ជម្លោះ​ក្នុង​សហគមន៍​នេសាទ​នៅ​ខេត្ត​បាត់ដំបង

កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ធនធាន​ទឹក និង​មន្ត្រី​ជលផល បាន​គំរាម​ប្ដឹង​ផ្ដល់​គ្នា​ក្នុង​រឿង​ទំនាស់​ដែន​ទឹក​នេសាទ ក្នុង​តំបន់​បឹង​ទន្លេសាប មិន​ទាន់​ដោះស្រាយ​ចប់​សប់​គ្រប់​ផង ស្រាប់​តែ​ឥឡូវ​នេះ​កើត​មាន​ទំនាស់​ថ្មី​មួយ​ទៀត ក្នុង​ករណី​បង្ក្រាប​បទ​ល្មើស​នេសាទ​រវាង​សហគមន៍​នេសាទ និង​សហគមន៍​នេសាទ​ដូច​គ្នា នៅ​ក្នុង​ខេត្ត​បាត់ដំបង។

0:00 / 0:00

សហគមន៍​នេសាទ​ចំនួន​ពីរ នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ពេល​ដែល​ពួក​គេ​បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ ណ រ៉ាវ ឬ​ហៅ​ថា​ស្បៃ​មង​ក្រឡា​ល្អិត ដែល​ជន​ល្មើស​បាន​ចាប់​ត្រី​នៅ​ចំណុច​មួយ​ក្នុង​បឹង​រហាល​ទោល ភូមិ​ព្រៃចាស់ ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ ទំនាស់​ពាក្យ​សម្ដី​ធំ​តូច​ដាក់​គ្នា​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដោយ​សារ​តែ​សហគមន៍​នេសាទ នៅ​ឃុំ​ព្រៃចាស់ ជា​អ្នក​កាង​បទ​ល្មើស​នេសាទ ចំណែក​ឯ​សហគមន៍​នេសាទ​ព្រែក​ហ្លួង ជា​អ្នក​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នេសាទ។

លេខា​សហគមន៍​នេសាទ​ព្រែក​ហ្លួង លោក រឹម រំដួល បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែ​សីហា ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១២ រូប​លោក និង​កង​កម្លាំង​ប៉ូលិស​មាន​គ្នា​៩​នាក់ បាន​សុំ​គោលការណ៍​ពី​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង ដើម្បី​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នេសាទ ណ រ៉ាវ។

ក្រោយ​ពី​ទទួល​បាន​ការ​អនុញ្ញាត សហគមន៍​ក៏​បាន​ផ្ដល់​ដំណឹង​នេះ​ទៅ​មន្ត្រី​សង្កាត់​ជលផល នៅ​ភូមិ​បាក់ព្រា ប៉ុន្តែ​នៅ​ពេល​ចុះ​ទៅ​ដល់​ទីតាំង​បទ​ល្មើស ស្រាប់​តែ​មាន​ការ​គំរាម​ពី​សហគមន៍​នេសាទ​ព្រៃចាស់៖ «ពេល​ចូល​ទៅ​ដល់​ឃើញ​ជន​ល្មើស​ដឹក​ឧបករណ៍​ល្មើស​ចេញ អ៊ីចឹង​យើង​ឃើញ អ៊ីចឹង​ក៏​ស្រូត​មក​ដល់​មុន រើ​បាន​បន្តិច គេ​មក​ដល់​ភ្លាម។ សហគមន៍​ព្រៃចាស់ គេ​ថា យើង​ហ្នឹង​មិន​ប្រាប់​គេ ហើយ​បើ​សិន​គេ​ចូល​មក​កន្លែង​យើង យល់​ម៉េច​ដែរ ហើយ​គេ​ស្រែក​ថា អ្ហែង​រក​កម្លាំង​ពី​ឡូត៍​១០​ថែម​១០​ស្មាច់​ទៀត​មក ឮ​កម្លាំង​គេ​ច្រើន​អ៊ីចឹង ដក​ខ្លួន​ចេញ​មក ខ្លាច​មាន​បញ្ហា​ជាមួយ​គ្នា ព្រោះ​អី​នៅ​ក្នុង​ព្រៃ​ខ្លាច​មាន​អំពើ​ហិង្សា​កើត​ឡើង ខ្ញុំ​គេច​ខ្លួន»

