សម្រាប់ឆ្នាំ២០១៣នេះ មានបេក្ខជនខ្មែរជាប់ឆ្នោតមានចំនួនជិតមួយពាន់នាក់។ បេក្ខជនទាំងនេះនឹងត្រូវធ្វើសម្ភាសន៍មុននឹងទទួលបានទិដ្ឋាការមកសហរដ្ឋអាមេរិក។
លោក ច័ន្ទ សុទ្ធី អ្នកឈ្នះរង្វាន់ឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១ បានរៀបរាប់ថា ដំបូងលោកចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រាន់តែចង់ដឹងពីការពិតតែប៉ុណ្ណោះ ប៉ុន្តែលោកមានសំណាងត្រូវបានគេជ្រើសរើសមកសហរដ្ឋអាមេរិកពិតមែន។
លោក ច័ន្ទ សុទ្ធី៖ «ខ្ញុំដាក់តែមួយដងហ្នឹង។ គោលបំណងរបស់ខ្ញុំ គឺគ្រាន់តែចង់សាកល្បងមើលថា តើវាអាចមានជាប់មែន ឬក៏មិនមែន? នឹកឃើញក៏ដាក់ចោលទៅ ហើយដល់ពេលគេប្រគល់លិខិតហ្នឹងជាប់ ផ្ញើតាមរយៈលិខិតរបស់យើងហ្នឹង ខ្ញុំក៏មិនទាន់ជឿថា វាអ៊ីចឹងដែរ ទាល់តែយកទៅប្រាប់ស្ថានទូត ដើម្បីឲ្យគេបញ្ជាក់ ដឹង ព្រោះថាកន្លងមកស្រុកខ្មែរយើងគេតែងតែមានអាការបោកប្រាស់ច្រើន»។
លោក ច័ន្ទ សុទ្ធី បន្តថា នៅពេលជួបជាមួយមន្ត្រីស្ថានទូតអាមេរិក បន្ទាប់ពីបានបញ្ជាក់ថា ឯកសារ និងលេខរៀងត្រឹមត្រូវហើយ ស្ថានទូតត្រូវការឲ្យលោកបញ្ជាក់ថា តើលោកមានសញ្ញាបត្រមធ្យមសិក្សាភាគ២ ឬហៅថា បាក់ឌុប ឬទេ? ស្ថានទូតក៏តម្រូវឲ្យលោកបញ្ជាក់ពីប៉ូលិសថា លោកមិនមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឬអត់។
លោក ច័ន្ទ សុទ្ធី៖ «នៅពេលដែលយើងបានលិខិតហ្នឹង យើងទៅបញ្ជាក់ជាមួយស្ថានទូតថា តើវាជាលិខិតត្រឹមត្រូវឬអត់? អ៊ីចឹងទៅដល់ស្ថានទូតគេប្រាប់យើង ហើយតើឯកសាររបស់យើងហ្នឹងវាក្លែងក្លាយ ឬក៏បានជាប់ពិតប្រាកដមែន។ អ៊ីចឹងនៅពេលដែលយើងទៅបញ្ជាក់ជាមួយស្ថានទូត ហើយថាវាត្រឹមត្រូវ គ្រួសារយើងប៉ុន្មាននាក់នៅពេលដែលដាក់តាម online ដំបូងហ្នឹង ភ្ជាប់ជាមួយរូបថតជាប់អីហ្នឹង អ៊ីចឹងនៅពេលដែលគេចេញលិខិតមក គឺយើងជាប់ទាំងប៉ុណ្ណឹងនាក់ ដូចខ្ញុំមានបួននាក់ គឺជាប់មកបានទាំងបួននាក់»។
កម្មវិធីឆ្នោតផ្សងសំណាងមានលក្ខខណ្ឌឲ្យបេក្ខជនជាប់ឆ្នោតត្រូវមានសញ្ញាបត្រអនុវិទ្យាលយ័ ឬវិទ្យាល័យ ក៏មានតម្លៃស្មើនឹងអនុវិទ្យាល័យ ឬវិទ្យាល័យ ឬក៏បទពិសោធន៍ការងាររយៈពេល ២ឆ្នាំ ឬក៏វគ្គបណ្ដុះបណ្ដាលស្មើនឹងរយៈពេល ២ឆ្នាំ។
អនុទីប្រឹក្សាស្ថានកុងស៊ុលអាមេរិកប្រចាំនៅកម្ពុជា អ្នកស្រី អែប៊នី កាស្ទីស (Ebony Custis) មានប្រសាសន៍ថា ការចូលរួមផ្សងសំណាងឆ្នោត DV-2013 ទើបបានបញ្ចប់ទៅពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១១ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៤ ខែតុលា នោះ។ សម្រាប់ឆ្នាំ២០១៣ នេះ មានបេក្ខជនខ្មែរជាប់ហើយនឹងត្រូវសម្ភាសន៍មានចំនួន ៩៨៦នាក់។ ចំនួននេះ បើប្រៀបធៀបនឹងឆ្នាំ២០១២ មាន ៥៩៦នាក់។អ្នកស្រីនៅមិនទាន់ដឹងច្បាស់ថា មានបេក្ខជនចុងក្រោយប៉ុន្មាននាក់នឹងអាចទៅរស់នៅសហរដ្ឋអាមេរិកបាន។
