ប្រទេស​សហគមន៍​ម្ចាស់​ជំនួយ​គ្រោង​ផ្ដល់​ប្រាក់​១​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា

មន្ត្រី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រទេស​សហគមន៍​ម្ចាស់​ជំនួយ​នៃ​តំបន់​នៃ​តំបន់​អឺរ៉ុប​មាន​គម្រោង​នឹង​ផ្តល់​ទឹក​ប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​មក​ឲ្យ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ​ដើម្បី​ជួយ​ដល់​ពាណិជ្ជករ​ផ្នែក​ឯកជន​ក្នុង​ការពង្រឹង​ផលិតផល​នាំ​ចេញ​ដើម្បី​ជួយ​ជ្រោមជ្រែង​និង​សា្តរ​សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​ធ្លាក់​ចុះ​បណ្តាល​ពី​ការប៉ះពាល់​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នេះ។

0:00 / 0:00

អ្នកស្រី Patricia Francis នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) បាន​បញ្ជាក់​ថា ទីភ្នាក់ងារ​អភិឌ្ឍន៍​បារាំង (AFD) កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ដើម្បី​ផ្តល់​ឥណទាន​ដល់​ផ្នែក​ឯកជន​នៅ​តំបន់​អាស៊ី​​​​ដើម្បី​ធានា​ឲ្យ​មាន​ដំណើរការ​បាន​សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស ដែល​ក្នុង​នោះ​ដែរ​ប្រទេស​កម្ពុជា​នឹង​បាន​ជំនួយ​ជា​ទឹក​ប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នកស្រី Patricia Francis បាន​មាន​ប្រសាសន៍​តាមរយៈ​អ្នក​បកប្រែ​ថា ៖ «ខាង AFD អភិឌ្ឍន៍​សហគមន៍​ប្រទេស​បារាំង​ហ្នឹង​គឺ​ជាក់ស្ដែង​គាត់​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ស្ថាប័ន​របស់​យើង​ដើម្បី​ផ្ដល់​ឥណទាន​ជួយ​ឲ្យ​ខាង​ផ្នែក​ឯកជន​ហ្នឹង​គាត់​មាន​ដំណើរការ​បាន។ សម្រាប់​កម្ពុជា​១​ពាន់​លាន​ដុល្លារ»

ដំណឹង​នេះ​បង្ហើប​ឡើង​នៅ​ក្រោយ​ពី​សម្រាក​នៃ​កិច្ច​ប្រជុំ​ប្រចាំ​តំបន់​ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​អាស៊ី​និង​ប៉ាស៊ីហ្វិក​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា​កន្លង​មក​នេះ។

អ្នកស្រី Patricia បាន​បន្ត​ថា ផ្នែក​ពាណិជ្ជកម្ម​ឯកជន​ជា​ច្រើន​នៅ​ប្រទស​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​គឺ​ជា​អ្នក​ដើរតួ​យ៉ាង​សំខាន់​និង​ជា​អ្នក​រងគ្រោះ​ខាង​សេដ្ឋកិច្ច​ដែល​មិន​មែន​បណ្តាល​មក​ពី​ខ្លួន​គេ​ជា​អ្នក​បង្ក​ផ្ទាល់​ទេ ដូច្នេះ​អង្គការ​ពាណិជ្ជកម្ម​កំពុង​ប្រឹងប្រែង​រក​មធ្យោបាយ​ឲ្យ​ប្រទេស​ធំៗ​ជា​អ្នក​មាន​ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ចេញ​មក​ពី​នោះ ធ្វើ​យ៉ាង​ណា​ឲ្យ​នៅតែ​បន្ត​ជំនួយ​ដើម្បី​ធានា​ទៅ​លើ​ផ្នែក​ឯកជន​នៃ​ប្រទេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ពង្រឹង​ពាណិជ្ជកម្ម​នាំ​​​​ចេញ​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​របស់​គេ។

លោក​បណ្ឌិត សុខ ស៊ីផាន់ណា នាយក​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មួយ​រូប បាន​មាន​ប្រសាសន៍​ថា ពេល​ដែល​ប្រទេស​អ្នក​មាន​ដូច​ជា​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប​និង​ជប៉ុន​ជាដើម​មាន​វិបត្តិ​សេដ្ឋកិច្ច កម្ពុជា​មាន​បញ្ហា​ទីផ្សារ​នាំ​ចេញ ដូច​ជា​វិស័យ​កាត់​ដេរ ទីផ្សារ​ទេសចរណ៍​និង​ឧស្សាហកម្ម​ធុន​តូច​បាន​ធ្លាក់​ចុះ ក៏​ប៉ុន្តែ​ផ្នែក​ឯកជន​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​សេដ្ឋកិច្ច​ដោយ​សម្លឹង​ទៅ​លើ​ផ្នែក​កសិកម្ម​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិត​ខាង​វិញ។

ប្រធាន​ក្រុមហ៊ុន ខូវជីលីគ្រូប លោក​ឧកញ៉ា ខូវ ផល្លាបុត្រ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​នេះ​ផ្នែក​ពាណិជ្ជកម្ម​ឯកជន​នៅ​កម្ពុជា​កំពុង​មាន​បញ្ហា​ចោទ​លើ​កង្វះ​ហិរញ្ញវត្ថុ​ដោយ​ធនាគារ​ក្នុង​ប្រទេស​មិន​ហ៊ាន​ឲ្យ​ខ្ជី​លុយ​តាម​តម្រូវការ​នោះ។

លោក​ឧកញ៉ា ខូវ ផល្លាបុត្រ បាន​បញ្ជាក់​ថា ៖ «ទូទៅ​ហើយ​វា​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ហ្នឹង ហើយ​ទី​២​ជួប​បញ្ហា​រឿង​ទីផ្សារ»

លោក ខូវ ផល្លាបុត្រ បាន​មាន​ប្រសាសន៍​ថា ផល​វិបាក​នៃ​កង្វះ​ហិរញ្ញវត្ថុ​នេះ​តាម​សហគ្រាស​ខ្លះ​ត្រូវ​ផ្អាក​ផលិត​និង​កន្លែង​ការងារ​ខ្លះ​ត្រូវ​កាត់​បន្ថយ​បុគ្គលិក​ជាដើម ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា​អ្នក​ពាណិជ្ជកម្ម​នៅតែ​មាន​សង្ឃឹម​និង​រង់ចាំ​ភាព​ស្រស់​បំព្រង​នៃ​សេដ្ឋកិច្ច​ត្រឡប់​មក​វិញ​នោះ៕