លោក​បន្ត​ថា បាន​ប្រហែល​ជា​កន្លះ​ម៉ោង​ក្រោយ​មក ក៏​មាន​មន្ត្រី​ជលផល​នៅ​សង្កាត់​បាក់ព្រា ក្រុម​ប្រឹក្សា​ឃុំ​ព្រៃចាស់ និង​ប៉ូលិស​ប៉ុស្តិ៍ បាន​ចុះ​ទៅ​ដល់​ប្រាប់​ឲ្យ​ម្ចាស់ ណ រ៉ាវ រុះរើ​ចេញ​ពី​ទឹក ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​គ្នា។ ប៉ុន្តែ​ពួក​គេ​ពុំ​បាន​ចាប់​ខ្លួន ឃាត់​ខ្លួន​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ​នោះ​ទេ។

មេ​ឃុំ​ព្រៃចាស់ លោក ឈន លាង បាន​មាន​ប្រសាសន៍​ថា ឧបករណ៍​ល្មើស​នេសាទ​ទាំង​នោះ បាន​រុះរើ​ចេញ​ពី​ទឹក​អស់​ហើយ​ក្រោយ​ពី​មាន​ជម្លោះ។ លោក​បញ្ជាក់​ថា ករណី​ទំនាស់​នេះ​កើត​មាន​ឡើង​ដោយ​សារ​តែ​សហគមន៍​នេសាទ​ព្រែកហ្លួង រំលោភ​លើ​ដែន​សមត្ថកិច្ច​របស់​សហគមន៍​នេសាទ​ព្រៃចាស់៖ «អា​នេះ បើ​និយាយ​ទៅ​ការ​រំលោភ​ដែន​សមត្ថកិច្ច។ គេ​មក​ហ្នឹង មុន​ដំបូង​ប្រាប់​ថា ចាំ​ឲ្យ​ជួប​ជាមួយ​ជលផល ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ រួច​បាន​ទៅ​ទាំង​អស់​គ្នា។ គេ​ទៅ​មុន ហើយ​ពួក​ខាង​ខ្ញុំ​ទាំង​អស់​គ្នា ខាង​ខ្ញុំ​ជលផល​ទៅ​អត់​ទាន់​ដល់ គេ​ទៅ​ដល់​មុន​អ៊ីចឹង អ៊ីចឹង​វា​ទាស់​សម្ដី​គ្នា​បន្តិច ដល់​ពួក​ខ្ញុំ​ចូល​ទៅ​ដល់​ក៏​វា​អត់​អី​ទេ និយាយ​ទៅ​ត្រូវ​គ្នា​នាំ​គ្នា​សារ​ទាំង​អស់»

វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក លី វែង នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង ជាច្រើន​ដង ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​ទេ។

ប្រធាន​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា សហគមន៍​នេសាទ​មិន​ត្រូវ​ប្រកាន់​លើ​ដែន​សមត្ថកិច្ច​ភូមិ​សាស្ត្រ​ដូច្នេះ​ទេ ពួក​គេ​គួរ​ធ្វើ​កិច្ច​សហការ​គ្នា​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ៖ «ហើយ​ជលផល​គួរ​សហការ​ជាមួយ​សហគមន៍ ហើយ​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន​ហ្នឹង ដូច​ជា​រដ្ឋបាល​ជលផល​គួរ​ផ្ដល់​ព័ត៌មាន​ទៅ​ដល់​សហគមន៍ ដើម្បី​ធ្វើ​រួម​គ្នា បើ​យើង​ធ្វើ​ដាច់​ដោយ​ឡែក មិន​អាច​ជោគជ័យ​បាន​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ភូមិ​បាន​រិះគន់​ថា ករណី​ខាង​លើ​នេះ​ពុំ​មែន​ជា​ទំនាស់​លើ​ការ​រំលោភ​ដែន​សមត្ថកិច្ច​ទេ គឺ​ទំនាស់​កើត​ចេញ​មក​ពី​សហគមន៍​នេសាទ​ព្រៃចាស់ ជា​អ្នក​ត្រូវ​គ្នា​ជាមួយ​ជន​ប្រើ​ឧបករណ៍​ល្មើស​នេសាទ។ ព្រោះ​បទល្មើស​នេសាទ មាន​នៅ​ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន​គ្រប់គ្រង មាន​រឿង​អី​ដែល​ពួក​គេ​មិន​អាច​ដឹង​នោះ។ ចំណែក​ឯ​សហគមន៍​នេសាទ​ព្រែកហ្លួង ជា​អ្នក​ចុះ​ទៅ​ចាប់​បទល្មើស​នេសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​សហគមន៍​ព្រៃចាស់ ទើប​កើត​មាន​ទំនាស់​នេះ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។