សេចក្ដីព្រាងច្បាប់ថ្មីនោះ ត្រូវបានរៀបចំឡើង ដែលគេថានឹងអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់លើអចលនទ្រព្យ ឬផ្ទះចាប់ពីជាន់ទី១ឡើងទៅនៅក្នុងប្រទេសកម្ពុជា។
សេចក្ដីព្រាងច្បាប់ថ្មីនេះ បានរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រោមកិច្ចសហការជាមួយក្រសួងយុត្តិធម៌ តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តំណាងក្រុមហ៊ុន ខេមបូឌា អង្គរ រៀល អ៊ីស្ទេត ជាក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានទីតាំងនៅក្រុងសៀមរាប លោក វង្ស ធីនន់ បានមានប្រសាសន៍ថា លោកអបអរសាទរចំពោះការរៀបចំឲ្យមានច្បាប់នេះ ៖ «វាល្អសម្រាប់ប្រជាពលរដ្ឋស្រុកខ្មែរយើង ក៏ល្អសម្រាប់ជនជាតិគេដើម្បីទិញអចលនទ្រព្យនៅស្រុកខ្មែរ។ រដ្ឋាភិបាលផ្ដល់ឲ្យជនជាតិបរទេសទិញអចលនទ្រព្យនៅស្រុកខ្មែរ ប៉ុន្តែមិនមានសិទ្ធិក្នុងការកាន់កាប់ជាន់ខាងក្រោម ប៉ុន្តែគាត់មានសិទ្ធិកាន់កាប់នូវអចលនទ្រព្យនៅជាន់ទី១។ អ៊ីចឹងបរទេសគាត់អាចទិញបាន ដីយើងនៅដដែល គាត់ទិញតែអគារទេ។ អ៊ីចឹងខ្ញុំជឿថា វាល្អសម្រាប់ស្រុកខ្មែរយើង ហើយនិងអាចទាក់ទាញវិនិយោគដើម្បីមកវិនិយោគនៅស្រុកខ្មែរយើងដែរ»។
ទាក់ទិននឹងបញ្ហានេះដែរ អគ្គនាយកនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោក លឹម វាន់ បានមានប្រសាសន៍ថា ដំណើរការនៃការរៀបចំសេចក្ដីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ តែលោកសង្ឃឹមថា នឹងអាចធ្វើទៅបាន ៖ «បានអនុសាសន៍ពីសម្ដេចនាយករដ្ឋមន្រ្តី នៅក្នុងសម័យប្រជុំនៅអាទិត្យមុនហ្នឹង គឺថាឲ្យក្រសួងដែនដីហ្នឹងជំរុញឲ្យបានលឿន។ នេះជាការបើកទូលាយអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងដំណាក់កាលដែលយើងកំពុងមានវិបត្តិសេដ្ឋកិច្ចហ្នឹង។ ក៏ប៉ុន្តែបញ្ហាវាមានជាប់ពាក់ព័ន្ធផ្លូវច្បាប់ខ្លះ ទាក់ទងនឹងរដ្ឋធម្មនុញ្ញ ទាក់ទងច្បាប់ភូមិបាល ទាក់ទងនឹងអីៗហ្នឹង ប៉ុន្តែយើងបានធ្វើការពិភាក្សា សម្រុះសម្រួលពីរបីដងហើយ ជាមួយក្រសួងយុត្តិធម៌ ប្រហែលជាអាចមានគន្លឹះខ្លះនឹងសរសេរឲ្យចេញបាន»។
លោក លឹម វាន់ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការរៀបចំសេចក្ដីព្រាងច្បាប់នេះគឺដើម្បីជួយបង្កើនល្បឿនអភិវឌ្ឍន៍ ហើយក៏ដើម្បីការពារនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រយោជន៍សាធារណៈផងដែរ ៖ «បើយើងអត់មានច្បាប់គឺជាការខាត ហើយអាចបង្កឲ្យមានជនខ្លះគេឆ្លៀតពេលដែលអត់ទាន់មានច្បាប់ ធ្វើការបោកប្រាស់។ ខ្លះគ្រាន់តែលើកប៉ាណូឡើង មានគេចូលមកកក់លុយកក់អីៗ អត់បានធ្វើអីសោះ រត់ចោលបាត់ ឥឡូវយើងទប់ស្កាត់បានមួយចំនួនហើយ។ មានក្រុមហ៊ុនខ្លះ គេមានស្អីឯណា ត្រូវបង់មួយខែតែប៉ុន្មានដុល្លារនឹងទទួលបានដីទំហំប៉ុណ្ណេះប៉ុណ្ណោះ នៅត្រង់ណេះត្រង់ណោះ ចម្ងាយប៉ុន្មានពីភ្នំពេញ។ មិនដឹងដីហ្នុងនៅឯណាផង ហើយអ្នកហ្នឹងចេះតែនេះ រត់សំរុកគ្នាទៅបង់មួយខែៗ ដល់ចុងបញ្ចប់មិនដឹងដីហ្នឹងនៅឯណាផង»។
សូមជម្រាបថា ក្រោយពីបានឮដំណឹងស្ដីអំពីការរៀបចំឲ្យមានសេចក្ដីព្រាងច្បាប់នេះ តំណាងក្រុមហ៊ុនអចលនទ្រព្យមួយចំនួនបានសម្ដែងនូវការសប្បាយរីករាយ តែក៏មានតំណាងក្រុមហ៊ុនខ្លះដែរ ដែលបានសម្ដែងនូវភាពស្ទាក់ស្ទើរ ព្រោះពួកគាត់ខ្លាចក្រែងច្បាប់នេះ នឹងធ្វើឲ្យខាតបង់ដល់ប្រយោជន៍ជាតិ៕
