លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពេលច្បាប់បានអនុម័តដោយរដ្ឋសភារួចមក គ.ជ.ប. ត្រូវរៀបចំការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខែត្រក្រុងនិងស្រុកខណ្ឌ តាមប្រព័ន្ធសមាមាត្រផងដែរ តែតាមរបៀបអសកល ហើយបេក្ខជនឈរឈ្មោះគឺមានមកពីគណបក្សនយោបាយនានា ដូចការបោះឆ្នោតរើសសមាជិករដ្ឋសភានិងរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែរ។
លោក ទេព នីថា មានប្រសាសន៍ដូច្នេះថា ៖ «តាមពិតទៅ យើងគ្រាន់តែជាគម្រោងដើម្បីអនុវត្តទៅតាមច្បាប់ទេ ព្រោះថា ច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ ត្រូវបានអនុម័តនិងចូលជាធរមានហើយ ហើយច្បាប់នេះតម្រូវឲ្យ គ.ជ.ប. អនុវត្តមួយឆ្នាំ ក្រោយពីការចេញច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលនៃក្រុមប្រឹក្សា ដូចខ្ញុំបានជម្រាបខាងលើហ្នឹង ហើយ គ.ជ.ប. គ្រាន់តែត្រៀមលក្ខណៈដើម្បីអនុវត្តតែប៉ុណ្ណោះ»។
លោក ទេព នីថា បានឲ្យដឹងដែរថា ការបោះឆ្នោតនោះគឺបោះក្នុងពេលតែមួយរើសសមាជិកក្រុមប្រឹក្សាទាំងពីរថ្នាក់ គឺថ្នាក់ខែត្រក្រុង រាជធានី និងថ្នាក់ស្រុកខណ្ឌក្នុងពេលតែមួយតែម្តង ហើយថវិកាតាមការគណនាប៉ាន់ស្មានអាចត្រូវចំណាយប្រមាណ ១លានដុល្លារកន្លះ។
លោក ទេព នីថា ថ្លែងបន្ថែមទៀតយ៉ាងដូច្នេះថា ៖ «តាមពិតទៅ ប្រហែលជាព័ត៌មានលេចឮមិនច្បាស់លាស់ ហើយយើងគ្រាន់តែត្រៀមការងារផ្ទៃក្នុង គ.ជ.ប. តែប៉ុណ្ណឹងទេ ហើយថវិកានេះ ក៏គ.ជ.ប. អត់ទាន់អមុន័តជាផ្លូវការទេ គ្រាន់នៅកន្លែងខ្ញុំហ្នឹង យើងឲ្យមន្រ្តីជំនាញធ្វើការប៉ាន់ស្មានគម្រោងនៃការចំណាយរបស់ខ្លួនក្នុងរយៈពេលបំពេញ»។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ទាក់ទងជាមួយការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សាខែត្រក្រុងនិងស្រុកខណ្ឌនេះថា គណបក្សសមរង្ស៊ីបានត្រៀមបេក្ខជនហើយ ហើយលោកជឿថា មិនមានសមាជិកគណបក្សណាជាប់ក្រៅពីសមាជិកគណបក្សប្រជាជន និងគណបក្សសមរង្ស៊ីទេ ព្រោះអ្នកទៅបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែង ដែលគេដឹងថា មានតែភាគច្រើនមន្រ្តីមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសមរង្ស៊ីតែប៉ុណ្ណោះ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះថា ៖ «គណបក្សសមរង្ស៊ីក៏បានទាមទារថា កុំឲ្យបោះឆ្នោតអសកល ដោយយកតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គួរតែបោះឆ្នោតជាសកល»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ឲ្យដឹងទៀតថា មកទល់ពេលនេះមិនទាន់មានការកំណត់ថ្ងៃជាក់លាក់នៅឡើយទេ ហើយចំនួនថវិកាក៏មិនទាន់ជាក់លាក់ដែរ។
សូមជម្រាបថា ប្រទេសកម្ពុជាមានខែត្រ ក្រុង រាជធានី សរុបចំនួន២៤ មានស្រុកខណ្ឌចំនួន១៨៥ និងមានឃុំសង្កាត់ចំនួន ១៦២១៕
