ពលរដ្ឋ​ខ្មែរ​ជិត​១​ពាន់​នាក់​ជាប់​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក​ឆ្នាំ​២០១៣

មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ផ្សង​សំណាង​ឆ្នោត​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ( DV-2013) បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១១។ ការ​ផ្សង​សំណាង​នេះ ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​តុលា មក។

0:00 / 0:00

សម្រាប់​ឆ្នាំ​២០១៣​នេះ មាន​បេក្ខជន​ខ្មែរ​ជាប់​ឆ្នោត​មាន​ចំនួន​ជិត​មួយ​ពាន់​នាក់។ បេក្ខជន​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​សម្ភាសន៍​មុន​នឹង​ទទួល​បាន​ទិដ្ឋាការ​មក​សហរដ្ឋ​អាមេរិក។

លោក ច័ន្ទ សុទ្ធី អ្នក​ឈ្នះ​រង្វាន់​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០១១ បាន​រៀបរាប់​ថា ដំបូង​លោក​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​គ្រាន់​តែ​ចង់​ដឹង​ពី​ការពិត​តែប៉ុណ្ណោះ ប៉ុន្តែ​លោក​មាន​សំណាង​ត្រូវ​បាន​គេ​ជ្រើសរើស​មក​សហរដ្ឋ​អាមេរិក​ពិត​មែន។

លោក ច័ន្ទ សុទ្ធី៖ «ខ្ញុំ​ដាក់​តែ​មួយ​ដង​ហ្នឹង។ គោល​បំណង​របស់​ខ្ញុំ គឺ​គ្រាន់​តែ​ចង់​សាកល្បង​មើល​ថា តើ​វា​អាច​មាន​ជាប់​មែន ឬ​ក៏​មិន​មែន? នឹក​ឃើញ​ក៏​ដាក់​ចោល​ទៅ ហើយ​ដល់​ពេល​គេ​ប្រគល់​លិខិត​ហ្នឹង​ជាប់ ផ្ញើ​តាម​រយៈ​លិខិត​របស់​យើង​ហ្នឹង ខ្ញុំ​ក៏​មិន​ទាន់​ជឿ​ថា វា​អ៊ីចឹង​ដែរ ទាល់​តែ​យក​ទៅ​ប្រាប់​ស្ថានទូត ដើម្បី​ឲ្យ​គេ​បញ្ជាក់ ដឹង ព្រោះ​ថា​កន្លង​មក​ស្រុក​ខ្មែរ​យើង​គេ​តែង​តែ​មាន​អា​ការ​បោកប្រាស់​ច្រើន»

លោក ច័ន្ទ សុទ្ធី បន្ត​ថា នៅ​ពេល​ជួប​ជាមួយ​មន្ត្រី​ស្ថានទូត​អាមេរិក បន្ទាប់​ពី​បាន​បញ្ជាក់​ថា ឯកសារ និង​លេខ​រៀង​ត្រឹមត្រូវ​ហើយ ស្ថានទូត​ត្រូវ​ការ​ឲ្យ​លោក​បញ្ជាក់​ថា តើ​លោក​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ភាគ​២ ឬ​ហៅ​ថា បាក់ឌុប ឬ​ទេ? ស្ថានទូត​ក៏​តម្រូវ​ឲ្យ​លោក​បញ្ជាក់​ពី​ប៉ូលិស​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ឬ​អត់។