អ្នកស្រី អែប៊នី កាស្ទីស៖ «គោលបំណងនៃការផ្ដល់ទិដ្ឋាការនេះ គឺចង់ជួយប្រទេសដែលមានជនអន្តោប្រវេសន៍តិចមកនៅសហរដ្ឋអាមេរិក ហើយចំនួនទិដ្ឋាការដែលពលរដ្ឋខ្មែរបានទទួលនោះ គឺផ្អែកទៅលើអត្រានៃជនអន្តោប្រវេសន៍ដែលគេយកមកគិតជាមួយនឹងប្រទេសទូទាំងពិភពលោក។ ចំនួនទិដ្ឋាការនៅកម្ពុជា មានការដោះដូររៀងរាល់ឆ្នាំ»។
អ្នកស្រីបន្ថែមទៀតថា បេក្ខជនដែលចង់ដាក់ឆ្នោតយកទិដ្ឋាការត្រូវបំពេញបែបបទដោយខ្លួនឯងត្រឹមត្រូវតាមអាសយដ្ឋានគេហទំព័រ www.dvlottery.state.gov/ ៖ «បំពេញបែបបទដោយខ្លួនឯងតាមប្រព័ន្ធអេឡិចត្រូនិក ហើយរក្សាលេខកូដ និងតាមដានព័ត៌មានឲ្យទាន់ពេលវេលា និងចងចាំលេខកូដ ហើយរក្សាព័ត៌មានទុក។ ប្រសិនបើអ្នកត្រូវបានគេជ្រើសរើសមកធ្វើសម្ភាសន៍ អ្នកនឹងមានបទសម្ភាសន៍ដែលមានដំណើរមិនរអាក់រអួល ហើយថា យើងរំភើបណាស់ដែលបាននិយាយជាមួយប្រជាជនខ្មែរអំពីDiversity Visa Processពេលដែលគេជាប់ឆ្នោតមកស្ថានទូត ខ្ញុំធ្វើសម្ភាសន៍ជាមួយគេ...»។
កម្មវិធីឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក ឬហៅថា Green Card Lottery បានចាប់ផ្ដើមនៅកម្ពុជា តាំងពីឆ្នាំ១៩៩៥ ដែលស្របពេលដូចគ្នានឹងបណ្ដាប្រទេសនានាលើពិភពលោកដែរ។
ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកបានផ្ដល់ទិដ្ឋាការចំនួន ៥ម៉ឺនទិដ្ឋាការ សំរាប់អ្នកឈ្នះឆ្នោតនៅទូទាំងពិភពលោក។
គោលបំណងនៃកម្មវិធីផ្ដល់រង្វាន់ឆ្នោតផ្សងសំណាងយកទិដ្ឋាការនេះ ធ្វើឡើងដើម្បីផ្ដល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រជាពលរដ្ឋមកពីបណ្ដាប្រទេសដែលមានអត្រាអន្តោប្រវេសន៍ទាបទៅសហរដ្ឋអាមេរិក។
ប្រទេសដែលមានអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ៥ម៉ឺននាក់ក្នុងរយៈពេល ៥ឆ្នាំ គ្មានសិទ្ធិនឹងទទួលទិដ្ឋាការនេះទេ។ ដូចជាទិដ្ឋាការឆ្នាំ២០១៣ ប្រទេសដែលគ្មានសិទ្ធិទទួលទិដ្ឋាការនេះ មានប្រទេស បង់ក្លាដេស្ហ (Bangladesh) ប្រេស៊ីល (Brazil) កាណាដា (Canada) ចិនដីគោក (Mainland born) កូឡុមប៊ី (Colombia) ឥណ្ឌា (India) ម៉ិចស៊ីក (Mexico) កូរ៉េខាងត្បូង (South Korea) និងវៀតណាម (Vietnam) ជាដើម។
សភាសហរដ្ឋអាមេរិក បានបង្កើតកម្មវិធីឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិកតាមរយៈច្បាប់អន្តោប្រវេសន៍នេះ តាំងពីឆ្នាំ១៩៩០។ អ្នកឈ្នះរង្វាន់ឆ្នោតផ្សងសំណាងត្រូវបានជ្រើសរើស តាមរយៈប្រព័ន្ធម៉ាស៊ីនកុំព្យូទ័រ ហើយអ្នកចូលរួមលេងឆ្នោតមិនមានការបង់ថ្លៃអ្វីទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។