ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ម្ចាស់​ជំនួយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ជំនួយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ពុក​រលួយ​នៅ​កម្ពុជា

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ដល់​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថា ត្រូវ​ធានា​ខុស​ត្រូវ​យ៉ាង​ណា កុំ​ឲ្យ​ជំនួយ​មក​កម្ពុជា​ក្លាយ​ជា​ការ​ពង្រឹង​ប្រព័ន្ធ​ពុក​រលួយ​នៃ​រដ្ឋាភិបាល​មួយ។

គេ​ចោទ​ក្រុម​ផ្តល់​ជំនួយ​ទាំង​អស់​នោះ​ថា មិន​បាន​ចាត់​វិធានការ​អ្វី​សោះ នៅ​ពេល​រាជ​រដ្ឋាភិបាល​បង្កើន​សកម្មភាព​បង្រ្កាប​ក្រុម​អ្នក​រិះគន់ បន្ទាប់​ពី​តុលាការ​ដាក់​ទោស​អ្នកស្រី មូរ សុខហូរ តំណាង​រាស្រ្ត​ពី​គណបក្ស​ជំទាស់​ពី​បទ​បរិហារ​កេរ្តិ៍​នាយក​រដ្ឋមន្រ្តី។

អ្នកស្រី Sara Colm អ្នក​ស្រាវជ្រាវ​ពី​អង្គការ Human Rights Watch នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ សីហា​ថា ជា​ការ​អាម៉ាស់​មួយ ដែល​ម្ចាស់​ជំនួយ​ទាំង​នោះ​នៅ​តែ​បន្ត​ផ្តល់​ថវិកា​ដល់​កម្មវិធី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ការ​អនុវត្ត​ច្បាប់ និង​ការ​ទ្រទ្រង់​ប្រជាធិបតេយ្យ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អតីត​នាយក​រដ្ឋមន្រ្តី ប៉ែន សុវណ្ណ នៃ​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​កិច្ច​សម្ភាសន៍​មួយ ថា លោក​គ្មាន​ជំនឿ​លើ​របប​គ្រប់​គ្រង​សព្វ​ថ្ងៃ ថា​នឹង​ផ្តល់​យុត្តិធម៌​ក្នុង​សង្គម​បាន​ឡើយ តាំង​ពី​តុលាការ​ជាតិ​រហូត​ដល់​សាលាក្តី​ខ្មែរ​ក្រហម។

លោក ប៉ែន សុវណ្ណ ឲ្យ​ហេតុផល​មួយ​ចំនួន ដូច​ជា​មេ​ដឹកនាំ​បច្ចុប្បន្ន​ទទួល​ឥទ្ធិពល​ខ្មែរ​ក្រហម គឺ​គ្រាន់​តែ​នាំ​គ្នា​និយាយ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ តែ​ពង្រឹង​អំណាច​ដាច់​ខាត មាន​រដ្ឋ​ធម្មនុញ្ញ​លើ​ក្រដាស តែ​មិន​អនុវត្ត។

លោក​ថា មូល​ហេតុ​ចម្បង​ដែល​គេ​ចាប់​លោក​ដាក់​គុក​១០​ឆ្នាំ​នៅ​ហាណូយ មក​ពី​លោក​មាន​គោលដៅ​ឲ្យ​កម្ពុជា​មាន​ឯករាជ​ភាព មាន​សេរី​ភាព លទ្ធិ​ប្រជាធិបតេយ្យ អធិបតេយ្យ និង​បូរណភាព​ទឹក​ដី ពោល​គឺ មិន​ចង់​ឃើញ​យៀកណាម​ត្រួត​ត្រា​ខ្មែរ ព្រោះ​យៀកណាម​មិន​សុ​ចរិត​ស្មោះ​ត្រង់​ចំពោះ​អំពើ​ដែល​គេ​ជួយ​ខ្មែរ​នោះ​ទេ៕