ឪពុកម្ដាយក្មេងរងគ្រោះ បានសុំអង្វរករគ្រូពេទ្យឲ្យជួយព្យាបាលកូនដែរ ប៉ុន្តែគ្រូពេទ្យបានបដិសេធមិនផ្ដល់ថ្នាំជួយសង្គ្រោះនោះទេ ហើយអះអាងថា ថ្នាំពស់ចឹក ទុកសម្រាប់ព្យាបាលឲ្យក្រុមនិស្សិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងចុះវាស់វែងដីធ្លី។
គ្រួសារជនរងគ្រោះបានចោទថា ក្រុមគ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យស្រុកថ្មពួក ខ្វះក្រមសីលធម៌ និងមានការរើសអើងចំពោះអ្នកជំងឺ ដោយមិនជួយសង្គ្រោះអាយុជីវិតអ្នកជំងឺទាន់ពេលវេលា ហើយទុកឲ្យក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ ដែលរងគ្រោះដោយសារពស់វែកចឹក នោះដាច់ខ្យល់ស្លាប់។
លោកស្រី សឺ ចន្ទី ត្រូវជាម្ដាយជនរងគ្រោះ រស់នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ លោកស្រីថ្លែងនៅថ្ងៃទី៣០ ខែវិច្ឆិកា ថា កាលល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា កូនប្រុសរបស់គាត់អាយុ ៨ឆ្នាំ បានទៅលេងជិតជង្រុកស្រូវនៅក្បែរផ្ទះ ក៏ត្រូវពស់វែកចឹក កជើង។ លោកស្រី និងប្ដី បានបញ្ជូនកូនទៅមន្ទីរពេទ្យស្រុកថ្មពួក ភ្លាម ដើម្បីជួយសង្គ្រោះ។ គ្រូពេទ្យប្រចាំការមិនបានព្យាបាលភ្លាមៗទេ ដោយបានពន្យារពេលយកទូរស័ព្ទរបស់គាត់សួរទៅអ្នកគ្រប់គ្រងថ្នាំពស់ចឹក៖ «សួរអ្នកកាន់ថ្នាំ អ្នកកាន់ថ្នាំគេប្រាប់ថាអត់មានថ្នាំសម្រាប់ចាក់ឲ្យប្រជាពលរដ្ឋទេ មានតែថ្នាំនិស្សិត គេអត់ហ៊ានចាក់ឲ្យ ខ្ញុំសុខចិត្តថា ខ្ញុំទិញ អស់ប៉ុន្មានក៏ខ្ញុំយក គេថាអត់ហ៊ាន យកប្រាក់ខ្លាចខុសច្បាប់ ហើយឲ្យខ្ញុំទៅមង្គលបុរី។ ខ្ញុំសួរថាឲ្យខ្ញុំទៅឡានអី គេថា បើទៅឡានពេទ្យចាំយូរទៅធានាសុវត្ថិភាពខ្លួនឯង មានតែទៅឡាននេះ ហើយលឿន ចង់ទៅណាក៏ទៅ ទៅថៃ ក៏ទៅ ខ្ញុំក៏ជិះឡានឈ្នួលទៅទៀត ដឹកកូនដល់មង្គលបុរី ចុះដល់មន្ទីរពេទ្យ កូនខ្ញុំដាច់ខ្យល់បាត់»។
លោកស្រីបញ្ជាក់ថា បើសិនគ្រូពេទ្យចាក់ថ្នាំព្យាបាលទាន់ពេលវេលានោះ កូនគាត់មិនស្លាប់ទេ ប៉ុន្តែគ្រូពេទ្យមិនព្រមផ្ដល់ថ្នាំ ហើយថែមទាំងបណ្ដេញឲ្យគាត់ជួលឡានឈ្នួលដឹកយកកូនទៅមន្ទីរពេទ្យមង្គលបុរី ហើយក៏ដេញឲ្យយកទៅប្រទេសថៃ ស្រេចតែចិត្ត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរពេទ្យស្រុកថ្មពួក ដើម្បីសុំការបញ្ជាក់បានទេ។
ប៉ុន្តែប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក កែវ សុភ័ត្រា បញ្ជាក់ថា ក្មេងរងគ្រោះមានអាការៈធ្ងន់ធ្ងរ ទើបគ្រូពេទ្យឲ្យបញ្ជូនទៅមន្ទីរពេទ្យមង្គលបុរី៖ «ដោយសារក្មេងហ្នឹង វាមានសភាពធ្ងន់ធ្ងរ មានន័យថា បញ្ជូនពីផ្ទះមកដល់មន្ទីរពេទ្យជាង ១ម៉ោង មកដល់មន្ទីរពេទ្យ អ៊ីចឹងកូនក្មេងហ្នឹងត្រូវការបញ្ចូលខ្យល់អុកស៊ីហ្សែន»។
លោក ផុន និមល ត្រូវជាឪពុកមាក្មេងរងគ្រោះ បានច្រានចោលចំពោះការលើកឡើងរបស់ប្រធានមន្ទីរសុខាភិបាល។ លោកថា ការបកស្រាយដូច្នេះគ្រាន់តែជាការជួយបិទបាំង និងការពារមុខមាត់គ្រូពេទ្យនៅមន្ទីរពេទ្យ។ ក្មួយរបស់គាត់ក្រោយពីពស់ចឹក បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៖ «១៦គីឡូ បើយើងគិតនាទីទៅ មិនដល់ ២៥នាទីផង។ ប៉ុន្តែបញ្ជូនគ្នាទៅមង្គលបុរី តាមធម្មតា ដឹងតែស្លាប់ហើយ ព្រោះវាឆ្ងាយ អត់មានធ្ងន់ធ្ងរ ព្រោះចឹកភ្លាម ម៉ែឪគេចងជើងទប់មិនឲ្យពិសជ្រាបចូលទេ។ តាមពិត ដោះស្រាយឲ្យតែរួចខ្លួន។ តាមធម្មតា អ្នកមានប្រាក់បានចាក់ឲ្យ អាពេទ្យថ្មពួក គ្នាអ្នកក្រខ្សត់ ហើយថតប័ណ្ណក្រីក្រ មិនមើលឲ្យគ្នាទៀត»។
ទាក់ទិនករណីនេះ មន្ត្រីសមាគមអាដហុក (Adhoc) លោក ស៊ុំ ច័ន្ទគា ចាត់ទុកថា នេះជាការរើសអើង និងជាសេវាដ៏អាក្រក់របស់មន្ទីរពេទ្យស្រុកថ្មពួក។ គ្រូពេទ្យគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ៖ «យើងមានការសោកស្ដាយយ៉ាងខ្លាំង ជីវិតមួយដែលត្រូវបានការការពារ បែរជាគេមិនយកចិត្តទុកដាក់ បណ្ដែតបណ្ដោយរហូតដល់ស្លាប់ ហើយគិតផលប្រយោជន៍ផ្ទាល់ខ្លួន ខ្លាចអំណាច បែរជាបណ្ដែតបណ្ដោយឲ្យក្មេងស្លាប់ ទុកថ្នាំសង្កូវសម្រាប់និស្សិតវិញ»។
សពក្មេងប្រុសអាយុ ៨ឆ្នាំ ត្រូវបានឪពុកម្ដាយជួលរថយន្តថ្លៃ ៦៥ម៉ឺនរៀល ដឹកបញ្ជូនចេញពីមន្ទីរពេទ្យស្រុកមង្គលបុរី យកទៅធ្វើបុណ្យសពតាមប្រពៃណី នៅលំនៅឋានរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។