ប្រជាពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះ អ្នកស្រី ឈុន សេងណេង បានមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា កាលពីល្ងាចថ្ងៃទី១០ មីនា ប្រមាណជាម៉ោង៥ ក្រុមប្រឹក្សាស្រុកកែវសីមា ឈ្មោះលោក នួន សាផន ហៅសារ៉ាត់ បានជិះម៉ូតូជេរប្រមាថអ្នកស្រីរហូតប៉ងសម្លាប់ទៀតផង ដោយចោទថា អ្នកស្រីបានរាយការណ៍ឲ្យគេចាប់ឈើរបស់លោក។
អ្នកស្រី ឈុន សេងណេង បានរៀបរាប់ដូច្នេះ ៖ «គេគំរាមខ្ញុំថា ម៉េចបានជាទូរស័ព្ទឲ្យអា វីរៈ មកយកឡានអញ? ដល់ជិះម៉ូតូមកផ្ទះវិញ គេក៏ជិះម៉ូតូស្ពាយកាំភ្លើងអាកាស្វាយបត់ ដេញពីក្រោយពួកខ្ញុំ ហើយគាត់ក៏ជិះម៉ូតូពីមុខពួកខ្ញុំប្រហែលជា២០០ម៉ែត្រ ក៏បាញ់គ្រាប់កាំភ្លើង២គ្រាប់ បាញ់ពីមុខពួកខ្ញុំ ខ្ញុំគេចចូលកណ្ដាលព្រៃ»។
អ្នកស្រី វី ជាសាក្សីបានឲ្យដឹងដែរថា ពួកគាត់មានការភ័យខ្លាចណាស់នៅពេលត្រូវក្រុមប្រឹក្សាស្រុកនោះគំរាមប៉ងសម្លាប់ប្រជាពលរដ្ឋបែបនេះ ៖ «ដាក់កាំភ្លើងមក កុំតែគេចចូលចម្ការគេមិនស្រួលបាញ់ងាប់មែន ព្រោះមកយប់ទៀត។ ឈ្មោះ នួន សាផន ហៅសារ៉ាត់ គាត់ថា អញនឹងបាញ់អ្ងែងឲ្យងាប់ពួកអ្ងែងហ្នឹង។ ខ្ញុំចង់លើកដៃសំពះអង្វរគាត់ទៀត។ ពួកម៉ាកប្ដីខ្ញុំហ្នឹងគាត់មក ទៅគាត់ថា ម៉េចបានជាយកកាំភ្លើងទៅបាញ់គំរាមកំហែង? គាត់ថា អត់បានបាញ់ទេ គាត់យកកាំភ្លើងហ្នឹងទៅបាញ់ស្វា។ បាញ់ស្វាអី តាមពិតគាត់ចង់យកកាំភ្លើងហ្នឹងមកបាញ់ពួកខ្ញុំ»។
លោក ប៊ុន ធឿន អធិការស្រុកកែវសីមា បានឲ្យដឹងពីរឿងចោទប្រកាន់នេះថា លោកកំពុងឲ្យដើមចោទរៀបចំដាក់ពាក្យបណ្តឹងដើម្បីមានតម្រុយក្នុងការស៊ើបអង្កេត ៖ «រឿងពិតវាអ៊ីចឹងហើយ គាត់អ្នកប្រព្រឹត្តបទល្មើស សមត្ថកិច្ចគេចុះអនុវត្តច្បាប់ គេត្រូវតែចាប់ហើយ ព្រោះបទល្មើសជាក់ស្ដែង»។
លោក មីឌី មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក បានរិះគន់ទង្វើរបស់ក្រុមប្រឹក្សាស្រុកនោះថា ជាអំពើរំលោភសិទ្ធិមនុស្សដោយបិទសិទ្ធិសេរីភាពមិនឲ្យប្រជាពលរដ្ឋរាយការណ៍ពីបទល្មើសដែលពួកគេបានដឹង។
លោក មីឌី មានប្រសាសន៍ដូច្នេះ ៖ «ក្នុងនាមគាត់ជាក្រុមប្រឹក្សាមួយរូប គាត់មិនមានសិទ្ធិក្នុងការប្រើអាវុធទេ ហើយបែរជាមិនលើកទឹកចិត្តគាត់ ទៅជាគំរាមកំហែងបំបាក់ស្មារតីគាត់។ វាជាការរំលោភសិទ្ធិមនុស្សទាំងស្រុង ពិសេសសិទ្ធិក្នុងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់បទល្មើសនិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
លោក សុង ឃាង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពុងជាប់ប្រជុំ តែលោកបញ្ជាក់ដោយខ្លីថា លោកមិនទាន់ទទួលរបាយការណ៍ស្តីពីការចាប់រថយន្តដឹកឈើរបស់ក្រុមប្រឹក្សាស្រុកនោះនៅឡើយទេ។
លោក មីឌី និងអធិការស្រុកបានឲ្យដឹងបន្ថែមដូចគ្នាថា លោក នួន សាផន ហៅ សារ៉ាត់ ធ្លាប់មានករណីប្រើហិង្សាទៅលើប្រជាពលរដ្ឋរហូតប្តឹងទៅតុលាការជាច្រើនលើកមកហើយ។
វិទ្យុអាស៊ីសេរីព្យាយាមទាក់ទងទៅលោក នួន សាផន តាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះ ប៉ុន្តែទូរស័ព្ទរោទ៍ជាច្រើនដងពុំមានអ្នកទទួល។
ស្វាមីអ្នកស្រី ឈុន សេងណេង បានឲ្យដឹងថា លោកបានដាក់ពាក្យប្តឹងចោទប្រកាន់លោក នួន សាផន ហៅ សារ៉ាត់ ជាផ្លូវការហើយ ដោយចោទពីបទប៉ុនប៉ងធ្វើឃាតប្រពន្ធលោកទៅអធិការស្រុក ដោយទាមទារឲ្យចាត់វិធានការតាមផ្លូវច្បាប់៕