លោក ច័ន្ទ សុទ្ធី៖ «នៅ​ពេល​ដែល​យើង​បាន​លិខិត​ហ្នឹង យើង​ទៅ​បញ្ជាក់​ជាមួយ​ស្ថានទូត​ថា តើ​វា​ជា​លិខិត​ត្រឹមត្រូវ​ឬ​អត់? អ៊ីចឹង​ទៅ​ដល់​ស្ថានទូត​គេ​ប្រាប់​យើង ហើយ​តើ​ឯកសារ​របស់​យើង​ហ្នឹង​វា​ក្លែងក្លាយ ឬ​ក៏​បាន​ជាប់​ពិត​ប្រាកដ​មែន។ អ៊ីចឹង​នៅ​ពេល​ដែល​យើង​ទៅ​បញ្ជាក់​ជាមួយ​ស្ថានទូត ហើយ​ថា​វា​ត្រឹមត្រូវ គ្រួសារ​យើង​ប៉ុន្មាន​នាក់​នៅ​ពេល​ដែល​ដាក់​តាម online ដំបូង​ហ្នឹង ភ្ជាប់​ជាមួយ​រូបថត​ជាប់​អី​ហ្នឹង អ៊ីចឹង​នៅ​ពេល​ដែល​គេ​ចេញ​លិខិត​មក គឺ​យើង​ជាប់​ទាំង​ប៉ុណ្ណឹង​នាក់ ដូច​ខ្ញុំ​មាន​បួន​នាក់ គឺ​ជាប់​មក​បាន​ទាំង​បួន​នាក់»

កម្មវិធី​ឆ្នោត​ផ្សង​សំណាង​មាន​លក្ខខណ្ឌ​ឲ្យ​បេក្ខជន​ជាប់​ឆ្នោត​ត្រូវ​មាន​សញ្ញាបត្រ​អនុវិទ្យាលយ័ ឬ​វិទ្យាល័យ ក៏​មាន​តម្លៃ​ស្មើ​នឹង​អនុវិទ្យាល័យ ឬ​វិទ្យាល័យ ឬ​ក៏​បទពិសោធន៍​ការងារ​រយៈពេល ២​ឆ្នាំ ឬ​ក៏​វគ្គ​បណ្ដុះបណ្ដាល​ស្មើ​នឹង​រយៈពេល ២​ឆ្នាំ។

អនុ​ទីប្រឹក្សា​ស្ថានកុងស៊ុល​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អែប៊នី កាស្ទីស (Ebony Custis) មាន​ប្រសាសន៍​ថា ការ​ចូល​រួម​ផ្សង​សំណាង​ឆ្នោត DV-2013 ទើប​បាន​បញ្ចប់​ទៅ​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១១ ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​តុលា នោះ។ សម្រាប់​ឆ្នាំ​២០១៣ នេះ មាន​បេក្ខជន​ខ្មែរ​ជាប់​ហើយ​នឹង​ត្រូវ​សម្ភាសន៍​មាន​ចំនួន ៩៨៦​នាក់។ ចំនួន​នេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ មាន ៥៩៦​នាក់។អ្នកស្រី​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា មាន​បេក្ខជន​ចុង​ក្រោយ​ប៉ុន្មាន​នាក់​នឹង​អាច​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​បាន។

អ្នកស្រី អែប៊នី កាស្ទីស៖ «គោលបំណង​នៃ​ការ​ផ្ដល់​ទិដ្ឋាការ​នេះ គឺ​ចង់​ជួយ​ប្រទេស​ដែល​មាន​ជនអន្តោប្រវេសន៍​តិច​មក​នៅ​សហរដ្ឋ​អាមេរិក ហើយ​ចំនួន​ទិដ្ឋាការ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ទទួល​នោះ គឺ​ផ្អែក​ទៅ​លើ​អត្រា​នៃ​ជន​អន្តោប្រវេសន៍​ដែល​គេ​យក​មក​គិត​ជាមួយ​នឹង​ប្រទេស​ទូទាំង​ពិភពលោក។ ចំនួន​ទិដ្ឋាការ​នៅ​កម្ពុជា មាន​ការ​ដោះ​ដូរ​រៀង​រាល់​ឆ្នាំ»

