​គ្នា​ធ្វើ​ការតវ៉ា​ជំទាស់​មួយ​ប្រឆាំង​នឹង​ព្រះចៅ​អធិការ​វត្ត ព្រះនាម​ព្រះតេជ​គុណ ហួត ប៊ុនថុន ដែល​ពួកគេ​បាន​ចោទ​ព្រះអង្គ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។

0:00 / 0:00

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក មណ្ឌលកែវ កាលពី​ប្រមាណ​ម៉ោង​ជិត​៦​ល្ងាច​កន្លង​មក​នេះ បាន​រាយការណ៍​មក​ថា អ្នកស្រុក​បាន​លើក​គ្នា​ទៅ​រារាំង​មិន​ឲ្យ​ព្រះចៅ​អធិការ​វត្ត​នោះ​ចូល​ព្រះវិហារ​ឡើយ នៅគ្រា​ដែល​មាន​កងកម្លាំង​អាជ្ញាធរ​បាន​ព្យាយាម​ដឹក​ព្រះអង្គ​ចូល​មក​ក្នុង​វត្ត​វិញ​នោះ។

មណ្ឌលកែវ ៖ សភាពការណ៍​ថ្ងៃ​ហ្នឹង គឺ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ម្សិលមិញ​គឺ​ប្រជាពលរដ្ឋ​គាត់​បាន​កើត​ទុក្ខ មិន​សុខចិត្ត​ពី​បញ្ហា​គាត់​ចោទ​ប្រកាន់​ថា ព្រះគ្រូ​ចៅ​អធិការ​វត្ត ព្រះនាម ហួត ប៊ុនថុន ហ្នឹង ជា​ព្រះសង្ឃ​ដែល​បរាជិក គឺ​អត់​ចេះ​ធម៌ អត់​ប្រតិបត្តិ​ធម៌ អត់​កសាង​វត្ត​ទេ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក ដូច្នេះ​ពួក​គាត់​មាន​បំណង​នឹង​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​នេះ។

ហើយ​ម្សិលមិញ​ហ្នឹង ខាង​មន្ទីរ​ធម្មការ​ក្រុង បាន​និយាយ​ថា នឹង​មាន​ដំណោះស្រាយ ចាំ​ទៅ​ទូល​សួរ​ទៅ​សម្ដេច​សង្ឃ​សិន ប៉ុន្តែ​ការអូស​បន្លាយ​ហ្នឹង រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ គឺ​ខាង​អាជ្ញាធរ​បែរ​ជា​ដឹក​ព្រះសង្ឃ ព្រះនាម ហួត ប៊ុនថុន ហ្នឹង ត្រឡប់​ចូល​មក​អារាម​វិញ។

ព្រះចៅ​អធិការ ហួត ប៊ុនថុន ហ្នឹង គង់​នៅ​លើ​ឡាន​ស៊ីរ៉ែន​មួយ ដែល​មាន​អង្គរក្ស​ស្លៀកពាក់​ឈុត​ខ្មៅ​ការពារ ចំនួន​ប្រហែល​ជា ១០​នាក់ ហើយ​ក្រៅពី​ហ្នឹង គឺ​នៅ​មាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ប៉ូលិស​មូលដ្ឋាន ហើយ​និង​ប៉េអឹម ជាដើម​ហ្នឹង ប្រហែល​ជា ៣០​-៤០​នាក់ ហើយ​និង​ឡាន​របស់​កម្លាំង​ប្រដាប់​អាវុធ ៥​-៦​គ្រឿង មក​បញ្ឈរ​នៅ​មុខ​វិហារ ហើយ​នៅ​មុខ​វិហារ​ហ្នឹង គឺ​ប្រជាពលរដ្ឋ ប្រមាណ​ជា ២០០​នាក់ គាត់​កំពុងតែ​ស្រែក​ទាមទារ​ឲ្យ​ព្រះសង្ឃ​ហ្នឹង ចេញ​ទៅ​វិញ គឺ​មិន​ឲ្យ​ព្រះសង្ឃ​ហ្នឹង ចុះ​ពី​លើ​ឡាន ចូល​មក​ក្នុង​វិហារ​ទេ

