ស្ថានការណ៍​នៅ​តំបន់​ជម្លោះ​ព្រំដែន​មាន​ភាព​ធូរ​ស្រាល

មន្ត្រី​ជាន់​ខ្ពស់​យោធា​ខ្មែរ​បាន​អះអាង​ថា ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​រវាង​យោធា​ខ្មែរ​ថៃ​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​ដែល​ធ្លាប់​តែ​តឹងតែង​បាន​ត្រឡប់​មក​រក​ភាព​ធូរ​ស្រាល​ជា​បណ្តើរៗ​ហើយ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក Suthep Thoug suban បាន​ជួប​ជជែក​គ្នា​កាលពី​ពេល​ថ្មីៗ​កន្លង​មក។

0:00 / 0:00

អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ដែល​កំពុង​គ្រប់គ្រង​កង​កម្លាំង​យោធា​ខ្មែរ​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ឯក ជា តារា បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កក្កដា ថា ការប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ជួរ​មុខ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​មិន​មាន​ភាព​តានតឹង​ទេ​នា​ថ្ងៃ​អាទិត្យ​នេះ ដោយ​យោធា​ខ្មែរ​ថៃ​ខ្លះ​នៅ​តាម​តំបន់​ជម្លោះ​បាន​ចូលរួម​បាយ​សាមគ្គី​ជាមួយ​គ្នា​ផង​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នា​ថ្ងៃ​អាទិត្យ​នេះ។

លោក​ឧត្តមសេនីយ៍​ឯក ជា តារា បាន​បញ្ជាក់​ថា ៖ «កម្លាំង​នៅ​ជួរ​មុខ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​មិន​មាន​ការតានតឹង​ទេ មាន​ការធូរ​ស្រាល​ណាស់។ ថ្ងៃ​នេះ​គឺ​បណ្ដា​មុខ​ព្រួញ​ទាំងអស់ គេ​ធ្វើ​ពិធី​ជប់លៀង​មួយ។ ខាង​កម្ពុជា​ចេញ​ជ្រូក​ខ្វៃ​ពីរ ឯ​ខាង​ថៃ​មាន​បន្លែ មាន​បាយ​ដំណើប​អី ជួប​គ្នា​ដើម្បី​និយាយ​គ្នា។ យើង​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​អំពី​គោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពិសេស​របស់​សម្ដេច​តេជោ គឺ​កម្ពុជា​មិន​មាន​គំនិត​ឈ្លានពាន​ទឹក​ដី​នរណា សូម្បី​តែ​១​មីលីម៉ែត្រ​ក៏​គ្មាន​ដែរ។ កន្លង​មក​ហើយ​សិទ្ធិ​ស្វ័យ​ការពារ​គឺ​មាន»

មន្ត្រី​យោធា​ខ្មែរ​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា ការថយ​ចុះ​នៃ​ភាព​តានតឹង​បាន​កើត​ឡើង​ក្រោយ​ពី​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ជួប​ជជែក​ជាមួយ​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ ខណៈ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ Highway មួយ​ខ្សែ​ចេញ​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​មក​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ជាមួយ​គ្នា។

ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​ដដែល​នេះ កង​រក្សា​ព្រំដែន​ខ្មែរ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​ភ្នំ​ចាក់ច្រែង​បាន​រាយការណ៍​ថា ទាហាន​ប៉ារ៉ា​ថៃ​បាន​លើក​ដី​ចាក់​ជា​ទំនប់​ធ្វើ​ជា​លេណដ្ឋាន​យោធា​ចូល​មក​ក្នុង​តំបន់​ដែល​ហាម​ឃាត់​មិន​ឲ្យ​មាន​កងទ័ព​បន្ថែម​ទៀត​បន្ទាប់​ពី​ថៃ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ធ្វើ​ផ្លូវ​រួច​មក ៖ «ព្រឹក​មិញ វា​ចាក់​ទំនប់​ព័ទ្ធ​ធ្វើ​ព្រែក​មក​ដល់​កន្លែង​មាត់​ពិល​យើង​ហើយ ទោះ​បី​ហាម​ម៉េច​ក៏​វា​នៅតែ​ធ្វើ ទៅ​ប្រាប់​វា វា​នៅតែ​ធ្វើ»

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhau ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​៤ ខែ​កក្កដា បាន​ដកស្រង់​សម្ដី​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ​ទទួល​បន្ទុក​សន្តិសុខ​ជាតិ លោក Suthep Thoug suban ដោយ​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ជជែក​អំពី​បញ្ហា​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​នៅ​ក្នុង​ដំណើរ​របស់​លោក​មក​កាន់​កម្ពុជា​ទេ។

លោក Suthep Thoug suban បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រទេស​ថៃ​គ្មាន​នយោបាយ​ណា​មួយ​ក្នុង​ការកាត់​បន្ថយ​ចំនួន​កងទ័ព​ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក Suthep បាន​បញ្ជាក់​ដោយ​ជំនឿ​មុតមាំ​ថា ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​ខ្មែរ​ថៃ​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​នឹង​មិន​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ទេ៕