ប្រធាន​សណ្ឋាគារ​រណសិរ្ស​ប្រឈម​មុខ​នឹង​ការបណ្ដេញ​ចេញ

ប្រធាន​សណ្ឋាគារ​រណសិរ្ស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដកហូត ហើយ​បាន​លក់​ទីតាំង​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​វិញ​កំពុងតែ​ប្រឈមមុខ​នឹង​ការបណ្តេញ​ចេញ​ពី​សណ្ឋាគារ​នេះ​មិន​ឲ្យ​ហួស​ដំណាច់​ខែ​កញ្ញា​នេះ​ជា​កំហិត។

0:00 / 0:00

លោកស្រី កឹម ចន្ថា ប្រធាន​សណ្ឋាគារ​រណសិរ្ស​ស្ថិត​នៅ​ចំ​ខាង​មុខ​ព្រះ​បរមរាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ប្រគល់​លិខិត​ស.ជ.ណ.​មក​ឲ្យ​លោកស្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ តម្រូវ​ឲ្យ​លោកស្រី​ប្រគល់​សណ្ឋាគារ​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឈ្មោះ អាទ្បិចសាន់អ៊ិន។

លោកស្រី កឹម ចន្ថា បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​សាងសង់​តាំងពី​ចាក់​គ្រឹះ​មក រួច​ឲ្យ​ខ្ញុំ​ចេញ​យ៉ាង​ម៉េច​ទទេ​ហ្នឹង ខ្ញុំ​អត់​យល់​ទេ​ណា៎!»

សុខ សេរី ៖ លោកស្រី​មាន​ត្រៀម​លក្ខណៈ​រៀបចំ​រើ​ទាន់​ទេ​មើលទៅ?

កឹម ចន្ថា ៖ ខ្ញុំ​រៀប​មិន​ចេញ​ទេ ខ្ញុំ​អត់​រៀប​អី​កើត​ទេ ខ្ញុំ​អត់​ដឹង​រៀប​ដោយ​វិធី​ណា។

ផែ្អក​តាម​ឯកសារ​ថត​ចម្លង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន ចុះ​ថៃ្ង​ទី​២៥ ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ ចុះ​ហត្ថលេខា​និង​ត្រា​ដោយ លោក សេង លឹមនៅ ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​និយាយ​ថា សូម​ឲ្យ​លោកស្រី​ប្រធាន​សណ្ឋាគារ​ជួយ​សម្រួល​ដោះស្រាយ​អគារ​នេះ​ឲ្យ​បាន​នៅ​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០០៨​នេះ។

កម្មវត្ថុ​នៃ​លិខិត​នោះ​បាន​បញ្ជាក់​ថា ករណី​ស្នើសុំ​ប្រគល់​សណ្ឋាគារ​រណសិរ្ស ផ្ទះ​លេខ​៤០ មហាវិថី​សម្តេច​សុធារស ជូន​ក្រុមហ៊ុន​អាទ្បិចសាន់អ៊ិន របស់​លោកស្រី ជីង សុគន្ធាវី ដែល​ប្រភព​បាន​អះអាង​ឲ្យ​ដឹង​ថា គេ​បាន​ទិញ​ទីតាំង​សណ្ឋាគារ​នោះ​ក្នុង​តម្លៃ​ទឹក​ប្រាក់ ៣​លាន​៨​សែន​ដុល្លារ​អាមេរិក ពី​គណបក្ស​ប្រជាជន​កម្ពុជា។

ផ្អែក​តាម​ប្រភព​និង​ឯកសារ​មួយចំនួន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​អាទ្បិចសាន់អ៊ិន គឺ​មាន​ឈ្មោះ ជីង សុគន្ធាវី ដែល​ជា​កូន​ស្រី​របស់​យាយ​ភូ ភរិយា​របស់​លោក ទ្បៅ ម៉េងខីន ប្រធាន​ក្រុមហ៊ុន​ស៊ូកាគូ។

មិន​អាច​ទាក់ទង លោកស្រី ជីង សុគន្ធាវី ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​ចម្រូងចម្រាស​ខាង​លើ​នេះ​បាន​ទេ។

លោកស្រី កឹម ចន្ថា ប្រធាន​សណ្ឋាគារ​រណសិរ្ស​បាន​ឲ្យ​ដឹង​ថា លោកស្រី​បាន​ជួល​សណ្ឋាគារ​នេះ​បើក​សេវាកម្ម​ទទួល​ភ្ញៀវ​ស្នាក់នៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក​ម៉្លេះ​ក្នុង​តម្លៃ​ទឹកប្រាក់​២៦៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ហើយ​កិច្ចសន្យា​ជួល​នោះ​កំពុងតែ​នៅ​ជា​ធរមាន​នៅ​ទ្បើយ។

លោកស្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោកស្រី​មិន​បាន​រំលោភ​លើ​កិច្ចសន្យា​នោះ​ដូច​ការចោទប្រកាន់​នោះ​ទ្បើយ។

លោក មិន ឃិន ជា​ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ ហើយ​បច្ចុប្បន្ន​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ធម្មការ​និង​សាសនា សម្រាប់​រដ្ឋាភិបាល​ទើប​បង្កើត​ថ្មី ដែល​លោក​មាន​ចំណែក​ក្នុង​ការសម្រេច​ជុំវិញ​រឿង​ចម្រូងចម្រាស​ខាង​លើ​នេះ មិន​អាច​ទាក់ទង​សុំ​សេចក្ដី​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ ប៉ុនែ្ត​លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​បំភ្លឺ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «...គាត់​ជួល​១៧​ឆ្នាំ​ហើយ គាត់​អត់​មាន​គោរព​តាម​កិច្ចសន្យា​ទេ។ ១៧​ឆ្នាំ​គាត់​អត់​មាន​បាន​ជួសជុល បាន​ធ្វើ​អី​ទាំងអស់»

លោក វ៉ាន់ សូផាត នាយក​រង​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ៖ «រាល់ថ្ងៃ​នេះ​គឺ​ថា រឿង​ជម្លោះ​ដី​ធ្លី​ហ្នឹង​វា​កាន់តែ​រីក​រាលដាល​តាំងពី​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​គ្នា​គ្មាន​លទ្ធភាព រហូត​មក​ដល់​ជម្លោះ​រវាង​អ្នក​ដែល​មាន​ឥទ្ធិពល​ដូច​គ្នា»

លោក​បាន​កត់សម្គាល់​ឃើញ​ថា រាល់​ការលក់​និង​ការដោះដូរ​ទីតាំង​ដី​ធ្លី​និង​អគារ​សាធារណៈ​នានា​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ធ្វើ​ឡើង​គ្មាន​តម្លាភាព​ដោយសារ​ទំនាក់ទំនង​រវាង​ឈ្មួញ​និង​មន្រ្តី​ជាន់ខ្ពស់​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា៕