យុទ្ធសាស្ត្រ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ

មន្ត្រី​ជំនាញ​ជាតិ និង​អន្តរ​ជាតិ​មក​ពី ១០​ប្រទេស ជួប​ពិភាក្សា​គ្នា​រិះរក​មធ្យោបាយ​ការ​ពារ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​មិន​ឲ្យ​ស្លាប់ និង​រួម​គ្នា​អភិរក្ស​សត្វ​កម្រ​ប្រភេទ​នេះ​មិន​ឲ្យ​ផុត​ពូជ។

0:00 / 0:00

លោក សេង ទៀក ជា​នាយក​អង្គការ​ដាប់​បិល​យូ ដាប់​បិល​យូ អែហ្វ (WWF) ប្រចាំ​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ក្នុង​សិក្ខា​សាលា​ស្ដីពី​ការ​អភិរក្ស​សត្វ​ផ្សោត​ក្បាល​ត្រងោល​ទន្លេ​មេគង្គ នា​ខេត្ត​ក្រចេះ ថ្ងៃ​ទី​១០ ខែ​មករា ថា​គោល​បំណង​សិក្ខា​សាលា ៣​ថ្ងៃ របស់​មន្ត្រី​ជំនាញ​ពេល​នេះ គឺ​ចង់​ទប់​ស្កាត់ និង​រក​ពី​មូល​ហេតុ​នាំ​ឲ្យ​សត្វ​ផ្សោត​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ។

លោក​បន្ត​ថា កន្លង​មក​ដាប់​បិល​យូ​ដាប់​បិល​យូ​អែហ្វ បាន​រក​ឃើញ​ថា សត្វ​ផ្សោត​ស្លាប់​ដោយ​ជាប់​មង​ប្រជា​នេសាទ ខ្វះ​ជំរក ខ្វះ​ចំណី និង​អាច​មក​ពី​សារជាតិ​បា​រ៉ត​ពុល​មាន​ក្នុង​ទឹក​ជា​ដើម។

ប៉ុន្តែ​លោក​មាន​ជំនឿ​ថា តាម​រយៈ​កិច្ច​ពិភាក្សា​របស់​មន្ត្រី​ជំនាញ​អន្តរ​ជាតិ នឹង​អាច​ជួយ​ឲ្យ​ផែនការ​អភិរក្ស​សត្វ​ផ្សោត​មាន​ភាព​រីក​ចំរើន និង​អាច​ទប់​ស្កាត់​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​មិន​ឲ្យ​បាត់​បង់​ត​ទៅ​ទៀត ៖ «ការ​អភិរក្ស ការ​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​មួយ​ចំនួន គឺ​ជា​កត្តា​មួយ​ដែល​អាច​ជំរុញ​ឲ្យ​ការ​គ្រប់គ្រង និង​អភិរក្ស​សត្វ​ផ្សោត​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង​វិញ»

តាម​លោក សេង ទៀក សត្វ​ផ្សោត​នៅ​តាម​ដង​ទន្លេ​មេគង្គ​កម្ពុជា អាច​មាន​មិន​ដល់ ១០០​ក្បាល ទេ បើ​ទោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា អាច​មាន​លើស​ពី ១០០​ក្បាល​បែប​ណា​ក្តី។ សត្វ​ផ្សោត​ច្រើន​រស់​នៅ​ក្នុង​ទន្លេ​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង។

ទាក់​ទង​បញ្ហា​នេះ លោក បង សុផារិទ្ធ ជា​អភិបាល​រង​ខេត្ត​ក្រចេះ។ លោក​បាន​ទទួល​ស្គាល់​ថា ជា​រៀង​រាល់​ឆ្នាំ សត្វ​ផ្សោត​ទន្លេ​មេគង្គ​ភាគ​ច្រើន​បាន​ស្លាប់​ដោយ​ជាប់​មង​អ្នក​នេសាទ។ ផ្ដើម​ពី​ករណី​នេះ លោក​ស្នើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ត្រូវ​លះ​បង់​របរ​ទទួល​ទាន​ធ្វើ​នេសាទ មក​បង្កើត​របរ​ថ្មី ដូច​ជា​បម្រើ​សេវា​ដឹក​ជញ្ជូន​ទេសចរណ៍ ឬ​កែ​ឆ្នៃ​វត្ថុ​អនុស្សាវរីយ៍ ជំនួស​ការ​ធ្វើ​នេសាទ ដើម្បី​ចូល​រួម​អភិរក្ស​សត្វ​ផ្សោត​ឲ្យ​បាន​គងវង់។

លោក ណៅ ធួក ជា​ប្រធាន​រដ្ឋបាល​ជលផល ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា។ លោក​បាន​ចាត់​ទុក​សត្វ​ផ្សោត​កំពុង​ដើរ​តួ​សំខាន់​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង និង​នាំ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​តាម​រយៈ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​ផ្សោត​មាន​ការ​ផ្លាស់​ប្ដូរ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ។

