ជម្លោះ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​នៅ​កំពត​ជុំវិញ​ការ​ចាក់​ខ្សាច់​លុប​ផ្ទៃ​សមុទ្រ

ប្រភព​ពី​ប្រជាពលរដ្ឋ​អ្នក​នេសាទ បាន​ឲ្យ​ដឹង​ថា ស្រឡាង​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្រ​របស់​ក្រុមហ៊ុន​កំពត​ផត នៅ​ថ្ងៃ​ទី​២៧ សីហានេះ បាន​ផ្លាស់​ចេញ​ពី​កន្លែង​បូម​ចាក់​ដែល​មាន​ទំនាស់​ទៅ​បូម​កន្លែង​ផ្សេង​ទៀត ចម្ងាយ​​ប្រមាណ ៣.៥០០​ម៉ែត្រ។

0:00 / 0:00

ព្រឹត្តិការណ៍​នៃ​ការផ្លាស់​ទីតាំង​ស្រឡាង​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្រ​ទំហំ ១.០០០​ហិកតារ​នៅ​ក្នុង​ភូមិ​រលួស ឃុំ​បឹងទូក ស្រុក​កំពត ខេត្ត​កំពត​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ចចរចា​គ្នា​រយៈពេល ២​ម៉ោង កាល​ពី​រសៀល​ថ្ងៃ​២៦ សីហា រវាង​មនុស្ស​ចំនួន ១៥​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​នេសាទ​មក​ពី​ឃុំ​ចំនួន​បី គឺ​ឃុំ​បឹងទូក ឃុំ​ព្រែកត្នោត និង​ឃុំ​ត្រើយកោះ និង​ប្រធាន​ក្រុមហ៊ុន​កំពតផត លោក​ឧកញ៉ា វិញ ហួរ ក្រោម​កិច្ច​ឃ្លាំមើល​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ក្រុម​សិទ្ធិ​មនុស្ស។

ប្រធាន​ក្រុមហ៊ុន​កំពត​ផត លោក​ឧកញ៉ា វិញ ហួរ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ព្រម​ទទួល​យក​សំណើ​ពី​ប្រជាពលរដ្ឋ ដោយ​ផ្លាស់ទី​កន្លែង​បូម​ខ្សាច់​ជា​បណ្ដោះ​អាសន្ន ហើយ​រង់ចាំ​ជំនួប​ម្ដង​ទៀត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ខាង​មុខ។

លោក​ឧកញ៉ា វិញ ហួរ មាន​ប្រសាសន៍​ថា ៖ «ប្រជាជន​សំណូម​ពរ​ថា កុំ​ឲ្យ​ផ្ដាច់​អាហារ​គាត់ ដាច់​ពោះ​គាត់ អាហ្នឹង​ជា​បញ្ហា​មួយ បញ្ហា​ទី​២ ខ្លាច​ងាប់​ព្រៃ​កោងកាង។ ឥឡូវ​ហ្នឹង ព្រៃ​កោងកាង យើង​ដាំ​ថែម។ ចំពោះ​ការ​បូម​ខ្សាច់ យើង​អាច​បូម​កន្លែង​ផ្សេង​សិន ដើម្បី​ឲ្យ​យើង​បាន​ជំហាន​ទី​១ ដើរ​ទៅ​រួច បូម​កន្លែង​ផ្សេង​សិន ខ្ញុំ​សំណូមពរ​គាត់»

ប្រធាន​សមាគម​កែប​ថ្មី លោក អ៊ិន ជុំ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅតែ​ប្រកាន់​ជំហរ​មិន​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​តាម​ឆ្នេរ​នោះ​ដដែល ហើយ​ទន្ទឹង​រង់ចាំ​ការជួប​ចរចា​គ្នា​ម្ដង​ទៀត ៖ «បើ​សិន​គេ​នៅ​តែ​បូម​ទៀត គាត់​នឹង​ដាច់​ពោះ​ស្លាប់ ហើយ​គាត់​នឹង​តស៊ូ​ដល់​ចុង​បំផុត ទាំង​គ្រួសារ ទាំង​កូន​ចៅ​របស់​គាត់​ហ្នឹង គាត់​ត្រូវ​តែ​តស៊ូ​ដើម្បី​ទឹក​ដី​កន្លែង​ហ្នឹង ព្រោះ​ជា​ទឹកដី​ឆ្នាំង​បាយ​របស់​គាត់ ភូមិសាស្រ្ដ​គាត់...»

ការចរចា​រវាង​ភាគី​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការតវ៉ា​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​អ្នក​នេសាទ ប្រឆាំង​មិន​ឲ្យ​ក្រុមហ៊ុន​កំពត​ផត ធ្វើការ​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្រ​ទំហំ ១.០០០​ហិកតារ ដើម្បី​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពត មាន​ដូចជា ការសាង​សង់​កំពង់ផែ​អន្តរជាតិ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង និង​ប្រឆាំង​គម្រោង​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្រ​ទំហំ ២០០​ហិកតារ នៅ​ភូមិ​កែបថ្មី និង​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹងទូក​របស់​ក្រុមហ៊ុន កែវ ជា Property and Development។

ប្រជាពលរដ្ឋ​អះអាង​ថា ការអភិវឌ្ឍ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​របរ​ចិញ្ចឹម​ជីវិត​របស់​ពួក​គាត់​និង​ធនធាន​ធម្មជាតិ ដូចជា​ស្មៅ​សមុទ្រ សារាយ និង​ព្រៃ​កោងកាង។

បើ​តាម​លិខិត ស.ជ.ណ. ចុះ​ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០០៧ មន្ត្រី​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កំពត​ផត បូម​ខ្សាច់​ចាក់​បំពេញ​ពង្រីក​ផ្ទៃ​ដី​ទំហំ ១.០០០​ ហិកតារ ដើម្បី​បង្កើត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស កំពត។

ហើយ​បើ​តាម​លិខិត​ស.ជ.ណ. ដោយ​ឡែក​មួយ​ទៀត ចុះ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០០៨ ដោយ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ កែវ ជា Property and Development បូម​ខ្សាច់​និង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ទំហំ​ប្រមាណ ២០០​ហិកតារ នៅ​ភូមិ​កែបថ្មី និង​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹងទូក ដើម្បី​វិនិយោគ​អភិវឌ្ឍ​តំបន់​ទេសចរណ៍៕