អាជ្ញាធរ​ព្រមាន​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​នេសាទ​សត្វ​ផ្សោត

សត្វ​ត្រី​ផ្សោត​កាន់​តែ​មាន​ចំនួន​ថយ​ចុះ​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។ ដើម្បី​ការ​ពារ​ការ​ងាប់​បាត់​បង់ និង​ការ​នេសាទ​ត្រី​ផ្សោត ដែល​នាំ​ឲ្យ​មាន​ចំនួន​ថយ​ចុះ​នេះ អាជ្ញាធរ​ជល​ផល​បាន​ប្រកាស​ការពារ​ត្រី​ផ្សោត។

0:00 / 0:00

រដ្ឋបាល​ជល​ផល​នៃ​ប្រទេស​កម្ពុជា មាន​គម្រោង​ស្នើ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ឲ្យ​ប្រកាស​ដាក់​តំបន់​ទឹក​ទន្លេ​ពី​ខេត្ត​ក្រចេះ ទៅ​ដល់​ខេត្ត​ស្ទឹងត្រែង ជាង​១០០​គីឡូ​ម៉ែត្រ ទុក​ជា​តំបន់​ការ​ពារ និង​អភិរក្ស​សត្វ​ផ្សោត។

លោក ណៅ ធួក ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋ​បាល​ជល​ផល បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ កញ្ញា ថា លោក​បាន​ជួប​ជា​មួយ​តំណាង​ប្រជា​សហគមន៍​នៅ​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ពិភាក្សា​លើ​គម្រោង​អនុក្រឹត្យ​ចេញ​ផ្សាយ​លំអិត​ពី​តំបន់​ការ​ពារ​សត្វ​ផ្សោត។ លោក​មាន​ជំនឿ​ថា ការ​ការ​ពារ និង​អភិរក្ស​សត្វ​ផ្សោត ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​មាត់​ទន្លេ ដែល​មាន​សត្វ​ផ្សោត​រស់​នៅ ៖ "តាំង​តែ​ពី​មាន​គណៈកម្មាធិការ​ផ្សោត​មក​នោះ ២០០៥​មក​គឺ​យើង​បាន គឺ​យើង​បាន​ចាត់​វិធានការ​ការ​ពារ​ផ្សោត​នោះ​បាន​ច្រើន​ហើយ។ បាន​បន្ថយ​ការ​ងាប់។ កាល​មុន​ងាប់​១៦ ឬ​១៧​ក្បាល​ក្នុង​១​ឆ្នាំ ឥឡូវ​ងាប់​នៅ​តែ ៣​ទៅ​៤​ក្បាល​ទេ​ក្នុង​១​ឆ្នាំ។ ប៉ុន្តែ​ដើម្បី​យើង​ជាប់​ជា​ជល​ផល​នោះ យើង​បាន​ដាក់​ថា​កន្លែង​ណា​ដែល​មាន​សារ​សំខាន់ ឲ្យ​បង្កើត​ទៅ​ជា​កន្លែង​ការ​ពារ កន្លែង​អភិរក្ស​អ៊ីចឹង​អី​ណា"

សេចក្ដី​ព្រាង​អនុក្រឹត្យ​នោះ បាន​កំណត់​ខ្លឹម​សារ​ជាអាទិ៍​ថា នៅ​ខែ​វស្សា​ទឹក​ចម្ងាយ​ប្រមាណ ១០០​គីឡូ​ម៉ែត្រ​ពី​ក្រចេះ ទៅ​ស្ទឹង​ត្រែង ជា​តំបន់​ការ​ពារ​ត្រី​ផ្សោត ហើយ​ដល់​ខែ​ប្រាំង មាន​ចំណុច​ចំនួន​៥ ជា​តំបន់​អភិរក្ស​សត្វ​ផ្សោត​ដែល​ហាម​នេសាទ។