ម៉ាយ៉ារិទ្ធិ ៖ ហើយ​ចុះ​រហូត​មក​ទល់​នឹង​ម៉ោង ៥​កន្លះ​ល្ងាច (ថ្ងៃ​ទី​២ កញ្ញា ២០០៨) ដែល​លោក​កំពុង​តែ​ធ្វើ​សេចក្ដី​រាយការណ៍​នេះ​ហើយ តើ​មាន​ការ​ដោះស្រាយ​យ៉ាង​ណា​ដែរ​ទៅ?

មណ្ឌលកែវ ៖ ឥឡូវ​សភាពការណ៍​កំពុង​នៅ​ទ្រឹង ពោល​គឺ​ព្រះសង្ឃ​នៅ​តែ​គង់​នៅ​លើ​ឡាន​ស៊ីរ៉ែន​ដដែល ឯ​ពុទ្ធបរិស័ទ​ដែល​ជា​បាតុករ​ដែល​មិន​យល់ព្រម​ឲ្យ​ព្រះសង្ឃ​ចុះ​ចូល​មក​គង់​នៅ​ក្នុង​វត្ត គាត់​នៅ​តែ​ព័ទ្ធ​ជុំវិញ​ហ្នឹង គឺ​នៅ​ព័ទ្ធ​មុខ​ព្រះវិហារ​ដដែល។ ខ្ញុំ​សូម​ឲ្យ​លោក​ជួប​ជាមួយ​នឹង​លោក​យាយ​ម្នាក់ គាត់​ជា​យាយ​ជី ដែល​មាន​វ័យ​ចំណាស់​ប្រហែល​ជា ៦០​ឆ្នាំ ដែល​គាត់​ចូលរួម​នៅ​ក្នុង​ការតវ៉ា​ហ្នឹង ដូច្នេះ​អញ្ជើញ​ស្ដាប់​គាត់​មាន​ប្រសាសន៍ ៖ «រឿង​សង្រ្គាជ​ហ្នឹង ខ្ញុំ​សូម​តែ​ដក​ឲ្យ​ចេញ​ពី​វត្ត​ព្រែកលៀប​ហ្នឹង​ចេញ​តែ​ម្ដង សុំ​ដក​តែ​លោក​សង្រ្គាជ​មួយ អត់​ឲ្យ​ចូល​វត្ត​ទេ អ្នក​ជើង​វត្ត​នៅ​ខាង​ណេះ គេ​អស់​ជំនឿ​ហើយ ព្រោះ​កន្លង​មក ៤​ឆ្នាំ​ហើយ ដែល​ពុករលួយ​នោះ»

មណ្ឌលកែវ ៖ ខ្ញុំ​សូម​ជម្រាប​លោក​ថា ឥឡូវ​នេះ សភាពការណ៍​នៅ​ទ្រឹង អត់​មាន​បញ្ហា​អី​កើត​ឡើង​នៅ​ឡើយ​ទេ ហើយ​ប្រសិន​បើ​នៅ​មាន​សភាព​ការណ៍​អី​កើត​ឡើង ខ្ញុំ​នឹង​រាយការណ៍​បន្ត​ទៅ​ទៀត

នៅ​មិន​ទាន់​មាន​ការ​បកស្រាយ​និង​បង្ហាញ​ភស្តុតាង​បញ្ជាក់​ច្បាស់​ថា តើ​ការចោទ​ព្រះចៅ​អធិការ​វត្ត​ព្រះតេជ​ព្រះគុណ ហួត ប៊ុនថុន ថា ពុករលួយ​និង​ថា​ជា​សង្ឃ​បរាជិក​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ខ្លះ​នោះ​ទេ៕