អ្នកស្រី​បន្ថែម​ទៀត​ថា បេក្ខជន​ដែល​ចង់​ដាក់​ឆ្នោត​យក​ទិដ្ឋាការ​ត្រូវ​បំពេញ​បែប​បទ​ដោយ​ខ្លួន​ឯង​ត្រឹមត្រូវ​តាម​អាសយដ្ឋាន​គេហទំព័រ www.dvlottery.state.gov/ ៖ «បំពេញ​បែបបទ​ដោយ​ខ្លួន​ឯង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​រក្សា​លេខ​កូដ និង​តាម​ដាន​ព័ត៌មាន​ឲ្យ​ទាន់​ពេល​វេលា និង​ចងចាំ​លេខ​កូដ ហើយ​រក្សា​ព័ត៌មាន​ទុក។ ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​ជ្រើសរើស​មក​ធ្វើ​សម្ភាសន៍ អ្នក​នឹង​មាន​បទសម្ភាសន៍​ដែល​មាន​ដំណើរ​មិន​រអាក់រអួល ហើយ​ថា យើង​រំភើប​ណាស់​ដែល​បាន​និយាយ​ជាមួយ​ប្រជាជន​ខ្មែរ​អំពីDiversity Visa Processពេល​ដែល​គេ​ជាប់​ឆ្នោត​មក​ស្ថានទូត ខ្ញុំ​ធ្វើ​សម្ភាសន៍​ជាមួយ​គេ...»

កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ឬ​ហៅ​ថា Green Card Lottery បាន​ចាប់​ផ្ដើម​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៥ ដែល​ស្រប​ពេល​ដូច​គ្នា​នឹង​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ដែរ។

ជា​រៀងរាល់​ឆ្នាំ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ទិដ្ឋាការ​ចំនួន ៥​ម៉ឺន​ទិដ្ឋាការ សំរាប់​អ្នក​ឈ្នះ​ឆ្នោត​នៅ​ទូទាំង​ពិភពលោក។

គោល​បំណង​នៃ​កម្មវិធី​ផ្ដល់​រង្វាន់​ឆ្នោត​ផ្សង​សំណាង​យក​ទិដ្ឋាការ​នេះ ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ទិដ្ឋាការ​អន្តោប្រវេសន៍​ដល់​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេស​ដែល​មាន​អត្រា​អន្តោប្រវេសន៍​ទាប​ទៅ​សហរដ្ឋ​អាមេរិក។

ប្រទេស​ដែល​មាន​អន្តោប្រវេសន៍​ទៅ​សហរដ្ឋ​អាមេរិក ៥​ម៉ឺន​នាក់​ក្នុង​រយៈពេល ៥​ឆ្នាំ គ្មាន​សិទ្ធិ​នឹង​ទទួល​ទិដ្ឋាការ​នេះ​ទេ។ ដូចជា​ទិដ្ឋាការ​ឆ្នាំ​២០១៣ ប្រទេស​ដែល​គ្មាន​សិទ្ធិ​ទទួល​ទិដ្ឋាការ​នេះ មាន​ប្រទេស បង់ក្លាដេស្ហ (Bangladesh) ប្រេស៊ីល (Brazil) កាណាដា (Canada) ចិន​ដី​គោក (Mainland born) កូឡុមប៊ី (Colombia) ឥណ្ឌា (India) ម៉ិចស៊ីក (Mexico) កូរ៉េ​ខាង​ត្បូង (South Korea) និង​វៀតណាម (Vietnam) ជាដើម។

សភា​សហរដ្ឋ​អាមេរិក បាន​បង្កើត​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​តាម​រយៈ​ច្បាប់​អន្តោប្រវេសន៍​នេះ តាំង​ពី​ឆ្នាំ​១៩៩០។ អ្នក​ឈ្នះ​រង្វាន់​ឆ្នោត​ផ្សង​សំណាង​ត្រូវ​បាន​ជ្រើសរើស តាម​រយៈ​ប្រព័ន្ធ​ម៉ាស៊ីន​កុំព្យូទ័រ ហើយ​អ្នក​ចូល​រួម​លេង​ឆ្នោត​មិន​មាន​ការ​បង់​ថ្លៃ​អ្វី​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។