លោក ណៅ ធួក បាន​បន្ថែម​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​នោះ​មិន​មាន​ចែង​អំពី​ការ​ដាក់​ទោស​ទេ ប៉ុន្តែ​យោង​តាម​ច្បាប់​ជល​ផល និង​ច្បាប់​ពាក់ព័ន្ធ​ការ​ពារ​សត្វ​កម្រ​ផ្សេង​ៗ​ទៀត​នោះ ជន​ណា​ដែល​ដាក់​មង​ចាប់ ឬ​នេសាទ​ត្រី​ផ្សោត ត្រូវ​មាន​ទោស​ជាប់​គុក ៖ "អា​នឹង​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន។ វា​មាន​ច្បាប់ វា​មាន​ច្បាប់​ជល​ផល វា​មាន​ច្បាប់​បរិស្ថាន អ៊ីចឹង​ទៅ។ ព្រោះ​ក្នុង​អនុក្រឹត្យ​អត់​មាន​បាន​និយាយ​រឿង​ទោស​ទេ។ តែ​បាន​និយាយ​ថា អ្នក​ណា​ប្រព្រឹត្តិ​ល្មើស ត្រូវ​បាន​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន។ មាន​អ្នក​ទៅ​កន្លែង​នោះ បើ​ប្រើ​ឧបករណ៍​ឆក់ វា​ត្រូវ​ជាប់​ទោស​៥​ឆ្នាំ។ ៣​ឆ្នាំ​ទៅ​៥​ឆ្នាំ។ ហើយ​បើ​ប្រើ​ស្បៃ​មុង​នោះ វា​ត្រូវ​១​ឆ្នាំ​ទៅ​៣​ឆ្នាំ អ៊ីចឹង​ទៅ"

ប្រធាន​សហគមន៍​នេសាទ​នៅ​ឃុំ​កាំពី ខេត្ត​ក្រចេះ លោក ទុយ សុវណ្ណា បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ឲ្យ​មាន​អនុក្រឹត្យ​ការ​ពារ​ត្រី​ផ្សោត អាច​ជួយ​ដោះ​ស្រាយ និង​បញ្ចៀស​ទំនាស់​រវាង​សហគមន៍​នេសាទ​ក្នុង​ការ​ការ​ពារ​ត្រី​ផ្សោត ៖ "វា​ប៉ះពាល់​ការ​នេសាទ ប៉ុន្តែ​វា​មាន​សារ​សំខាន់​សម្រាប់​ទេសចរណ៍ សម្រាប់​សហគមន៍​ដែរ។ ព្រោះ​បើ​យើង​មាន​ផ្សោត គឺ​យើង​មាន​ទេសចរណ៍។ បើ​អត់​មាន​ទេសចរណ៍ គឺ​យើង​ក៏​អត់​មាន​អី​ចូល​តាម​ក្នុង​សហគមន៍​យើង​ដែរ។ កន្លង​ទៅ​វា​មាន។ ហើយ​ម៉្យាង​ទៀត​គម្រោង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ចម្រូង​ចម្រាស់​នៅ​តាម​សហគមន៍ ឲ្យ​គេ​យល់​ពី​ច្បាប់​ទម្លាប់​អ៊ីចឹង​ទៅ​ណា"

លោក សុវណ្ណា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​ការ​ពារ​ផ្សោត​នោះ មាន​សហគមន៍​ខ្លះ​បាន​សុំ​ឲ្យ​មាន​ការ​កែ​ប្រែ​លើ​ចំណុច​ភូមិ​សាស្ត្រ ដែល​រក្សា​ទុក​អភិរក្ស​ត្រី​ផ្សោត ៖ "សំណើ​ខ្លះ​ឲ្យ​កែ​ពាក្យ​ពេចន៍​ខ្លះ ហើយ​សហគមន៍​នៅ​បឹង​ចាម វា​បាន​សុំ​ទុក​តំបន់​មួយ​ចំនួន​សម្រាប់​ឲ្យ​ប្រជា​ពល​រដ្ឋ​នេសាទ​អ៊ីចឹង​ទៅ​ណា"

បច្ចុប្បន្ន​អ្នក​ឯកទេស​បាន​សន្និដ្ឋាន​ថា ចំនួន​ត្រី​ផ្សោត​នៅ​កម្ពុជា​មាន​ប្រមាណ​ពី ១០០​ទៅ​១៥០​ក្បាល​ប៉ុណ្ណោះ។ ហើយ​ត្រី​ផ្សោត​ទាំង​នោះ​រស់​នៅ​តាម​អន្លង់​ទឹក​ជ្រៅ​ក្នុង​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង៕