លោក​បន្ត​ថា ដើម្បី​ទប់​ស្កាត់​ផ្សោត​កុំ​ឲ្យ​បាត់​បង់ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​អប់រំ​ពី​សារសំខាន់​របស់​សត្វ​ផ្សោត​ឲ្យ​ពល​រដ្ឋ​បាន​ដឹង ៖ «យើង​អញ្ជើញ​អ្នក​ជំនាញ​១​សកល​លោក​មក​នេះ ដើម្បី​ឲ្យ​ជួយ​ពិភាក្សា​ធ្វើ​ម៉េច​មិន​ត្រឹម​តែ​អភិរក្ស​សត្វ​ផ្សោត​ឲ្យ​សល់​ទេ គឺ​ថែម​ទាំង​ឲ្យ​មាន​ចំនួន​កើន​ឡើង​ថែម​ទៀត​ផង។ រក​យុទ្ធ​សាស្ត្រ​ឯកភាព​គ្នា​មួយ​ទាំង​អ្នក​ជំនាញ ទាំង​អ្នក​ផ្ដល់​ជំនួយ ដើម្បី​យើង​អភិរក្ស​ផ្សោត​ឲ្យ​បាន​គងវង់ និង​មាន​ចំនួន​កើន​ឡើង»

បន្ថែម​លើ​នេះ លោក ទូច ស៊ាង​តា​ណា ជា​ប្រធាន​គណៈកម្មការ​សត្វ​ផ្សោត​កម្ពុជា។ លោក​បាន​ថ្លែង​ថា កន្លង​មក​មាន​ការ​សន្និដ្ឋាន​ផ្សេង​ៗ គ្នា ពី​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​អភិរក្ស​សត្វ​ផ្សោត ជុំវិញ​រឿង​សត្វ​ផ្សោត​ស្លាប់។ ប៉ុន្តែ​លោក​រំពឹង​ថា តាម​រយៈ​កិច្ច​ពិភាក្សា​រវាង​មន្ត្រី​ជំនាញ​ទាំង​ជាតិ និង​អន្តរ​ជាតិ​ពេល​នេះ នឹង​អាច​រក​ឃើញ​ពី​មូល​ហេតុ​ពិត​នៃ​ការ​ស្លាប់​របស់​សត្វ​ផ្សោត និង​ដាក់​ចេញ​ផែនការ​អភិរក្ស​ប្រភេទ​សត្វ​ផ្សោត​ដ៏​កម្រ​ឲ្យ​បាន​គងវង់​ទៅ​ថ្ងៃ​អនាគត។

មន្ត្រី​ជំនាញ​ផ្នែក​ថនិកសត្វ​ទឹក​របស់​អង្គការ​អន្តរ​ជាតិ មក​ពី​ប្រទេស​កាណាដា ដែល​ចូល​រួម​ក្នុង​សិក្ខា​សាលា បាន​ស្នើ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​រដ្ឋាភិបាល ឲ្យ​ចូល​រួម​ការ​ពារ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ឲ្យ​បាន​គងវង់ ព្រោះ​ថា សត្វ​ប្រភេទ​នេះ ជា​ផ្នែក​ដ៏​សំខាន់​នៃ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​កម្ពុជា។ លោក​ព្រមាន​ថា ការ​ទុក​ឲ្យ​សត្វ​ផ្សោត​ដ៏​កម្រ​ឲ្យ​បាត់​បង់ គឺ​ជា​អន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​កម្ពុជា។

លោក សេង ទៀក ប្រធាន​អង្គការ​ដាប់​បិល​យូ ដាប់​បិល​យូ​អែហ្វ បាន​លើក​ឡើង​ពី​ឱកាស ដែល​ល្អ​បំផុត​សម្រាប់​ការ​ជួយ​សង្គ្រោះ​សត្វ​ផ្សោត​ទន្លេ​មេគង្គ គឺ​សកម្មភាព​អភិរក្ស​រួម​គ្នា ទាំង​ស្ថាប័ន​រដ្ឋាភិបាល សមត្ថកិច្ច​ពាក់ព័ន្ធ និង​អង្គការ​ជា​ដៃ​គូ​អភិវឌ្ឍន៍។

ទាក់​ទង​ផែនការ​អភិរក្ស​ផ្សោត​នេះ​ដែរ កន្លង​មក​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​លើ​អនុក្រឹត្យ​មួយ ដើម្បី​ដាក់​បញ្ចូល​សត្វ​ផ្សោត​ទន្លេ​មេគង្គ ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​សត្វ​ដែល​កំពុង​រងគ្រោះ​ចំនួន ៥៨​ប្រភេទ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ការ​ពារ​យ៉ាង​តឹងរ៉ឹង​បំផុត៕